កែ ឡេ​ង ក្លាយជា​វីរនារី​ឆ្នើម​កម្ពុជា​ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក​លើក​ទី​២

រាជធានី​ភ្នំពេញ ៖ មានការ​អបអរសាទរ​យ៉ាង​ខ្លាំង​ក្រោយ​ពី​កីឡាការិនី កែ ឡេ​ង ទទួល​បាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​ប៉េតង់​ពិភពលោក​ជា​លើក​ទី​២ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​ទី​៦ វិច្ឆិកា ។ ជាមួយនឹង​មោទនភាព​នេះ អ្នកស្រី​ក៏​ត្រូវ​បាន​មហាជន​និង​មន្ត្រីជាន់ខ្ពស់​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ចាត់​ទុក​ថា​ជា​វីរនារី​ដ៏​ឆ្នើម​របស់​កម្ពុជា​ដែល​មិន​មាន​កីឡាករ កីឡាការិនី​រូប​ណា​ធ្វើ​ដូច​បាន ។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ថ្លែងប្រាប់​ថា គឺជា​មោទនភាព​បំផុត​ដែល​កីឡាការិនី កែ ឡេ​ង អាច​ដណ្ដើម​បាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត Women’s Petaque World Championship លើក​ទី​១៥ ឆ្នាំ​២០១៥ ។ នេះ​ជា​លើក​ទី​២​ដែល​អ្នកស្រី​ដណ្ដើម​បាន​មេដាយមាស​បន្ទាប់​ពី​ឆ្នាំ​២០១៣​ក្នុង​ពេល​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​បារាំង អ្នកស្រី​ក៏​ទទួល​បាន​មេដាយមាស​ដូច​គ្នា​ផង​ដែរ​។ លោក​ថា អ្នកស្រី​គឺជា​កីឡាការិនី​កម្ពុជា​តែ​ម្នាក់​គត់ ដែល​អាច​ការពារ​តំណែង​ជើងឯក​បាន នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​មាន​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​ចូលរួម ។ លោក​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​៖«​យើង​មាន​មោទនភាព​ដែល​គាត់​អាច​ការពារ​តំណែង​មេដាយមាស​គាត់​បាន ខ្ញុំ​គិត​ថា​គាត់​គឺជា​កីឡាការិនី​ឆ្នើម​ណាស់​នៅ​លើ​ឆាក​អន្តរជាតិ​សម្រាប់​វិស័យ​កីឡា​ប៉េតង់​!» ។ លោក​ថា ព្រឹត្តិការណ៍​នេះ គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​បញ្ជូន​កីឡា​ការី​នី​សរុប​ចំនួន​១០​រូប​ឲ្យ​ទៅ​ប្រកួត​ដោយ​មាន​កីឡា​ការី​នី​វ័យក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ​ផង​ដែរ ។ ការ​ប្រកួត​នេះ​ត្រូវ​បាន​បញ្ចប់​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​៨ វិច្ឆិកា ម្សិលមិញ ហើយ​ក៏​ជា​ថ្ងៃ​ដែល​អ្នកស្រី កែ ឡេ​ង និង​ក្រុម​គណៈប្រតិភូ​ទើបនឹង​ត្រឡប់​មក​ដល់​ដូច​គ្នា ។ លោក​មាន​ប្រសាសន៍​ថា​៖«​ការ​ប្រកួត​ហ្នឹង​គេ​ធ្វើ​នៅ​ក្រុង​បាងកក កាលពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៨ វិច្ឆិកា ហើយ​បើ​យើង​មើលទៅ​មេដាយ​ដែល​គាត់​ដណ្ដើម​បាន​លើក​នេះ គឺ​ឆ្លងកាត់​ឧបសគ្គ​ច្រើន​ណាស់​ដែល​ខ្ញុំ​និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក នឹង​ត្រូវធ្វើ​ពិធី​ប្រគល់​រង្វាន់​ឲ្យ​ល្អ​ជាង​មុន ដើម្បី​លើក​សរសើរ​ដល់​គាត់ (​កែ ឡេ​ង​)!» ។

 ការ​ប្រកួត​នេះ លោក​ថា​មាន​ប្រទេស​ចំនួន​ជាង​៤០ មក​ពី​ជុំវិញ​ពិភពលោក​ចូលរួម ដោយ​ការ​ប្រកួត​នេះ​ផ្ដោត​លើ​វិញ្ញាសា​ប៉េតង់​(​បោះ​ប៊ូល​)​ផ្នែក​នារី​ហើយ​ត្រូវធ្វើ​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង ។ កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ លោក​ថា​មិន​បាន​បញ្ជូន​អ្នកស្រី និង​កីឡាការិនី​ផ្សេង​ទៀត​ឲ្យ​ទៅ​ប្រកួត​នោះ​ទេ ដោយសារ​តែ​កីឡាការិនី​ផ្នែក​ប៉េតង់​ជាប់​ភារ កុំ​អី​ប្រហែលជា​មាន​លទ្ធផល​បែប​នេះ​ដូច​គ្នា ។ លោកមាន​ប្រសាសន៍​ថា​៖«​នៅ​ពេល​ដែល​គាត់​(​កែ ឡេ​ង​)​បាន​មេដាយមាស​ម្ដងទៀត​អ​ញ្ចឹ​ង យើង​ស្ដាយ​កាលពី​ឆ្នាំ​២០១៤ អត់​បាន​បញ្ជូន​គាត់​ទៅ អ​ញ្ចឹ​ង​ហើយ​ទើប​យើង​ពង្រឹង​ផ្នែក​ប៉េតង់​ហ្នឹង​ឲ្យ​ខ្លាំង​ទៅ​ថ្ងៃ​អនាគត​!» ។

លោក​វ៉ា​ត់ ចំរើន បញ្ជាក់​ថា ក្រោយ​ត្រឡប់​មក​ពី​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​នេះ លោក​ថា​នឹង​មាន​ពិធី​ប្រគល់​រង្វាន់​ក្រោម​កិច្ច​សំណេះសំណាល​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​មានការ​ប្រកាស​ឲ្យ​ដឹង​នៅ​តាម​បណ្ដាញសារព័ត៌មាន ដើម្បី​ឲ្យ​ស្នាដៃ​របស់​អ្នកស្រី​ត្រូវ​បានដឹង​ឮជា​ង​មុន ។ ក្នុង​នោះ​ពិធី​ដង្ហែ​ក្បួន​នៅ​ថ្ងៃ​ទៅ​ទទួល​រង្វាន់​ពី​សម្ដេច​តេ​ជោ​សែន និង​ក្បួន​ដង្ហែ​មេដាយ​ចេញពី​វិមាន​សន្ដិភាព​ក្រោយ​ទទួល​រង្វាន់​នោះ ក៏​ទំនង​នឹង​ធ្វើ​ឲ្យ​មាន​ភាព​អឹ​ក​អ​ធឹ​ក​ជាង​មុន​ផង​ដែរ ។ លោក​មាន​ប្រសាសន៍​ថា​៖«​ជា​គោលការណ៍​គាត់​នឹង​ទទួល​ប្រាក់​រង្វាន់​ពី​សម្ដេច (​នាយក​រដ្ឋមន្ត្រី​) ដូច​មុន​អ​ញ្ចឹ​ង ប៉ុន្តែ​ខ្ញុំ​ថា​លើក​នេះ​ប្រហែល​ធ្វើ​ធំ​ជាង​មុន ដោយសារ​តែ​គាត់​ទទួល​បាន​មេដាយ​ពិភ​ពលោក​ផ្នែក​ប៉េតង់​ហ្នឹង​ដល់​ទៅ​២​លើក ដែល​កម្រ​នឹង​មាន​កីឡាការិនី​កម្ពុជា​រូប​ណា​ធ្វើ​បាន ប៉ុន្តែ​សម្រាប់​ពេលវេលា និង​ការ​រៀបចំ​យ៉ាងម៉េច គឺ​ទាល់តែ​មាន​ចំណារ​ពី​ថ្នាក់លើ​សិន​ទើប​អាច​បញ្ជាក់​បាន​!» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកស្រី​កែ ឡេ​ង បាន​ឈ្នះ​មេ​េ​ដាយ​មាស​លើ​វិញ្ញាសា​វាយ​ទោល (Shooting) ពី​ព្រឹត្តិការណ៍ Women’s Petanque World Championship លើក​ទី​១៥ នៅ​ក្នុង​ទីក្រុង​បាងកក បន្ទាប់​ពី​បាន​យកឈ្នះ​លើ​គូប្រកួត​ដែល​មាន​ប្រមាណ​ជិត​១០០​នាក់ មក​ពី​ជាង​៤០​ប្រទេស ។ អ្នកស្រី​គឺជា​ជនជាតិ​អាស៊ី​តែ​ម្នាក់​គត់​ដែល​ឈាន​ដល់​វគ្គ​ចុង​ក្រោយ ហើយ​ឈ្នះ​មេដាយមាស​តែ​ម្ដង ដោយ​កីឡាការិនី​មក​ពី​ប្រទេស​ទុ​យ​នេ​ស៊ី ទទួល​ចំណាត់ថ្នាក់​លេខ​២ កីឡាការិនី​បារាំង ទទួល​ចំណាត់ថ្នាក់​លេខ​៣ និង​កីឡាការិនី​មក​ពី​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​ទទួល​បាន​ចំណាត់ថ្នាក់​បន្ទាប់ ៕