អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ដកហូត​សម្ភារ​សំណង់​ខុសច្បាប់​របស់​ពលរដ្ឋ

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ វិច្ឆិកា ២០១៥ ក្រុមការងារ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ និង​កិច្ច​សហប្រតិបត្តិការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​១០​នាក់ បាន​ចុះ​ទៅ​ដកហូត​សម្ភារ​សំណង់​របស់​លោកស្រី ខូ​យ សុផល អាយុ​៣៦​ឆ្នាំ មានមុខរ​បរជា​អ្នកលក់​គ្រឿងសំណង់​នៅ​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ដែល​លួចលាក់​ធ្វើ​ផ្ទះ​ខុសច្បាប់​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ជា​រៀង​រាល់​យប់ ។

លោក​គង់ មរកត ប្រធាន​ស្តីទី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ និង​កិច្ច​សហប្រតិបត្តិការ​បាន​ប្រាប់​ថា  ករណី​ដែល​ឈាន​ដល់​ការ​ដកហូត​សម្ភារ​សំណង់​នេះ ព្រោះ​លោកស្រី ខូ​យ សុផល បាន​លួច​ធ្វើ​ផ្ទះ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ហាមឃាត់​មិន​ឱ្យ​មានការ​សាងសង់ និង​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ទៀត​ផង​។ លោក​បន្ត​ថា  មិនតែ​ប៉ុណ្ណោះ ទោះបី​ក្រុមការងារ​បាន​ជូនដំណឹង​ដកហូត​សម្ភារ ព្រមទាំង​ធ្វើ​លិខិត​ស្នាម​ឱ្យ​បញ្ឈប់​ការ​សាងសង់​ផ្ទះ​ជា​ច្រើន​លើក​រួច​មក​ហើយ​ក៏​ដោយ ក៏​គាត់​មិន​ព្រម​បញ្ឈប់​សកម្មភាព​សង់ផ្ទះ​របស់​គាត់​ដែរ គឺ​គាត់​មិន​ធ្វើ​នៅ​ពេល​ថ្ងៃ តែ​បន្ត​លួច​ធ្វើ​នៅ​ពេល​យប់​។

លោក មរកត បន្ត​ទៀត​ថា ការ​ដកហូត​សម្ភារ​កន្លង​មក មាន​ស៊ីម៉ង់​តិ៍ សម្ភារ​សំណង់ និង​សម្ភារ​របស់​ជាង ឃាត់​គ្រឿងចក្រ រុះរើ​សំ​យ៉ាប ចំណែក​លើក​នេះ គឺ​ដកហូត​បង្អួច​កញ្ចក់ និង​រថយន្ត​ភី​ក​អាប់​មួយ​គ្រឿង​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់ និង​កិច្ច​សហប្រតិបត្តិការ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យក​សម្ភារ​ដែល​ដកហូត​ទាំងនោះ មក​រក្សា​ទុក​នៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ និង​កិច្ច​សហប្រតិបត្តិការ  បន្ទាប់​ពី​ម្ចាស់​កម្មសិទ្ធិ​ចូលខ្លួន​មក​ដោះស្រាយ និង​ព្រម​បញ្ឈប់​សកម្មភាព​សាងសង់​ខុសច្បាប់​បន្ត​ទៀត ទើប​ធ្វើការ​ប្រគល់​ជូន​ម្ចាស់​កម្មសិទ្ធិ​វិញ​៕