អំណោយ​ស័ង្កសី និង​ឈើជូន​លោកយាយ​ចាស់ជរា​នៅ​ភូមិ​ខ្លាខាំ​ឆ្កែ ឃុំ​តា​ឡំ

ខេត្តបន្ទាយមានជ័យ ៖ លោក ឡុ​ង ពុន អភិបាល នៃ​គណៈ​អភិបាលស្រុក​មង្គល​បូ​រី នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៥​នេះ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ និង​ក្រុមការងារ ចុះ​ជួយ​ឃុំ​តា​ឡំ ដោយ​បាន​នាំ​យក​អំណោយ​ជា​ស័ង្កសី និង​ឈើ ទៅ​ជូន​លោកយាយ ហាស់ ផង់ អាយុ​៧២​ឆ្នាំ ជា​ជន​ចាស់ជរា រស់នៅ​មានកូន និង​ចៅ ក្នុង​បន្ទុក​ចំនួន​៥​នាក់​(​ស្រី​៣​នាក់​) មាន​ជីវភាព​ក្រីក្រ រស់នៅ​ភូមិ​ខ្លាខាំ​ឆ្កែ ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

លោក ឡុ​ង ពុន អភិបាលស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​អំពី​លំនៅ​ដ្ឋា​ន​របស់​លោកយាយ ហាស់ ផង់ ដែល​មាន​ជញ្ជាំង​ធ្លុះធ្លាយ ពិសេស​ដោយ​អនុវត្ត​នូវ​គោលការណ៍​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ ក្នុង​ការ​កែសម្រួល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ពី​ប្រក់​ដំបូល​ស្បូវ​ជា​ស័ង្កសី​នោះ ដោយឡែក​ផ្ទះ​លោកយាយ ហាស់ ផង់ គាត់​មាន​ដំបូល​ស័ង្កសី​រួច​ជា​ស្រេច ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​ជញ្ជាំង​ស្លឹក​មាន​សភាព​ចាស់​ធ្លុះ​ធ្លាយ​​មើល​ពី​ម្ខាង​ឃើញ​ទៅ​ម្ខាង ។ លោក​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ និង​ក្រុមការងារ​ចុះ​ជួយ​ឃុំ​តា​ឡំ ដែល​មានការ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មង្គល​បូ​រី​ផង​ដែរ​នោះ បាន​នាំ​យក​អំណោយ​ជា​ឈើ​ចំនួន​១៦​ដើម និង​ស័ង្កសី​ចំនួន​៣៥​សន្លឹក ដែល​ជា​អំណោយ​ផ្ទាល់​របស់​លោក និង​ក្រុមការងារ យក​មក​ប្រគល់​ជូន​លោកយាយ ដើម្បី​ជួសជុល និង​បាំងជញ្ជាំង​ផ្ទះ​ឲ្យ​បាន​ជិត​ល្អ ៕