ឈ្មួញ​ជ្រូក​ម្នាក់​​​ស៊ី​ដាច់​ជ្រូក​ច្រើន​ម្ចាស់​ហើយ… គួរប្រយ័ត្ន

ខេត្ត​ស្វាយ​រៀង ​៖ ​ឈ្មួញ​ទិញ​ជ្រូក​ម្នាក់​ឈ្មោះ​ ទិ​ត សុ​ជាតិ​ រង​ការ​ចោទប្រកាន់​ពី​​ម្ចាស់​ជ្រូកម្នាក់​​ថា ធ្វើ​នំ​អត់​ម្សៅ​បោក​យក​ជ្រូក​ទៅ​លក់​ស៊ីដាច់​មិន​ឲ្យ​ប្រាក់​ហើយ​ពេល​ម្ចាស់​ជ្រូក​ទៅ​សួរនាំ​​ទារ​យក​ប្រាក់​ថ្លៃ​ជ្រូក​ ប្រាប់​ថា ​គ្មាន​ប្រាក់​ទេ​ចាយ​អស់ហើយ​ ទៅ​ប្តឹង​ឯណា​ប្តឹង​ទៅ​ ធ្វើ​ឲ្យ​ម្ចាស់​ជ្រូក​ដែល​កំពុង​ខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ​ខឹងសម្បារ​មក​ប្តឹង​​នគ​របាល​ស្រុក​ស្វាយ​ជ្រំ​ជាង​២​ខែ​ គ្មាន​ដំណោះស្រាយ​ក៏​សុំ​ឲ្យ​អ្នក​សារ​ព័ត៌​មាន​ចុះ​ផ្សាយ​រក​បទ​អន្តរាគមន៍​​ជួយ​រក​យុត្តិធម៌​ ​កាលពីរ​វេលា​ម៉ោង​៩​​ព្រឹក​ថ្ងៃ​ទី​៨ ​វិច្ឆិកា​ ២០១៥​ នៅ​ភូមិ​អង្គាស​ដី​ ឃុំ​តា​សួ​ស​ ស្រុក​ស្វាយ​ជ្រំ​ ។

​ជន​រង​គ្រោះ​ឈ្មោះ​ ចាន់ ​ថា​ ភេទ​ស្រី ​អាយុ​៣៣​ឆ្នាំ​ ​​ជា​ម្ចាស់​ជ្រូក​​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៨​​​ វិច្ឆិកា ២០១៥​ ​ឈ្មោះ​ ទឹ​ត សុ​ជាតិ ភេទ​ប្រុស​ មុខរបរ​ជា​ឈ្មួញ​ទិញ​ជ្រូក​មាន​ទីលំនៅ​ភូមិ​ភ្នៅ​ ឃុំ​តា​សួ​ស​ ស្រុក​ស្វាយ​ជ្រំ​ បាន​មក​ទិញ​ជ្រូក​គាត់​​​ចំនួន​​៦​ក្បាល​ ស្មើ១៧៤​គីឡូក្រាម ​ដោយ​លក់​ក្នុង​១​គីឡូ​តម្លៃ ​៧.០០០​រៀល​ សរុប​​ចំនួន​១២៨.០០០០​រៀល​ ។

​​ឈ្មោះ​ ទឹ​ត ​សុ​ជាតិ​ បាន​មក​ទិញ​ថ្លឹង​រួច​គិតលុយ​ប្រាប់​ថា​ សុំ​ជំពាក់​សិន​ចាំ​លក់​បាន​ចាំ​យក​លុយ​មក​ឲ្យ ​។ ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា ​ក្រោយ​ពីលក់​ជ្រូក​ហើយ ​មិនឃើញ​យក​ប្រាក់​មក​ឲ្យ​ក៏​ទៅ​សួរនាំ​​ទារ​យក​ប្រាក់​ថ្លៃ​ជ្រូក ស្រាប់តែ​ឈ្មោះ​ ទឹ​ត សុ​ជាតិ ​ឆ្លើយ​ថា គ្មាន​ប្រាក់​ទេ ប្រាក់​ថ្លៃ​លក់​ជ្រូក​យក​ទៅ​សង​អ្នក​ផ្សេង​អស់ហើយ​ចង់ទៅ​ប្តឹង​អ្នក​ណា​ប្តឹង​ទៅ​គ្មាន​លុយ​ឲ្យ​ទេ​ ។

​តាម​ពិត​ទៅ​ឈ្មួញ​ជ្រូក​ម្នាក់​នេះ តែង​​តែ​ទិញ​​ជ្រូក​គេ​បណ្តាក់​​ច្រើន​​នាក់​ហើយ​ ។ ពេល​លក់​រួច​យក​​ប្រាក់​​ចាយ​អស់ ។ ​ជួន​កាល​ លក់​ជ្រូក​អ្នក​ទី​៣ យក​ប្រាក់​​ទៅ​សង​អ្នក​ទី១​ខ្លះ ​អ្នក​ទី​២​ខ្លះ ។ ​ចំណែក​ ប៉ូលិស​​ក៏មិន​អាច​ចាត់​ការ​បាន​ដែរ ស្រួល​មិន​ស្រួល​​ ត្រូវ​ជា​មួយ​ម្ចាស់​ជ្រូក​​ខ្លះៗ​ក៏​គួរ​ឱ្យ​សង្ស័យ​ដែរ ៕