នាវា​ឆ្មាំ​សមុទ្រ​ឥណ្ឌា​ចូល​ចត​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​ឆ្មាំ​សមុទ្រ​ប្រទេស​ឥណ្ឌា​មួយ​គ្រឿង បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​កាលពី​វេលា​ម៉ោង​8​និង​30​នាទី​ព្រឹក ថ្ងៃ​ទី​០7 វិច្ឆិកា 2015 ក្នុង​គោលបំណង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា មាន​រយៈពេល​4​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០7 ដល់ទី​10 វិច្ឆិកា 2015 ។

នៅ​ក្នុង​ឱកាស​ចត​នាវា​ខាងលើ ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​លោក​ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការ​រង នាយ នាយ​រង ពល​ទាហាន​នៅ​ក្នុង​មូលដ្ឋាន​សមុទ្រ (​រាម​) ដោយ​ក្តី​រាក់ទាក់​កក់ក្តៅ​ក្រៃ​លែង ។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា នាវា​ឆ្មាំ​សមុទ្រ​ឥណ្ឌា​ឈ្មោះ N S SAMRAT មាន​បណ្តោយ​ប្រវែង​110​ម៉ែត្រ​និង​ទទឹង​13,7​ម៉ែត្រ ជម្រៅ​ទឹក​6​ម៉ែត្រ ទម្ងន់​ផ្ទុក​3.500​តោន ។ ក្នុង​របាយការណ៍​បាន​បញ្ជាក់​ផង​ដែរ​ថា នាវា​ខាងលើ​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមនាវីត្រី S K BHARAT RIYA មាន​នាវិក​សរុប​ចំនួន​131​នាក់ ។

លោក​ឧត្តមនាវីត្រី SK BHARATRIYA មេបញ្ជាការ​នាវា​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​លោក​ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការ​រង នាយ នាយ​រង ពល​ទាហាន​ជើងទឹក​កម្ពុជា ដែល​បាន​អញ្ជើញ​មក​ទទួល​ការ​ស្វាគមន៍​បាន​ផ្តល់​នូវ​ភាព​កក់ក្តៅ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​លោក​សង្ឃឹមថា នាវា​កងទ័ពជើងទឹក​កម្ពុជា នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​បង្កើន​ការ​រឹតចំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​យើង​ទាំង​ពីរ ជា​ពិសេស​ការ​រឹតចំណង​រវាង​រាជ​រដ្ឋា​ភិបាល​​យើង​ទាំង​ពីរ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​។