មេដឹកនាំ​ចិន និង​តៃវ៉ាន់​ជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​ដែល​បើក​នូវ​ទំព័រ​ថ្មី​មួយ

យោង​តាម​ស៊ី​ន​ហួ​ថា មេដឹកនាំ​ចិន លោក​ស៊ី ជី​ន​ពីង និង​មេដឹកនាំ​តៃវ៉ាន់ លោក MA YING JEOU កាលពី​រសៀល​ថ្ងៃ​ទី​៧ វិច្ឆិកា បាន​ចាប់ដៃ​គ្នា​នៅ​សិង្ហ​បុរី​នា​ឱកាស​នៃ​ការ​ជួប​គ្នា​លើក​ដំបូង​រវាង​មេដឹកនាំ​ផ្នែក​ទាំង​២​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៤៩​មក ដែល​នោះ​ជា​ការ​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី នៃ​ទំនាក់ទំនង​រវាង​ចិន និង​កោះ​តៃវ៉ាន់ ។

មេដឹកនាំ​ទាំង​២​បាន​ជួប​ចាប់ដៃ​គ្នា​នា​វេលា​ម៉ោង​ប្រមាណ​ជា​១៥ ក្នុង​សាល​មួយ​នៃ​សណ្ឋាគារ SHANGRI-LA ដោយ​មាន​វត្តមាន​របស់​អ្នកកាសែត​ជា​ច្រើន​រយ​នាក់​មក​ពី​ពិភពលោក​ទាំងមូល ។ មេដឹកនាំ​ទាំង​២​ចាប់ដៃ​គ្នា​ទាំង​ញញឹម​រយៈពេល​ជាង​១​នាទី ។

មុន​ពេល​ជួប​គ្នា​ជា​សម្ងាត់​ជាមួយ​លោក MA លោក​ស៊ី មាន​ប្រសាសន៍​ថា ថ្ងៃនេះ​នឹង​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ ។ លោក​គូសបញ្ជាក់​ប្រាប់​លោក MA ថា គ្មាន​កម្លាំង​ណាមួយ​អាច​បំបែក​យើង​បាន​ឡើយ ព្រោះ​យើង​ជា​បងប្អូន​ដែល​ផ្សារ​ភ្ជាប់​គ្នា​ដោយ​សាច់ឈាម ទោះបីជា​ឆ្អឹង​របស់​យើង​ត្រូវ​បាក់​ក៏​ដោយ ។ យើង​ជា​គ្រួសារ​តែ​មួយ ។ ទំនាក់ទំនង​ទាំងនេះ​បង្ហាញ​តាម​រយៈ​ប្រវត្តិសាស្ត្រ​៦៦​ឆ្នាំ​នៃ​ការ​ពង្រីក​ទំនាក់ទំនង​រវាង​ផ្នែក​ទាំង​២​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ទោះបី​ជួប​ឧបសគ្គ​នានា​ក្តី ។

លោក​ស៊ី ថ្លែង​ទៀត​ថា យើង​ជួប​គ្នា​នា​ពេល​នេះ ដើម្បី​ចៀសវាង​កុំឱ្យ​មាន​សោកនាដកម្ម​ប្រវត្តិសាស្ត្រ​កើត​មាន​ទៀត បង្ការ​ការ​បាត់បង់​ថ្មី​នៃ​ផ្លែផ្កា​ពង្រីក​ដោយ​សន្តិវិធី​នូវ​ទំនាក់ទំនង​រវាង​ផ្នែក​ទាំង​២​ដែល​អាច​ឱ្យ​ជនរួមជាតិ​យើង​នៃ​ផ្នែក​ទាំង​២ បន្ត​បង្កើត​ជីវភាព​ដោយ​សន្តិវិធី ហើយ​ផ្តល់​ដល់​មនុស្ស​ជំនាន់​ក្រោយ​ៗ នូវ​អនាគត​កាន់តែ​ប្រសើរ ។

លោក​ស៊ី បន្ត​ថា ផ្នែក​ទាំង​២​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ត្រូវ​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​តាម​រយៈ​សកម្មភាព​ជាក់ស្តែង​ថា ប្រជាជន​ចិន​នៃ​ផ្នែក​ទាំង​២​មាន​សមត្ថភាព និង​គតិបណ្ឌិត​ចាំបាច់​សម្រាប់​ដោះស្រាយ​បញ្ហា​នានា​របស់​ខ្លួន​ផ្ទាល់ ។

លោក​ស៊ី បាន​បង្ហាញ​សំណើ​៤​ចំណុច​ស្តី​ពី​ទំនាក់ទំនង​រវាង​ផ្នែក​ទាំង​២​ពេល​ជួប​គ្នា​សម្ងាត់ ។ នេះ​ជា​ការ​អះអាង​របស់​លោក ZHANG ZHIJUN អ្នក​ទទួលខុសត្រូវ​ម្នាក់​ខាង​កិច្ចការ​តៃវ៉ាន់​របស់​ចិនដីគោក ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ។ លោក​ស៊ី អំពាវនាវ​ឱ្យ​ចូលរួម​ក្នុង​កុង​សង់​ស៊ុ​ល​នយោបាយ​រួម​មួយ​រវាង​ផ្នែក​ទាំង​២ ដោយ​ចង់​និយាយ​យោង​ដល់​កុង​សង់​ស៊ុ​ល​ឆ្នាំ​១៩៩២ ដែល​ផ្នែក​ទាំង​២​សម្រេច​បាន​ស្តី​ពី​គោលការណ៍​ចិន​តែ​មួយ ។

ដោយ​ដកស្រង់​សម្តី​លោក​ស៊ី លោក ZHANG គូសបញ្ជាក់​ថា ការ​ពង្រីក​ដោយ​សន្តិវិធី​នៃ​ទំនាក់ទំនង​រវាង​ផ្នែក​ទាំង​២ រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ផ្លែផ្កា​នៃ​កុង​សង់​ស៊ុ​ល​ឆ្នាំ​១៩៩២ ហើយ​ប្រឆាំង​នឹង​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់ ។

ចំណែក​លោក MA គូសបញ្ជាក់​ថា ផ្នែក​ទាំង​២​ត្រូវ​ពង្រឹង​កុង​សង់​ស៊ុ​ល​ជុំវិញ​គោលការណ៍​ចិន​តែ​មួយ ហើយ​រួមចំណែក​ដល់​ការ​កែប្រែ​ថ្មី​របស់​ប្រជា​ជាតិចិន ។

យោង​តាម​លោក MA ថា ភាគី​ទាំង​២​ត្រូវ​រួម​សហការ​គ្នា ហើយ​សន្យា​ធ្វើការ​កែប្រែ​ថ្មី​របស់​ប្រជា​ជាតិចិន ព្រោះ​ប្រជាជន​នៃ​ផ្នែក​ទាំង​២​សុទ្ធតែ​មាន​ឈាមជ័រ​ចិន ។

មេដឹកនាំ​ទាំង​២​ត្រូវ​ចូលរួម​ក្នុង​ពិធីជប់លៀង​មួយ​ក្រោយ​ការ​ជួប​គ្នា​នេះ ៕