ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ដែល​គ្មាន​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប

ខេត្តកំពង់ស្ពឺ ៖ របរ​រកស៊ី​ឈើ​ប្រណីត​នៅ​តែ​បន្ត​កើត​មាន​ជា​រៀង​រាល់​យប់ ក្នុង​នោះ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ហាក់បីដូចជា​មាន​ឥទ្ធិពល​លើ​សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ស្ពឺ​ខ្លាំង​ណាស់​។

ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០១៥ ឈ្មួញ​ឈើ​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ​ណុ​ប ឌី រស់នៅ​ក្នុងភូមិ​ដំបង​វិញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ បាន​ប្រមូល និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​បេង ធ្នង់ ជា​ច្រើន​ម៉ែត្រគូប ចេញពីផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ដំបង​វិញ នេះ​ផង​ដែរ​។ នៅ​ពេល​មាន​សេចក្តីរាយការណ៍​អំពី​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នេះ គឺ​សមត្ថកិច្ច​តូចតាច​ហាក់បីដូចជា​ស្ទាក់ស្ទើរ ដោយ​ម្នាក់​ៗ​បាន​ត្រឹមតែ​ជិះ​រថយន្ត​ទៅ​មើល​ឈើ​ប៉ុណ្ណោះ ហើយ​បាន​ព្រលយ​ពាក្យ​ថា ពិបាកធ្វើ​ណាស់ ពីព្រោះ​សុទ្ធតែ​គ្នា​ឯង​។ ការ​និយាយ​បែប​នេះ ក្រុម​សមត្ថកិច្ច​ហាក់បីដូចជា​យល់​ច្បាស់​ថា ឈ្មួញ​ឈ្មោះ​ណុ​ប ឌី នេះ បាន​ទាក់ទង​មេ​ៗ​អស់ហើយ ទើប​មន្ត្រី​តូចតាច​មិន​ហ៊ាន​បង្ក្រាប​។

ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា បើ​ប្រជាពលរដ្ឋ​ដឹកអុស ធ្យូង ឈើ​អារ មក​ធ្វើ​ផ្ទះ​ត្រូវ​អស់លោក​សមត្ថកិច្ច​ទាំង​តូច ទាំង​ធំ​គ្រប់​ស្ថាប័ន​ជំរិត​ទារប្រាក់​រាប់​សែន​រៀល ក្នុង​១​គោ​យន្ត បើ​មិន​ឱ្យ​ទេ ច្បាស់​ជា​យក​ទាំង​គោ​យន្ត​ទៅ​ទុក​កន្លែង​គេ ។ តែបើ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ឈ្មោះ​ណុ​ប ឌី នេះ​វិញ មិន​ដែល​ឃើញ​អស់លោក​ទាំង​អស់នេះ បង្ក្រាប​បាន​ម្តងណា​ឡើយ​។

មន្ត្រី​នគរបាល​ស្រុក​ឱ​រ៉ា​ល់​មួយ​រូប បាន​បង្ហើប​ថា ឈើ​របស់​ឈ្មោះ​ណុ​ប ឌី ដែល​ដឹក​ចេញពី​ស្រុក​ឱ​រ៉ា​ល់​នេះ គឺ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ទំ​រាំ​ទៅ​ដល់​ប្រទេស​វៀតណាម​នោះ គឺ​ឆ្លងកាត់​ខេត្តតាកែវ និង​ខេត្តកំពត​ផង​ដែរ តែ​ដោយ​ការ​បង់​លុយកាក់​ទៅ​ឱ្យ​គ្រប់​ជំនាញ​នោះ ទើប​មិនសូវ​មានការ​ចាប់​បង្ក្រាប​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព