ប្រជាជនមីយ៉ាន់ម៉ា៖ ប្រទេសយើងត្រៀមខ្លួនរួចរាល់​ហើយសម្រាប់​ការផ្លាស់ប្តូរ

រូបភាព៖ហ្វេសប៊ុកគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតកំពុង​បន្តដំណើរទៅមុខ គេឃើញ​ប្រជាជន​មីយ៉ាន់ម៉ា​បង្ហាញ​ស្នាមញញឺម និងទឹកមុខរីករាយ បន្ត​ចាកចេញ​ពីផ្ទះទៅកាន់​ការិយាល័យបោះឆ្នោត។​ បើ​យោងតាម​ Asia Correspondent ក្មេងៗដែល​មិនធ្លាប់​បោះឆ្នោត​សោះ​នោះបានបង្ហាញអារម្មណ៍រីករាយ​មែនទែន។  ចំណែកប្រជាជនចាស់ធ្លាប់​ឆ្លងកាត់​ការបោះឆ្នោត​កន្កងមកនោះ​បានអះអាង​ថា​ការ​បោះឆ្នោតលើក​នេះ​ជាឱកាសពិសេសនិងជាបទពិសោធន៍ល្អបំផុត។ ពួកគេភាគច្រើន​បាន​អះអាងថា ពួកគេ​ត្រៀម​ខ្លួន​ដើម្បីបោះឆ្នោតឈានទៅរក​ការ​ផ្លាស់ប្តូរ។

ប្រជាជន​មីយ៉ាន់ម៉ា​ក្មេង​ចាស់​ ប្រុស ស្រី​បន្ត​ចេញដំណើរ​ទៅកាន់ការិយាល័យ​បោះឆ្នោតទាំងទឹកមុខរីករាយ។ ម្នាក់ៗរូតរះ​ចេញពីផ្ទះ​តាំងពីព្រលឹមព្រាង​ដើម្បី​បានបោះឆ្នោត​មុនគេ ជាពិសេស​ក្មេងៗទើប​បានបោះឆ្នោតជាលើកដំបូង។ ក្មេង​ៗជាច្រើន​បង្ហាញ​អារម្មណ៍រំភើប​ខ្លាំងនៅពេល​ដែលពួកគេ​បាន​ទៅដល់ការិយាល័យ ខ្លះថា​ខ្លួនភ័យផង អរផងពេលគូសសន្លឹកឆ្នោត។ អ្វីដែល​ពិសេសនោះពួកគេអះអាង ប្រទេសជាតិរបស់ពួកគេដល់ពេលត្រូវផ្លាស់ប្តូរហើយ។

ថាក្មេងៗចុះ​ដែលមិនធ្លាប់​បោះឆ្នោត ទើបរីករាយនិងភ័យផងអរផង ប៉ុន្តែចាស់ៗឯណោះវិញក៏មិនសូវខុសគ្នាដែរ​។ ស្ត្រីវ័យកណ្តាលម្នាក់ឈ្មោះ Ohnmar ដែលបាន​មក​ដល់​ការិយាល័យ​តាំងពីព្រលឹមបាន​រៀបរាប់ថាលោកស្រី សម្រាន្តមិន​លក់​សោះពេញមួយយប់ហើយព្រោះ​ចង់បោះឆ្នោត។ ស្ត្រីម្នាក់វ័យ៣៨ម្នាក់នេះបាន​បន្តថា ៖« ខ្ញុំមកបោះឆ្នោតព្រោះខ្ញុំចង់មានការផ្លាស់ប្តូរទៅរកស្ថានភាព​ប្រសើរឡើងក្នុងប្រទេសខ្ញុំ។ហើយខ្ញុំគិតថាលោកស្រី អ៊ុងសាន ស៊ូជី នឹងឈ្នះឆ្នោតប្រសិនបើការបោះឆ្នោត​នេះ​សេរី ត្រឹម​ត្រូវ និងយុត្តិធម៌»។

លោក Ye Nan Thiek គ្រូពេទ្យ​នៅ​មន្ទីរពេទ្យក្នុងទីក្រុងរ៉ង់ហ្គូន បាន​អះអាងថា៖ «ខ្ញុំមិនអាចនិយាយប្រាប់បានទេថាអ្នកណាខ្ញុំនឹងបោះឆ្នោតឲ្យ។ ប៉ុន្តែខ្ញុំគិតថា ប្រទេសខ្ញុំត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការបោះឆ្នោតដើម្បីផ្លាស់ប្តូរ»។   លោក Ye ជាគ្រូពេទ្យម្នាក់​ដែល​ចំណាយលុយផ្ទាល់ខ្លួនដើម្បីទិញឱសថព្យាបាលអ្នកជំងឺ ហើយលោកអះអាងថា មានតែការបោះឆ្នោតនេះប៉ុណ្ណោះដែលអាច​ជួយឲ្យវិស័យសុខាភិបាលដែលកំពុងដុនដាបនេះបានប្រសើរឡើងវិញ។

ចំណែកយុវជនម្នាក់វ័យ​២៨ឆ្នាំដែលរស់នៅតំបន់ Mandalay លោក Myo Min Seo បាន​បង្ហាញអារម្មណ៍និងឆន្ទៈមោះមុតចង់ឲ្យមានការផ្លាស់ប្តូរដោយមានលោកស្រី អ៊ុងសាន ស៊ូជី ​ដឹកនាំប្រទេស។ លោកថា ៖« ខ្ញុំមានក្តីសង្ឃឹមខ្ពស់ខ្លាំងណាស់​ដែលថា​លោកស្រី ស៊ូជី នឹងឈ្នះឆ្នោត។ ខ្ញុំមិនគិតថា ក្រុមមេដឹកនាំ​បច្ចុប្បន្ន​ហ៊ាន​ធ្វើរដ្ឋប្រហារឡើយ ព្រោះគ្មានប្រជាជន​ណាមួយគាំទ្រពួកគេទេ។ ហើយប្រសិនពួកគេហ៊ានធ្វើ​ ពួកយើងជាប្រជាជនក៏នឹងមិនខ្លាចបង្ហូរឈាមពួកគេវិញដែរ។ វាពិបាកណាស់សម្រាប់ពួកគេក្នុងការ​ទប់ស្កាត់ឆន្ទៈប្រជាជនមួយប្រទេស»។

រីឯយុវជនជនជាតិភាគតិចម្នាក់​មក​ពីរដ្ឋសាន Nang Nom Kham វ័យ២០ឆ្នាំ បាន​បង្ហាញ​ក្តីរំភើបនិងរំពឹងការបោះឆ្នោតនឹងផ្លាស់ប្តូរជីវភាព​រស់នៅនិងសិទ្ធិសេរីភាព​របស់ជនជាតិភាគតិចទូទៅដោយបញ្ចប់​ជម្លោះប្រដាប់អាវុធ។ យុវជនរូបនេះបានសង្កត់ធ្ងន់ថា៖«ខ្ញុំសង្ឃឹមថាការបោះឆ្នោតនេះនឹងផ្តល់ប្រយោជន៍ដល់ក្រុមជនជាតិ​ភាគតិចក្នុងប្រទេសមីយ៉ាន់ម៉ាទាំងមូលជាពិសេសបញ្ឈប់សង្គ្រាមនិងឈានដល់​បង្កើតការចរចា​។ ខ្ញុំគិតថា ប្រជាជន​មីយ៉ាន់ម៉ារួមទាំង​ប្រជាជន​ក្នុងរដ្ឋសាន​ត្រៀមខ្លួនរួចរាល់ហើយដើម្បីបោះឆ្នោតរើសមេដឹកនាំ ទោះជាស្ថានភាពនៅតំបន់ភាគខាងជើងរដ្ឋសាន​មាន​ការលំបាក​ព្រោះ​ជម្លោះប្រដាប់អាវុធក៏ដោយ»៕

​