លទ្ធផល​ប្រដាល់​អន្តរជាតិ​នៅ​ប៉ុស្ដិ៍​លេខ​5 និង​ប៉ុស្ដិ៍​អាស៊ី​អាគ្នេយ៍

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ ទី​៧ វិច្ឆិកា ម្សិល​មិញ ស្ថានីយទូរទស្សន៍​២​បាន​បើក​សង្វៀន​ប្រដាល់​អន្តរជាតិ​របស់​ខ្លួន​ដោយ​មាន​កីឡាករ​កម្ពុជា និង​ថៃ​ចំនួន​៦​រូប​ប្រកួត​គ្នា​ជា​លក្ខណៈ​មិត្តភាព ។ ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​នេះ ត្រូវ​គេ​កត់​សម្គាល់ថា​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ផ្ដោត​ការ​ចាប់អារម្មណ៍​ខ្លាំង ដោយសារ​តែ​លទ្ធផល​ចុង​ក្រោយ គឺ​កីឡាករ​ទាំង​២​ភាគី​មាន​អ្នក​ឈ្នះ និង​អ្នក​ចាញ់​ដូច​គ្នា​ក្រោយ​ការ​ប្រកួត​ស្វិតស្វាញ​។

នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៧ វិច្ឆិកា សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​បើក​ការ​ប្រកួត​មុនគេ ។ កីឡាករ​កម្ពុជា មាស ច័ន្ទ​មាន ដែល​ពី​មុន​បាន​ប្រើ​រហស្សនាម​ថា សា​រឹម ង៉ា បាន​ឡើង​អង្រួន​សង្វៀន​អន្តរជាតិ​មុនគេ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phach Nam Ek ។ អ្នក​ទាំង​ពីរ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម និង​បាន​អូស​បន្លាយពេល​ដល់​៥​ទឹក​ពេញ​តែ​ម្ដង ព្រម​ជាមួយនឹង​ការ​រំលេច​ឆាកប្រយុទ្ធ​ទាក់ទាញ​តាំងពី​ដើម​ដល់​ចប់ ។ កីឡាករ​មាស ច័ន្ទ​មាន បាន​ក្លាយជា​អ្នក​ចាញ់​ពិន្ទុ​បន្ទាប់​ពី​ប្រើ​កម្លាំង​៥​ទឹក តែ​មិន​អាច​ស្វែងរក​ចំណុចខ្សោយ​វាយបំបាក់​គូប្រកួត​បាន​។ កីឡាករ​ថៃ​ល្អ​ម៉ាត់ និង​ទាត់ ប៉ុន្តែ​ក៏​រង​កណ្ដាប់ដៃ និង​កែង​របស់​កីឡាករ​កម្ពុជា​មិន​អន់​ណាស់​ដែរ បើ​ទោះជា​ស្ថិតិ​ទាំង​៥​ទឹក​ដែល​បាន​ប៉ះ​គ្នា​គឺ​កីឡាករ​ថៃ​មាន​កម្រិត​វាយ​ត្រូវ​គោលដៅ​ច្រើន​ជាង ។ យ៉ាងណា​ក៏​ដោយ កីឡាករ​មាស ច័ន្ទ​មាន បាន​ប្រកាស​ពី​ជំហរ​ចង់​ប្រកួត​ជាមួយ​កីឡាករ Phach  Nam Ek ក្នុង​ពេល​ខាង​មុខ​ម្ដងទៀត បន្ទាប់​ពី​ខឹង​ខ្លួនឯង​ដែល​មិន​អាច​ទទួល​បាន​ជោគជ័យ​ពី​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នោះ ។

មួយគូ​អន្តរជាតិ​ទៀត កីឡាករ​ផល សោ​ភ័​ណ្ឌ ក៏​បាន​បង្ហាញ​សាច់ដុំ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phlav Fai នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ក្នុង​នាម​ជា​គូ​ឯក ។ អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម ដោយ​ការ​ប្រកួត​បាន​ធ្វើ​ឡើង​តែ​២​ទឹក​ប៉ុណ្ណោះ ក៏​រក​ឃើញ​អ្នក​ឈ្នះ​អ្នក​ចាញ់​តែ​ម្ដង ។ ក្នុង​ទឹក​ទី​១ បើ​ទោះជា​កីឡាករ​កម្ពុជា​មានឱកាស​ធាត់​សន្ធាប់ និង​ម៉ាត់​ត្រូវ​ច្រើន ប៉ុន្តែ​កីឡាករ​ថៃ​ក៏​បាន​បញ្ចេញថ្វីដៃ​វាយ​បំ​បុក​តប​វិញ ធ្វើ​ឱ្យ​ផល សោ​ភ័​ណ្ឌ ចង់​យ៉ាប់​ម្ដង​ៗ​ដែរ ។ ប៉ុន្តែ​នៅ​ទឹក​ទី​២ កីឡាករ​កម្ពុជា​បាន​សម្រុក​ខ្លាំង​ជាង​មុន គឺ​ទាត់​ផង​វាយ​ម៉ាត់​ផង​ធ្វើ​ឱ្យ​កីឡាករ Phlav Fai បែក​កង់​កណ្ដាល​ទី​ប្រកួត​តទៅ​ទៀត​លែង​បាន ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ឯណោះ​វិញ ក៏​មានការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​គួរ​ឱ្យ​ទាក់ទាញ​ណាស់​ដែរ ។ បើ​ទោះ​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នោះ គឺ​មានការ​ប្រកួត​អន្តរជាតិ​តែ​មួយគូ ក៏​ភាព​ជាក់ស្ដែង​គឺ​នៅ​ក្នុង​បរិវេណ​សាល​ប្រដាល់​របស់​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា មាន​អ្នក​ទស្សនា​កកកុញ ។ គាប់​ជួន​កីឡាករ​អាំង សំអាត និង​កីឡាករ​ថៃ Pian Noy បាន​រំលេច​ឱ្យ​ឃើញ​នូវ​ភាពស្វិតស្វាញ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រែក​ចង់​ភ្លាត់​សំឡេង​ទម្រាំ​ការ​ប្រកួត​ត្រូវ​បញ្ចប់​ផង​នោះ គឺ​រឹតតែ​ធ្វើ​ឱ្យ​អ្នក​ស្នេហា​ការ​ប្រដាល់​ជក់ចិត្ត ។ ពេញ​រយៈពេល​៥​ទឹក ទាំង​កីឡាករ​កម្ពុជា និង​ថៃ​ខិតខំ​សម្បើម​ណាស់ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ គឺ​កីឡាករ​អាំង សំអាត អាច​សង្កត់​ក្បាលទូក​បន្តិចបន្តួច ។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត គឺ​កីឡាករ​ថៃ​ត្រូវ​ប្រកាស​ឱ្យ​ចាញ់​ពិន្ទុ ប៉ុន្តែ​ក៏​ជា​លទ្ធផល​ដែល​ធ្វើ​ឱ្យ​ថៃ​មិនសូវ​អស់ចិត្ត និង​មាន​បំណង​ចង់​ត្រឡប់​មក​ប្រកួត​សងសឹក​ជាមួយ​អាំង សំអាត ក្នុង​ពេល​ខាង​មុខ ។

លោក​សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាង​ថា កីឡាករ​ទាំង​ពីរ​នឹង​អាច​ប៉ះ​គ្នា​ឆាប់​ៗ បន្ទាប់​ពី​ការ​ប៉ះ​គ្នា​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ម្សិល​ម្ងៃ​៉ ធ្វើ​ឱ្យ​លោក​ដែល​ជា​អ្នក​ផ្គូផ្គង​ពេញចិត្ត​ចំពោះ​ភាពស្វិតស្វាញ​របស់​ពួក​គេ​។ យ៉ាងណា​ក៏​ដោយ​លោក​ថា​កាលបរិច្ឆេទ​ដើម្បី​ឱ្យ​កីឡាករ​ទាំង​ពីរ​បាន​សងសឹក​គ្នា​នៅ​មិន​ទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ ៕