បាក់​ដី​ចំណី​ស្ទឹង​សែន​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​១​គ្រួសារ

ខេត្តកំពង់ធំ ៖ ពាក់ព័ន្ធ​នឹង​ករណី​បាក់​ដី​មាត់​ស្ទឹង​សែន​នេះ បើ​តាម​ស្ត្រី​ឈ្មោះ​អ៊ឹម វណ្ណ​រ៉ៃ អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់​រទេះ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ប្តី​ឈ្មោះ​អៀង ស៊ី​ថា អាយុ​៥៤​ឆ្នាំ និង​មានកូន​៥​នាក់ ប្រុស​៣ និង​ស្រី​២​នាក់ ប្រាប់​ថា កាលពី​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃ​ទី​០៧ វិច្ឆិកា ២០១៥ ផ្ទះ​របស់​គាត់​ឮ​សូរ​សម្លេង​ហាក់ដូចជា ខ្យល់កួច​ឮ​វូរ​ៗ​ខុស​ប្លែក​ពី​ធម្មតា ហើយ​តួ​ផ្ទះ​ទាំងមូល​មាន​សភាព​ញ័រ​រញ្ជួយ​ជា​សញ្ញា​បញ្ជាក់​ថា បាក់​ដី​ហើយ ពេល​នោះ​គាប់​ជួន​ប្តី​គាត់​មិន​នៅផ្ទះ​ផង​នោះ រូប​គាត់​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​ប៉ុស្តិ៍ ហើយ​កម្លាំង​ប៉ូលិស​អាវុធហត្ថ និង​កម្លាំង​សឹក​រង​ក្រុង​ស្ទឹង​សែន ចុះ​ទៅ​ជួយ​អន្តរាគមន៍​ដោយ​ជញ្ជូន​ឥ​វ៉ា​ន់​ចេញពីផ្ទះ​អស់​នៅ​វេលា​ម៉ោង​ជិត​១២​យប់ ។

ស្ត្រី​ម្ចាស់ផ្ទះ និង​ប្តី​បន្ត​ថា នៅ​ក្នុង​ករណី​បាក់​ដី​មាត់​ស្ទឹង​នេះ គឺ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ហើយ​ក៏​មិន​ទាន់​មាន​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​ធំដុំ​នោះ​ដែរ គ្រាន់តែ​ផុត​ជើង​សសរផ្ទះ​បាយ ហើយនឹង​ផ្អៀង​ផ្ទះ​ប៉ុណ្ណោះ ចំណែក​កងកម្លាំងប្រដាប់អាវុធ​បាន​សន្យា​ថា នឹង​ឲ្យ​កម្លាំង​ចុះ​ជួយ​រុះរើ​ផ្ទះ​នេះ ជូន​ដល់​ក្រុម​គ្រួសារ​របស់​គាត់ ។

ជន​រង​គ្រោះ​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​បាក់​ដី​មាត់​ស្ទឹង​សែន​ត្រង់​ម្តុំ​ផ្ទះ​របស់​គាត់​នេះ គឺ​បណ្តាល​មក​ពី​ការ​ជីកដី​លក់​នៅ​ខាងកើត​ផ្ទះ​របស់​គាត់ ដល់​ពេល​ទឹក​ហូរ​មក​ពីលើ​ធ្វើ​ឲ្យ​ទឹក​កួច​វុ​ល​នៅ​ចំណុច​ក្រោយ​ផ្ទះ​គាត់ ទើប​មានការ​បាក់​ដី​នេះ កើតឡើង ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង និង​ខេត្ត​មេត្តា​ជួយ​មាន​វិធានការ​ចំពោះ​ការ​ជីកដី​ចំណី​ស្ទឹង​លក់​នៅ​ចំណុច​ខាងលើ​នេះ ដើម្បី​បង្ការ​ការ​បាក់​ដី​នេះ​ជា​បន្ត​ទៅ​ទៀត​៕