ដឹក​ក្របី​១​នឹម​មក​ឃ្វាល​ត្រូវ​ក្របី​ខាងក្រោយ​វ័ធ​មុត​ក្រលៀន​ខាងឆ្វេង

ខេត្តកំពង់ឆ្នាំង​ ៖ បុរស​ម្នាក់​ត្រូវ​ក្របី​វ័ធចូល​ប្រឡោះ​ភ្លៅ​មុត​ក្រលៀន​ខាងឆ្វេង បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​កាល​ពី​​​វេលា​ម៉ោង​៩​និង​១៥​នាទីព្រឹក​ថ្ងៃ​ទី​៧ ​​វិច្ឆិកា ​​២០១៥  ​ស្ថិត​នៅ​តាមមាត់ទន្លេ ក្នុងភូមិ​កំពង់​ប្រសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ​។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បានឱ្យ​​ដឹង​ថា​ បុរស​រង​គ្រោះ​ឈ្មោះ នួន ខុន អាយុ៣៧​ឆ្នាំ ​រស់នៅ​ភូមិ​ស្វាយ​ប្រកា​វ​ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​ ។ មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ដឹក​ក្របីរបស់ខ្លួន​១​នឹម គឺ​១​ដើរ​ពីមុខ និង​១​ទៀត​ដើរ​ពីក្រោយ ។ លុះដល់​ចំណុច​កើតហេតុ ក្របី​ដើរ​ពីក្រោយ​បានជល់​គូទ និង​​វ័ធ​ចូល​ប្រឡោះ​ភ្លៅ  បណ្តាល​រ​ងរ​បួស​ចំ​ក្រលៀន​ខាងឆ្វេង ឈាម​ហូរ​ជោកខោ​ ។

​​ក្រោយ​ពេល​កើតហេតុ  អ្នកស្រុក​ក្នុងភូមិ​កំពង់​ប្រសាទ​បាន​ជួយ​ទូរស័ព្ទ​ហៅ​សាច់ញាតិឱ្យ​មកទទួល​ដឹក​តាម​រថយន្ត​តាក់ស៊ី​យក​មក​សង្គ្រោះ​​នៅ​ក្នុង​មន្ទីរពេទ្យ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។

​លោកគ្រូ​ពេទ្យ​ក្នុង​អគារ​របួសឱ្យ​​ដឹង​ថា​ ​ជន​រង​គ្រោះ មាន​របួស​គួ​រសមដែរ តែ​មិន​ធ្ងន់ធ្ងរ​ពេកទេ គឺ​ព្យា​ល​បាល​ប្រមាណ​២​ទៅ​៣​អាទិត្យ​​​ជា​ហើយ ៕​