រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទាមទារ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ជន​បាញ់សម្លាប់​មន្ត្រីរដ្ឋបាល​ព្រៃឈើ

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ចេញមុខ​ថ្កោលទោស​ចំពោះ​ហេតុ​ការបាញ់ប្រហារ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​នគរបាល​ខេត្តព្រះវិហារ​។ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ទាំងពីរ ក៏បាន​ទាមទារ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ស្រាវជ្រាវ​រកឲ្យឃើញ​ដាច់ខាតជនល្មើស ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក អ៊ាង សុផល្លែត អ្នកនាំពាក្យ​ក្រសួងកសិកម្ម  បាន​ថ្កោលទោស​ចំពោះ​ករណី ដែល​លោក​ហៅថា​ជា​រឿង​មិនគួរ​កើតឡើង​នេះ​។ «​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម បានទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត និង​តាមដាន​ករណីនេះ តាំងពី​ដឹង​ហេតុការណ៍​ភ្លាមៗ​»​។ នេះ​ជា​បញ្ជាក់​របស់លោក លោក អ៊ាង សុផល្លែត ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅថ្ងៃអាទិត្យទី៨ខែវិច្ឆិកា​។ លោក បញ្ជាក់បន្ថែម​យ៉ាងនេះ​ថា​៖«​ជនដៃដល់ ដាច់ខាត​ត្រូវតែ​រក​ឲ្យ​ឃើញ ដើម្បី​រក​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ដើម្បី​បង្ហាញ​ពី​ការអនុវត្តន៍​ច្បាប់​»​។

​ចំណែក លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ក៏បាន​អំពាវនាវ​ឲ្យ​ស្វែងរក​ឃាតករ​ឲ្យ​បានដែរ​។ លោក​ក៏បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃអាទិត្យដែរ​ថា​៖«​មិនអាច​ឲ្យ​ឃាតករ​រួចខ្លួន​ឡើយ ត្រូវ​តាមរក​ឲ្យ​ឃើញ ដើម្បី​រក​យុត្តិធម៌​ដល់​មន្ត្រី​ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត​សម្រាប់​ប្រទេសជាតិ ការពារ​ព្រៃឈើ និង​សត្វព្រៃ​របស់​កម្ពុជា​»​។ 

​សូមបញ្ជាក់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ និង​នគរបាល​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​របួស ដោយសារ​ការបាញ់ប្រហា​រ​ពី​ជន​មិន​ស្គាល់មុខ កាលពី​ម៉ោង​ប្រមាណ​១​យប់​រំលង​អា​ធ្រា​តុ ឈានចូល​ថ្ងៃទី​៧ ខែវិច្ឆិកា​។  ករណី​បាញ់ប្រហារ​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​សែន​រុងរឿង​៣ ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។  ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ សៀង ណា​រ៉ុង​ជា​ប្រធាន​ក្រុម​ល្បាត​រដ្ឋបាល​ព្រៃឈើ និង​ឈ្មោះ សាប់ យស់ ជា​មន្ត្រីនគរបាល​ស្រុក​ឆែប​។ ចំណែក​អ្នករងរបួស ឈ្មោះ ភេទ សុភា​ន់ មន្ត្រីនគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​១០៥ ។ ហេតុការណ៍​នេះ​កើតឡើង​ក្រោយ​ពេលដែល​ក្រុម​ល្បាត ចុះ​ចាប់​ម៉ាស៊ីន​អារឈើ​ចំនួន​២​គោលដៅ​ពី​ក្រុម​ឈ្មួញ​ខុសច្បាប់​៕