វេទិកាសេរី​បកអាក្រាត​រឿង​បូម​ខ្សាច់​ធ្វើ​ឱ្យ​ខូច​បរិស្ថាន​ទឹក

ខេត្តសៀមរាប ៖ កន្លង​មកនេះ នៅ​ភូមិ​ត្រាច ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក្រោម​ការ​ដឹកនាំ​របស់​ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​ត្រាច ធ្វើ​ចលនា​បាតុកម្ម​បាន​កើត​ឡើងជា​រឿយ​ៗ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ចំនួន​២​ចំណុច   គឺ​បញ្ហា​ទី​១ ការ​កើតទុក្ខ​មិន​សុខចិត្ត ដោយ​មាន​រថយន្ត​ដឹក​ខ្សាច់​បើកបរ​ឆ្លងកាត់​ផ្លូវ​ក្នុងភូមិ និង​បញ្ហា​ទី​២ គឺ​ការ​កើតទុក្ខ​មិន​សុខចិត្ត ដោយ​មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ទឹក បង្ក​ឲ្យ​មាន​ទឹកល្អក់​ហូរ​ចូល​ស្រែ ចូល​ភូមិ  ធ្វើ​ឲ្យ​ក្របី គោ​ផឹក​មិន​បាន ដាំ​ដំណាំ​អ្វី​ក៏​មិនកើត​ធ្វើ​ឱ្យ​ទាំង​ព្រះសង្ឃ និង​អ្នក​ភូមិ​ខឹង​ខ្លាំង​ណាស់ ។ 

បញ្ហា​ខាងលើ​នេះ ត្រូវ​បាន​លើក​ឡើង​ក្នុង​វេទិកា​ថ្នាក់​ជាតិ​នៅ​ឃុំ និង​នៅ​ស្រុក ហើយនឹង​បាន​កោះ​ប្រជុំ​សម្របសម្រួល​ដោះស្រាយ​នៅ​សាលាឃុំ​ផង​ដែរ  ហើយ​បញ្ហា​ទី​១ ត្រូវ​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ប៊ូ លឿម មេឃុំ​បល្ល័ង្ក ។
   
លោក ប៊ូ លឿម មេឃុំ​បល្ល័ង្ក បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា នេះ​ថា ការ​ធ្វើ​ដំណោះស្រាយ​ចុង​ក្រោយ អំពី​បញ្ហា​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​បង្ក​ឲ្យ​ខូច​បរិស្ថាន​ទឹក គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០១៥​។ លោក​បាន​បន្ត​ថា  ក្នុង​កិច្ចប្រជុំ​ធ្វើ​ដំណោះស្រាយ​នា​ពេល​នោះ ត្រូវ​បាន​រំសាយ​ក្រោយ​ពី​ម្ចាស់​ក្រុមហ៊ុន​បាន​បង្ហាញ​លិខិត​អនុញ្ញាតិ​ឲ្យ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ក្នុង​តំបន់​នោះ ចេញ​ដោយ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តសៀមរាប ។  លោក​មេឃុំ​ក៏​បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា  លើ​ផ្ទៃដី​ដែល​ត្រូវ​បាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នោះ គឺ​ប្រជាពលរដ្ឋ​ខ្លួនឯង​ជា​អ្នកលក់​ឲ្យ​ក្រុមហ៊ុន ។

ថ្មី​ៗ​នេះ ប្រជាពលរដ្ឋ​ភូមិ​ត្រាច បាន​ផ្ញើរ​ញត្តិ​ឲ្យ​ទៅ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯកជន​ក្នុង​ប្រទេស ដោយ​សំណូមពរ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​អំពី​ការ​តវ៉ា​របស់​ពួក​គាត់​ដែល​មាន​បំណង​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ចេញពី​តំបន់​នោះ ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​តំបន់​នោះ មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ចំនួន​៣១-​ក្រុមហ៊ុន លី​-​អ៊ុំ​អេ​ង  ២-​ក្រុមហ៊ុន អ៊ា​ង ចំរើន  និង​៣-​ក្រុមហ៊ុន ម៉េ​ង ហួរ  ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព