លោក​ខៀវ កាញារីទ្ធ ៖ កាសែត​មួយចំនួនធំ មានតែ​ឈ្មោះ​ប៉ុណ្ណោះ មិនមាន​ការចេញផ្សាយ​ជាប្រចាំ​

ភ្នំពេញ: បច្ចុប្បន្ន កម្ពុជា មាន​កាសែត និង​ទស្សនា​វ​ដ្តី​ចំនួន​ជាង ៦០០ អង្គភាព បានធ្វើការ​ចេញផ្សាយ​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ និង​មួយចំនួនធំ​ទៀត មានតែ​ឈ្មោះ​ប៉ុណ្ណោះ មិនមាន​ការចេញផ្សាយ​ជាប្រចាំ​នោះទេ​។

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើងថា ព័ត៌មាន​នៅក្នុង​បណ្តាញ​សង្គម វា​គ្រាន់តែ​ជា​ចំណេះដឹង​តូច​មួយ​ប៉ុណ្ណោះ វា​មិនបាន​ផ្តល់នូវ​ចំណេះ​គិត​នោះទេ ប៉ុន្តែ​ការផ្សាយ​តាម​កាសែត ទស្សនា​វ​ដ្តី និង​គេហទំព័រ វា​ជាការ​ផ្សាយ​ដែលមាន លក្ខណៈ​ស្រាវជ្រាវ​គ្រប់គ្រាន់ និង​មានការ​ទទួលខុសត្រូវ ដែល​អាចឱ្យ​យើង​មានការ​យល់ដឹងបាន​ស៊ីជម្រៅ​។​

​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជកម្ម ថា នៅក្នុង​សង្គម យើង​ត្រូវការ​ចំណេះ​បី​ជាសំខាន់​រួមមាន ចំណេះដឹង ចំណេះធ្វើ និង​ចំណេះ​គិត​។ ដូច្នេះ​យើងទាំងអស់គ្នា​ខិតខំ​ធ្វើយ៉ាងណា​ឱ្យមាន​ចំណេះ​ទាំងបី​នេះ ដើម្បី ចូលរួម​ក្នុង​ការកសាង​សង្គមជាតិ​យើង​ឱ្យមាន​ការរីកចម្រើន និង​អភិវឌ្ឍន៍​ឱ្យបាន​ឆាប់រហ័ស​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម មិនមាន​ការទទួលខុសត្រូវ​ឡើយ លើកលែងតែ​ការជេរប្រមាថ បរិហារកេរ្តិ៍​គេ នោះ​ត្រូវ​មានទោស​នៅពេល​គេ​ប្តឹង ហើយ​ចំពោះ​ការផ្សាយ​តាម​កាសែត ទស្សនា​វ​ដ្តី គេហទំព័រ​វិញ វិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងឡាយណា​មានច្បាប់​ត្រឹមត្រូវ បើសិនជា​ផ្សាយ​ខុស​នោះ នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ផងដែរ​ថា បច្ចុប្បន្ន មាន​កាសែត និង​ទស្សនា​វ​ដ្តី​ចំនួន​ជាង ៦០០​អង្គភាព ដែលជា​ចំនួន​មួយ​ដ៏​ច្រើន បើ​ប្រៀបធៀប​ទៅនឹង​ដង់ស៊ីតេ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​កាសែត ទស្សនា​វ​ដ្តី​ជាង ៦០០​អង្គភាព​នោះ បានធ្វើការ​ចេញផ្សាយ​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ និង​មួយចំនួនធំ​ទៀត មានតែ​ឈ្មោះ​ប៉ុណ្ណោះ មិនមាន​ការចេញផ្សាយ​ជាប្រចាំ​នោះទេ​។
​លោក​រដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​ទៀតថា ទោះបីជា​យ៉ាងនេះ​ក្តី វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទូទៅ ក្នុងការ​ស្នើសុំ​បើក​កាសែត​បោះពុម្ពផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិនមាន​ការហាមឃាត់​នោះឡើយ​៕​

លោក​ខៀវ កាញារីទ្ធ ៖ កាសែត​មួយចំនួនធំ មានតែ​ឈ្មោះ​ប៉ុណ្ណោះ មិនមាន​ការចេញផ្សាយ​ជាប្រចាំ​

លោក​ខៀវ កាញារីទ្ធ ៖ កាសែត​មួយចំនួនធំ មានតែ​ឈ្មោះ​ប៉ុណ្ណោះ មិនមាន​ការចេញផ្សាយ​ជាប្រចាំ​