កុមារា​អាយុ​៤​ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់​នៅ​ក្នុង​ឃុំ​កំពង់​ស្វាយ

ខេត្ត​កណ្តាល ៖ កុមារា​អាយុ​៤​ឆ្នាំ​ម្នាក់​បាន​លង់​ទឹក​ស្លាប់​គួរ​ឱ្យ​សង្វែក​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ម៉ោង​២​និង​៤៥​នាទី​រសៀល ថ្ងៃទី​០៧ វិច្ឆិកា ២០១៥ នៅ​ចំណុច​លូ​ទឹក​ស្ពាន​ជ្រោយ​ព្រីង ស្ថិត​ក្នុង​ភូមិ​កំពង់​ស្វាយ ឃុំ​កំពង់​ស្វាយ ស្រុកកៀន​ស្វាយ ។

កុមារា​រងគ្រោះ​ឈ្មោះ​ម៉េង រតនៈ អាយុ​៤​​ឆ្នាំ មាន​ឪពុក​ឈ្មោះ​តឹក ដេត អាយុ​២៨​ឆ្នាំ ចំណាក​ស្រុក​ធ្វើការ​នៅ​ប្រទេសថៃ និង​ម្តាយ​ឈ្មោះ​ម៉េង សុគីម អាយុ​៣០​ឆ្នាំ មុខ​របរ​កសិ​ករ​ រស់​នៅ​ភូមិ-ឃុំ​ខាង​លើ ។

បើ​តាម​ប្រភព​ពី​ក្មេង​តូចៗ​ដូច​គ្នា​ប្រហែល​៤​ទៅ​៥​នាក់ ដែល​ឃើញ​​ហេតុ​ការណ៍​នេះ​​​និយាយថា ពួក​គេ​បាន​ឃើញ​កុមារា​រងគ្រោះ​ដើរ​ចុះ​ពី​ផ្លូវ​លំ​ទៅ​លេង​ទឹក​ក្បែរ​មាត់​ព្រែក ត្រង់​លូ​ក្រោម​ស្ពាន​ដែល​មាន​​ទឹក​ហូរ ហើយ​ក៏​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ​លិច​បាត់ ។ ហើយ​ភ្លាម​នោះ ពួកគេ​ក្មេងៗ​ខ្លះ​ក៏​រត់​មក​ប្រាប់​ប្រជា​ពល​រដ្ឋ​ជិត​ខាង​ទៅ​ជួយ​មុជ​រាវ​រក ។

ប្រភព​ពី​ពល​រដ្ឋ​ជិត​ខាង​ឱ្យ​ដឹង​ដែរថា បន្ទាប់​ពី​មាន​ក្មេងៗ​រត់​មក​ប្រាប់​ថា មាន​មនុស្ស​លង់​ទឹក​​ភ្លាម​ពួកគាត់​ដែល​ជា​មនុស្ស​ចាស់​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចុះ​រាវ​រក​ ប៉ុន្តែ​រក​មិន​ឃើញ រហូត​ដល់​វេលា​ម៉ោង​២​និង​៤៥​នាទី​ថ្ងៃ​ដដែល ទើប​ឃើញ​សព​កុមារា​រង​គ្រោះ​ផុស​អណ្តែត​ឡើង ដោយ​ខ្លួន​ឯង​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​កន្លែង​លង់ ក៏​នាំ​គ្នា​ចុះ​ស្រង់​ប្រគល់​សព​ឱ្យ​ទៅ​ក្រុម​គ្រួសារ​តែ​ម្តង ។