មុននេះបន្តិច​ គ្រូបង្រៀនម្នាក់​ចេញពីផ្សារឆេកូទៅ​ផ្ទះត្រូវចោរឆក់កាបូប​ដួលបោកក្បាលរបួសធ្ងន់

រាជធានីភ្នំពេញ​ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហាន​ដំបូងនៅប៉ុន្មាននាទីមុននេះថា ​គ្រូបង្រៀនម្នាក់​បានដួលបោកក្បាលទៅ​ក្រោយ​រងរបួសធ្ងន់​ធ្ងរ​​និងកំពុង​សង្រ្គោះបន្ទាន់​នៅមន្ទីរពេទ្យកាល់ម៉ែត្រ ​ដោយសារចោរពីរនាក់​ជិះម៉ូតូឆក់កាបូប ។

ហេតុការណ៍នេះ ​បានកើតឡើងនៅផ្លូវភ្លោះគីឡូម៉ែត្រលេខ៦​ មុខរោងចក្រ SKD ​ស្ថិតក្នុងភូមិស្ពានខ្ពស់ ​សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌប្ញស្សីកែវ ។

ជនរងគ្រោះឈ្មោះ​ ចំា វណ្ណា ភេទស្រី​ អាយុជាង៥០ឆ្នាំ ​ជាគ្រូបង្រៀន​ ជិះម៉ូតូម៉ាកវ៉េវ ​ព៌ណក្រហម ​ពាក់ស្លាកលេខ ភ្នំពេញ ​1CQ 7540 ​និងមានទីលំនៅក្នុងបូរីពិភពថ្មី នៅសង្កាត់បឹងឈូក ។

សេចក្តីរាយការណ៍បានបន្តថា ​​មុនពេលកើត​ហេតុជនរងគ្រោះបានជិះម៉ូតូ​ចេញពីផ្សារឆេកូ​ ក្នុងបំណងឆ្ពោះមកផ្ទះ ​ស្រាប់តែមកដល់​កន្លែងកើតហេតុ​ខាងលើក៍លេចមុខជន​សង្គមងងឹតពីរ​នាក់ជិះម៉ូតូមួយគ្រឿងមិន​ស្គាល់ម៉ាកមកអែបឆក់កាបូប​បាន​សម្រេចនិងដាច់ខ្សែ.ក​បណ្តាលឲ្យជនរងគ្រោះ​ដួលរងរបួសធ្ងន់តែម្តង ៕