តុល្យការ​នៃ​ការខូចខាត ដោយ​ជំនន់​ទឹកភ្លៀង​

Sanofi

​ជំនន់​ដោយ​ទឹកភ្លៀង​ដែល​បាន​បង្កឡើង​ដោយ​ខ្យល់​សម្ពាធ​ទាប​ក្នុង​កំលុង​ខែកញ្ញា ឆ្នាំ ២០១៥ នេះ បាន​វាយប្រហារ​យ៉ាងគំហុក​ទៅលើ​រាជធានី ខេត្ត ក្រុង មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស ទៅលើ​ដំណាំ​ស្រូវ និង ដំណាំ​ហូប​ផ្លែ​រាប់សិប​ហិកតារ ។ ក្រៅពី​ធ្វើ​ឲ្យ​ប៉ះពាល់ ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ និង លិចលង់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ហើយ​នោះ ហេតុការណ៍​គ្រោះធម្មជាតិ​ដ៏​អាក្រក់​នេះ​ក៏បាន​ធ្វើឱ្យ​ក្មេងស្រី​នៅ​ខេត្តបាត់ដំបង​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ផងដែរ​។​

​ជំនន់​ដោយ​ទឹកភ្លៀង​នេះ បានចាប់ផ្តើម​ជន់​លិច​នៅតាម​បណ្តា​ខេត្ត ក្រុង​មួយចំនួន ហើយ​ក៏បាន​បំផ្លាញ​នូវ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​របស់​រដ្ឋ​ផងដែរ ។ ឯកឧត្ដម កែវ វី នាយក​ខុទ្ទកាល័យ និង ជា​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់ « ប្រជាប្រិយ​»​ថា គ្រោះទឹកជំនន់ ឬ ជំនន់​ទឹកភ្លៀង ចាប់ផ្តើម​វាយប្រហារ​តាំងពី​ថ្ងៃទី ១៥ ដល់​ថ្ងៃ ទី ២១ ខែកញ្ញា ឆ្នាំ ២០១៥ នេះ បានធ្វើការ​វាយប្រហារ ឬ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត ក្រុង​ចំនួន ៧ ក្នុងនោះ​មានដូចជា​ខេត្ត កំពត កោះកុង ក្រុងព្រះសីហនុ បន្ទាយមានជ័យ ប៉ៃលិន កែប និង​ខេត្តបាត់ដំបង ។

ខេត្ត​ដែល​ទទួលរង​ការគំរាមកំហែង ដោយ​ជំនន់​ទឹកភ្លៀង​ខ្លាំងជាងគេ គឺ​ខេត្តកំពត បាត់ដំបង និង ខេត្ត​ប៉ៃលិន​។ នៅក្នុង​ខេត្ត​ទាំង ៧ នេះ មានការ​ប៉ះពាល់​ចំនួន​១៧​ស្រុក ហើយ​គ្រួសារ​ប្រជាជន ដែល​ប៉ះពាល់​ខ្លាំង មាន​ទាំងអស់​ចំនួន ៨១៧០ គ្រួសារ ។ លោក​បាន​បន្តថា គ្រោះទឹកជំនន់ ដែល​ធ្វើឱ្យ​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នេះ គឺ​រហូតដល់​មានការ​ជម្លៀស​ប្រជាជន​ចេញ​រហូតដល់ ៧៨៩ គ្រួសារ​ឯណោះ ហើយ​ខេត្ត​ដែល​ជម្លៀស​ប្រជាពលរដ្ឋ​ច្រើនជាងគេ​គឺមាន​ខេត្ត​ប៉ៃលិន និង ខេត្តបាត់ដំបង​។ ចំពោះ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ដែល​លង់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នោះ​មាន​រហូតដល់ ៧ ៩៥៩ ខ្នង ។

ក្រៅពី​មានការ​លិចលង់​ផ្ទះសម្បែង​ក៏ដូចជា​ជម្លៀស​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ពី​ផ្ទះសម្បែង ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ពាក់កណ្តាល​ខែកញ្ញា​កន្លង​ទៅនេះ បាន​វាយប្រហារ និង ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ដំណាំ​កសិកម្ម​យ៉ាង​ធ្ងន់​ផងដែរ ដោយ​ក្នុងនោះ ដំណាំ​ស្រូវ​ដែល​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង មាន​រហូតដល់​ទៅ ៣ ៧១០ ហិកតារ​ឯណោះ ។ ចំពោះ​ដំណាំ​រួមផ្សំ​ដែលមាន​ការខាតបង់​ច្រើន ជាងគេ​គឺ​នៅ​ខេត្ត ប៉ៃលិន និង ខេត្តបាត់ដំបង ដែលមាន​ទំហំ​ផ្ទៃដី​ខូចខាត​រហូតដល់ ៧ ៩៤៣ ហិកតារ​ឯណោះ ដែល​ដំណាំ​រួមផ្សំ​ទាំងនោះ​រួមមាន សណ្តែកសៀង សណ្តែកបាយ ល្ង ពោត​ជាដើម ហើយ​ដំណាំ​ដែលមាន​ផ្ទៃដី​ខូចខាត​ច្រើនជាងគេ​គឺ​ដំណាំ​ដំឡូង​មី ។​

ដោយឡែក ចំពោះ​ខេត្តកោះកុង និង ក្រុងព្រះសីហនុ ដែល​ទទួលរង​ផលប៉ះពាល់​ពី​ខ្យល់ព្យុះ​កន្ត្រាក់​ខ្លាំងជាងគេ​នោះ គឺមាន​ការដួលរលំ​ផ្ទះ​ប្រជាពលរដ្ឋ​រហូត​ទៅដល់ ៧ ខ្នង ហើយ​ផ្ទះ​ដែល​របើក​ដំបូល​ជញ្ជាំង និង ខូចខាត​ជា​មធ្យម​នោះ មាន​ចំនួន ៣២០ ខ្នង រួម​នឹង​ទូក​នេសាទ ២ គ្រឿង​ត្រូវបាន​លិច​ទឹក​ផងដែរ ។​
​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ឯកឧត្តម នាយក​ខុទ្ទកាល័យ និង ជា​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានបញ្ជាក់​ឱ្យដឹងថា ផ្លូវលំ​ជាច្រើន​ខ្សែ​ត្រូវបាន​លិច​ទឹក ហើយ​ខេត្ត​ដែល​រង​ការខូចខាត​ផ្លូវលំ​ច្រើនជាងគេ គឺ​ខេត្តបាត់ដំបង ដែល​កន្លែង​ខ្លះ​មានទឹក​លិច​ផ្លូវ​រហូតដល់​ទៅជា​ង ១០ គីឡូម៉ែត្រ​ឯណោះ ដែល​អាច​ខូ​ត​ខាត ដោយ​អន្លើៗ​ផងដែរ បន្ទាប់ពី​ទឹក​ស្រក​ទៅវិញ​នោះ ។ ក្រៅពីនេះ ក៏មាន​ការ​ប្រេះ​ផ្លូវ​ឡើងទៅ​រមណីយដ្ឋាន​បូកគោ និង​ផ្លូវ​ឡើងទៅ​ប្រាសាទព្រះវិហារ​ក៏ត្រូវ​ប្រេះ​ដាច់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ ។

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ជំនន់​ទឹកភ្លៀង​នេះ បានធ្វើ​ឲ្យ​កុមារី​ម្នាក់​អាយុ ១៣ ឆ្នាំ នៅ​ស្រុក​បរវេល ខេត្តបាត់ដំបង បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារតែ​ការ​លង់ទឹក​នៅក្នុង​ករណី​គ្រោះទឹកជំនន់​នេះ​។
​សយ ស៊ីណា​

Related