លោក ម៉ៃ​ណា គី​អៃ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចំនួន ២​ថ្ងៃ​

ភ្នំពេញ: លោក ម៉ៃ​ណា គី​អៃ (Maina Kiai) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ទទួលបន្ទុក​ផ្នែក​សេរីភាព​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី និង​ការបង្កើត​សមាគម ធ្វើ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា ចំនួន ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ។​

​អ្នករាយការណ៍​ពិសេស​រូបនេះ មកដល់​កម្ពុជា កាលពី​យប់​ថ្ងៃទី​៦ ខែវិច្ឆិកា ហើយ​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា បាន​ជួប​ជាមួយ​​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម (CHRACH) ។​

​ដោយនៅ​ក្នុងជំនួប​គណៈ​ក​ម្មា​ធិ​ការប្រព្រឹត្ត​កម្ម បានលើកឡើង​អំពី​បញ្ហា​មួយចំនួន​ទាក់ទង​សិទ្ធិសេរីភាព​បញ្ចេញមតិ របស់​ប្រជាពលរដ្ឋ ការបង្កើត​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ការចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សម រង្ស៊ី​
​ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ការចាប់ខ្លួន​ប្រជាពលរដ្ឋ​នៅ​កោះកុង (​សកម្មជន​មាតា​ធម្មជាតិ​)  ការប្រើ​ហិង្សា​លើ​តំណាងរាស្ត្រ ការប្តឹង​លោក​នី ចរិយា មន្ត្រី​សមាគម​អាដហុក និង​បញ្ហា​មួយចំនួនទៀត​។​

​អ្នករាយការណ៍​រូបនេះ ក៏​ចុះទៅ​តំបន់​បឹងកក់ បុរី​កីឡា នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​នេះ​៕