អ្នក​អង្កេត​ការណ៍​៖ មី​យ៉ាន់​ម៉ា​បោះឆ្នោត​ដោយ​រលូន តែ​គ្មាន​ការបោះឆ្នោត​ប្រទេស​ណា​ល្អឥតខ្ចោះ​ទេ​

​ខណៈ​ការបោះឆ្នោត​ដែលមាន​វត្តមាន​ការចូល​រួម​ពី​ប្រជាជន​មី​យ៉ាន់​ម៉ា​រាប់លាន​នាក់ កំពុងតែ​ដំណើរការ តាម​លំដាប់លំដោយ វា​ក៏មាន​បញ្ហា​មួយចំនួន​បានកើត​ឡើង​នៅតាម​មណ្ឌលបោះឆ្នោត​ផងដែរ​។ នេះ​បើ​យោងតាម​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​សហភាព​អឺរ៉ុប​ដែល​កំពុងតែ​ប្រចាំការ​នៅ​ទីនោះ​។​

​លោក  Alexander Lambsdorff ប្រធាន​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​សហភាព​អឺរ៉ុប​ដែល​កំពុងតែ​ប្រចាំការ​នៅក្នុង​មណ្ឌល​រ៉ង​ហ្គូ​ន បាន​អះអាងថា​ការបោះឆ្នោត​កំពុងតែ​ប្រព្រឹត្ត​ទៅដោយ​រលូន​តាំងពីព្រឹក​មិញ ក៏ប៉ុន្តែ ក៏មាន​បញ្ហា​មួយចំនួន​បាន​កើតឡើង​ផងដែរ​។ តែ​លោក មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​បញ្ហា​នោះទេ​។

​មកទល់ពេលនេះ​ប្រជាជន​ក្មេង​ចាស់ ប្រុស​ស្រី បាន​ឈរ​តម្រង់​ជួរ​នៅតាម​មណ្ឌលបោះឆ្នោត​ដើម្បី​រង់ចាំ​វេន​របស់​ពួកគេ​មកដល់​។ ប្រជាជន ភាគច្រើន​បាន​សាទរ ដ្បិត​ពួកគេ​អាចមាន​លទ្ធភាព​ទៅ​បោះឆ្នោត ទាំង​មាន​សង្ឃឹមថានឹង​មានកា​រ​ផ្លាស់ប្តូរ ក្រោយពី​ការបោះឆ្នោត​នេះ​ត្រូវ​បានបញ្ចប់​។​

​ជាមួយគ្នានេះ លោក Alexander Lambsdorff ក៏បាន​ស្វាគមន៍​ចំពោះ​ដំណើរការ​ឆ្ពោះទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​នេះ​តែ​។ លោក បានបញ្ជាក់​ផងដែរ​ថា នេះ គឺជា​លើកដំបូង​ហើយ​ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា អញ្ជើញ​អ្នកសង្កេតការណ៍​អន្តរជាតិ​ដើម្បី​ចូលរួម​អង្កេត​ការបោះឆ្នោត​។ ហើយ​លោក បានរ​ពឹង​ថា ការបោះឆ្នោត​នេះ នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព​ផងដែរ​។​

​ក្រៅពី​ការសម្តែង​ការ​សាទរ លោក Alexander Lambsdorff បាន​បង្ហើប​ឲ្យ​ដឹងថា មាន​បញ្ហា​មួយចំនួន ក៏បាន​កើតឡើង​ក្នុងការ​បោះឆ្នោត​ផងដែរ​។ ក៏ប៉ុន្តែ​ក្នុងនាម​ជា​អ្នក​អង្កេត​ការណ៍​លោក ​មិនមាន​តួនាទី​ក្នុងការជ្រៀត​ជ្រែក​បញ្ហា​នេះ​ទេ ទោះបី​ជាមាន​សកម្មភាព​មួយចំនួន​បានកើត​ឡើង​ខុសពី​បទបញ្ជា នៃ​ការបោះឆ្នោត​ក៏ដោយ​។ ហើយ​អ្វីដែល​អ្នកអង្កេត​ការណ៍ ត្រូវធ្វើ​នោះ​គឹ ធ្វើការ​កត់ចំណាំ និង ផ្តល់​ជា​អនុសាសន៍​នៅពេល​ក្រោយ​។

​យ៉ាងណា​ក៏ដោយចុះ លោក Alexander Lambsdorff បាន​សង្កត់ធ្ងន់ថា​៖ គ្មាន​ការបោះឆ្នោត​ប្រទេសណា​ដែល​ប្រព្រឹត្តទៅ​ល្អឥតខ្ចោះ​នោះទេ ពោលគឺ​ការ​ការផ្លាស់ប្តូរ​នៃ​ប្រទេសមួយ ត្រូវបំពេញ​កិច្ចការ​ជាច្រើន​ផ្សេងទៀត​៕