លោក ហ៊ុន ម៉ា​ណែ​ត៖ រាជរដ្ឋាភិបាល​​​​​បាន​និងកំពុងយកចិត្តទុកដាក់​ចំពោះ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​​បក្សប្រឆាំង

ខេត្ត​កំពត ​៖ ថ្លែង​ទៅ​កាន់​ព្រះសង្ឃ អ​ជ្ញា​ធរ​ដែនដី លោកគ្រូ អ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​អង្គ​/នាក់​ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​បឋម​សិក្សា​ម្រោម​ ស្ថិត​នៅ​ឃុំ​ម្រោម ស្រុក​អង្គ​ជ័យ ខេត្តកំពត កាលពី​ថ្ងៃ​ទី​៧ ​វិច្ឆិកា ​​២០១៥ លោក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​​និង​​កំពុង​យក​ចិត្តទុកដាក់​ចំពោះ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​រៀនសូត្រ​ចេះ​ដឹង​​សម្រាប់​ថ្ងៃ​​អនាគត​របស់​ពួក​គេ​ និង​មនុស្ស​ជំនាន់​ក្រោយ ផ្ទុយ​ពី​ការ​​លើក​ឡើង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​​របស់​គណបក្សប្រឆាំង​ ដែល​បាន​លើក​ឡើង​ថា ការ​អប់រំ​នៅ​ប្រទេស​កម្ពុជា​គ្មាន​តម្លៃ ដែល​ការ​លើក​ឡើង​នេះ​ គឺ​មិន​បាន​លើកទឹកចិត្ត​និង​មិន​បាន​ផ្តល់​តម្លៃដល់​ប្រព័ន្ធ​អប់រំ​នៅ​ក្នុងស្រុក លោកគ្រូ អ្នកគ្រូ សិស្ស​ និស្សិត​ បញ្ញា​វន្ត​ និង​ប្រជាពលរដ្ឋ​ទូទៅ ​។

លោក​បាន​បញ្ជាក់​ថា សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​បាន​បំផ្លាញ​វិស័យ​អប់រំ​ និង​អ្វី​ៗ​គ្រប់យ៉ាង​គ្មាន​សល់ ទើបតែ​ឆ្នាំ​១៩៩៨ ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ដែល​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​មានឱកាស​ខិតខំ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ជា​ពិសេស​បាន​​និង​​កំពុង​អភិវឌ្ឍ​វិស័យ​អប់រំ​នេះ​ ដែល​អាច​ធ្វើ​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​មានឱកាស​បាន​រៀនសូត្រ​​​គ្រប់​ទីកន្លែង​ និង​គ្រប់​​កម្រិត​ ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​ ​ដែល​ការ​ខិតខំ​ទាំងនេះ​គឺ​ផ្ទុយ​ទៅ​នឹង​​ការ​លើក​ឡើង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​របស់​គណបក្សប្រឆាំង ​៕ ​