បុរស​ពោះម៉ាយ​បាត់​ពី​ផ្ទះ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ ទើប​ឃើញ​សាកសព​ហើម​ស្អុយរលួយ​នៅ​ក្នុង​អណ្តូងទឹក

ខេត្តបន្ទាយមានជ័យ ៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៥ ក្នុង​សភាព​ហើម​ស្អុយរលួយ​នៅ​ក្នុង​អណ្តូងទឹក ក្នុង​បរិវេណ​វត្ត​ព្រះ​ពន្លា ស្ថិត​ក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ពី​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា ជនរ​គ្រោះ​ឈ្មោះ វ៉ា​ត មិច ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជា​បុរស​ពោះម៉ាយ លែងលះ​ប្រពន្ធ​រយៈពេល​៣-៤​ឆ្នាំ​ហើយ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ ជន​រង​គ្រោះ​កើត​ជម្ងឺ​តេ​តា​នុស​ពុំដែល​បាន​ព្យាបាល​នោះ​ទេ ហើយ​ជន​រង​គ្រោះ​បាន​ដើរ​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​មក​ម្ល៉េះ មិនដឹង​ជា​ទៅ​ទីណា​នោះ​ទេ ទោះបី​ខំព្យាយាម​ដើរ​រក​ក៏​រក​មិនឃើញ លុះ​ល្ងាច​ថ្ងៃ​ម្សិលមិញ មាន​ព័ត៌មាន​ថា​មាន​សព​បុរស​ម្នាក់​នៅ​ក្នុង​អណ្តូងទឹក​វត្ត​ព្រះ​ពន្លា ពេល​មក​មើល​ទើប​ដឹង​ថា ឈ្មោះ វ៉ា​ត មិច ត្រូវជា​សាច់ញាតិ និង​ត្រូវជា​បង​ជា​ប្ងូ​ន​ដែល​បាន​បាត់​នោះ ។

នគរបាល​បាន​បញ្ជាក់​ថា សព​នេះ​គឺ​បាន​ស្លាប់​អស់​រយៈពេល​ជាង​២០​ថ្ងៃ​មក​ហើយ ព្រោះ​សព​ហើម​រលួយ​សល់​តែ​ឆ្អឹង ប៉ុន្តែ​ទាក់ទិន​នឹង​ករណី​ស្លាប់​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ហ៊ាន​អះអាង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ព្រោះ​កំពុងធ្វើការ​ស្រាវជ្រាវ ៕