អ្នក​អត្ថាធិប្បាយ​ម្នាក់​ត្រូវបាន​បញ្ឈប់​ការងារ​ដោយសារ​ដេក​ស្រមុក នា​អំឡុង​ជំនួប Real-PSG

​កាលពី​រាត្រី​ថ្ងៃ​អង្គារ Real Madrid បាន​យកឈ្នះ Paris Saint Germain ១-០ ក្នុងការ​ប្រកួត​ក្របខណ្ឌ Champions League​។ ការប្រកួត​នេះ ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​ទូទាំង​ពិភពលោក ក្នុងនោះ​មាន​ចិន​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក Dong Lu ដែលជា​អ្នក​អត្ថាធិប្បាយ​របស់​ទូរទស្សន៍ LeTV បាន​ដេកលក់ ហើយ​គេ​បានលឺ​សំឡេង​ស្រមុក​របស់លោក​នា​អំឡុង​នៃ​ការប្រកួត​។

​នៅ​ប្រទេស​ចិន កម្មវិធី​ប្រកួត​ក្របខណ្ឌ Champions League មាន​គម្លាត​ម៉ោង​ខុសគ្នា​ឆ្ងាយ​ពី​ការប្រកួត​ផ្ទាល់ ពោលគឺ​ចំពាក់​កណ្តាល​អា​ធ្រា​ត្រ​។ នៅក្នុង​ការប្រកួត Real Madrid-PSG នេះ ទូរទស្សន៍ LeTV បានជ្រើសរើស​លោក Dong Lu អ្នកកាសែត​កីឡា​វ័យ​៤៦​ឆ្នាំ និង​មានបទពិសោធន៍​ជាង​២០​ឆ្នាំ​ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​។​

​លោក Dong Lu ដែល​មើលទៅ​ដូចជា​អស់កម្លាំង ជាមួយនឹង​ការប្រកួត​ដែល​ចាប់ផ្តើម​នៅ​ម៉ោង ៣ និង​៤៥​នាទី យប់​នៅ​ចិន​នោះ បាន​លង់​ក្នុង​ដំណេក​។ ទូរទស្សនិកជន​បាន​អះអាងថា ពួកគេ​បានលឺ​សំឡេង​ស្រ​ម៉ុក​របស់លោក Lu ជិត​២០​នាទី​ឯណោះ​។​

​បើតាម Daily Mail លោក Dong Lu ត្រូវបាន​បញ្ឈប់​ពី​ការងារ បន្ទាប់ពី​គាត់​បានធ្វើការ​សុំទោស​ជា​សារ​ធារ​ណៈ​ចំពោះ​កំហុស​អ​ចេតនា​របស់ខ្លួន​៕