កម្ពុជា-ថៃ​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ផ្លូវ​បុរាណ​ចេញ​ពី​ក្រុង​អង្គរ​ឆ្ពោះ​ទៅ​ក្រុង​ភីម៉ាយ

ក្រុម​អ្នក​បុរាណ​វិទ្យា​របស់​អាជ្ញាធរ​អប្សរា​នៃ​ប្រទេស​កម្ពុជា បាន​សហការ​ជាមួយ​អ្នក​ជំនាញ​នៃ​ប្រទេស​ថៃ តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០០៥ ដើម្បី​ចាប់​ផ្តើម​អនុវត្ត​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ​មួយ​ខ្សែ​ប្រវែង ២៥០​គីឡូ​ម៉ែត្រ ដែល​ចាក​ចេញ​ពី​ទីក្រុង​អង្គរ រហូត​ទៅ​ដល់​ក្រុង​ភីម៉ាយ (Phimai) ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ ទៅ​ហើយ។

ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​រយៈពេល ១០​ឆ្នាំ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ជំនាញ​កម្ពុជា-ថៃ ទទួល​ស្គាល់​ថា គេ​បាន​រក​ឃើញ​កេរ្តិ៍​ដំណែល​ដែល​កប់​បាត់​ជា​យូរ​មក​ហើយ​ជាច្រើន សម្រាប់​ចងក្រង​ទុក​ជា​ឯកសារ​ឲ្យ​អ្នក​សិក្សា​ជំនាន់​ក្រោយ បាន​យល់​ដឹង​អំពី​វប្បធម៌ និង​ការ​រស់នៅ​របស់​មនុស្ស​សម័យ​មុន​ឡើង​វិញ។

មន្ត្រី​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​ថែ​រក្សា និង​ការពារ​ប្រាសាទ​បុរាណ​នៅ​ក្នុង​ខេត្ត​សៀមរាប រួម​ជាមួយ​មូលនិធិ​ស្រាវជ្រាវ ព្រម​ទាំង​រាជបណ្ឌិត្យសភា​យោធា​ចុល្លា​ចោម​ក្លាវ របស់​ប្រទេស​ថៃ បាន​ធ្វើ​សិក្ខាសាលា​រួម​គ្នា ផ្សព្វផ្សាយ​អំពី​លទ្ធផល​នៃ​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ ដែល​មាន​កិច្ច​សហការ​គ្នា​រវាង​ខ្មែរ និង​ថៃ ជាច្រើន​ឆ្នាំ​មក​ហើយ។

ការ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា កន្លង​ទៅ គឺ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​បុរាណ អ្នក​ជំនាញ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ជំនាន់​ក្រោយ​ជាច្រើន​នាក់ ក៏​បាន​ចូលរួម​ផង​ដែរ។

ទីប្រឹក្សា​គម្រោង​ស្រាវជ្រាវ និង​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ តម្កល់​ឯកសារ​អង្គរ គឺ​លោក​សាស្ត្រាចារ្យ អាំង ជូលាន។ លោក​មាន​ប្រសាសន៍​នៅ​ក្នុង​ពេល​ផ្សព្វផ្សាយ​អំពី​លទ្ធផល​នៃ​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ ដែល​មាន​កិច្ច​សហការ​រវាង​ខ្មែរ-ថៃ នោះ​ថា ចាប់​តាំង​តែ​ពី​ឆ្នាំ​២០០៥ មក ក្រុម​អ្នក​ជំនាញ​ផ្នែក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​យោធា​ចុល្លា​ចោម​ក្លាវ របស់​ថៃ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រុម​អ្នក​ជំនាញ​របស់​ខ្មែរ ដើម្បី​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ​មួយ​ខ្សែ​ប្រវែង ២៥០​គីឡូ​ម៉ែត្រ ចាប់​ពី​ក្រុង​អង្គរ ឆ្ពោះ​ទៅ​ប្រាសាទ​ស្ដុក​កុក​ធំ និង​ឆ្ពោះ​ទីក្រុង​ភីម៉ាយ (Phimai) ដែល​ជា​អតីត​នៃ​អាណាចក្រ​អង្គរ។

លោក​សាស្ត្រាចារ្យ អាំង ជូលាន បញ្ជាក់​ទៀត​ថា ក្រុម​អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​បរទេស​ជាច្រើន បាន​ចាប់​អារម្មណ៍​សិក្សា​ទៅ​លើ​ការ​ស្រាវជ្រាវ​អារ្យធម៌​បុរាណ​នៃ​ប្រទេស​កម្ពុជា ចាប់​តាំង​តែ​ពី​សតវត្ស​ទី​១៩ មក​ម្ល៉េះ ក៏ប៉ុន្តែ​កាល​ណោះ ការ​សិក្សា​ស្រាវជ្រាវ​មិន​មាន​ឧបករណ៍​ទំនើប​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។ លោក​សាស្ត្រាចារ្យ​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ជំនាញ​ខ្មែរ និង​ថៃ ដែល​សហការ​គ្នា​ស្រាវជ្រាវ​ផ្លូវ​បុរាណ​រយៈពេល ១០​ឆ្នាំ​មក​នេះ មិន​មែន​ត្រឹម​តែ​រក​ឃើញ​ផ្លូវ​បុរាណ​តែ​ប៉ុណ្ណោះ​ទេ គឺ​រក​ឃើញ​សំណល់​បុរាណ​ជាច្រើន​ប្រភេទ​ទៀត៖ «វា​មិន​មែន​តែ​ផ្លូវ​នោះ​ទេ តែ​តាម​ផ្លូវ​ហ្នឹង​វា​មាន​សំណង់​ផ្សេងៗ ដូចជា​សំណល់​នៃ​មន្ទីរពេទ្យ និង​កន្លែង​ដែល​គេ​បន់​ស្រន់ ជាពិសេស​កន្លែង​មន្ទីរពេទ្យ​ជំនាន់​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ជាដើម»

អ្នក​ស្រាវជ្រាវ​របស់​ប្រទេស​ថៃ យល់​ឃើញ​ថា ការ​ស្រាវជ្រាវ​ផ្លូវ​បុរាណ​មួយ​ខ្សែ​ដែល​ចាក​ចេញ​ពី​ទីក្រុង​អង្គរ ឆ្ពោះ​ទៅ​ភាគ​ខាង​លិច ហើយ​បច្ចុប្បន្ន ផ្លូវ​មួយ​កំណាត់​បាន​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ថៃ ទៅ​ហើយ​នោះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​គេ​រក​ឃើញ​អ្វីៗ​ដែល​មនុស្ស​សម័យ​បុព្វកាល​បន្សល់​ទុក​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ដល់​ផ្នែក​ទំនាក់ទំនង​វប្បធម៌ និង​ការ​រស់នៅ​របស់​មនុស្ស​សម័យ​បុរាណ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​សម័យ​បច្ចុប្បន្ន​ដែរ។

លោក​បណ្ឌិត ស៊ូរ៉ាត លឿតលុម (Surat Lertlum) មក​ពី​រាជបណ្ឌិត្យសភា​យោធា​ចុល្លា​ចោម​ក្លាវ របស់​ថៃ មាន​ប្រសាសន៍​ថា ក្នុង​ការ​ស្រាវជ្រាវ​ផ្លូវ​បុរាណ​រយៈពេល ១០​ឆ្នាំ​មក​នេះ គឺ​គេ​បាន​រក​ឃើញ​កន្លែង​ស្ល​ដែក​របស់​សម័យ​អង្គរ​យ៉ាង​សំខាន់ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​អង្គរវត្ត ព្រម​ទាំង​រក​ឃើញ​កន្លែង​ផលិត​អំបិល ដែល​មនុស្ស​បុរាណ​ធ្វើ​ពី​ដី​ច្រាប​នៅ​ជុំវិញ​ទីក្រុង​ភីម៉ាយ៖ «ជា​រួម​ការ​ស្រាវជ្រាវ​ផ្លូវ​បុរាណ​ដែល​សហការ​គ្នា​រវាង​ខ្មែរ និង​ថៃ នេះ គឺ​យើង​បាន​ប្រមូល​ព័ត៌មាន ស្រង់​ទិន្នន័យ និង​ស្រាវជ្រាវ​អំពី​ប្រពៃណី វប្បធម៌ សន្តិសុខ ព្រម​ទាំង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​នោះ​ផង»

ស្ពាន​បុរាណ​សម័យ​អង្គរ ៦២០
ស្ពាន​បុរាណ​សម័យ​អង្គរ​ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​ទិស​ខាង​លិច ដែល​កសាង​ឡើង​អំពី​ថ្ម​បាយក្រៀម នៅ​ក្នុង​ភូមិ​គោល ឃុំ​គោល នៃ​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ RFA/Hang Savyouth

លោក ត័ន ប៊ុនសុយ អគ្គនាយក​រង​នៃ​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ ថ្លែង​ថា វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ​ខ្មែរ-ថៃ ដោយ​បាន​ប្រមូល​រាល់​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ផ្លូវ​បុរាណ​ទាំង​នេះ រួម​ទាំង​ព័ត៌មាន​អំពី​ការ​រស់នៅ​របស់​ប្រជាជន ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ចាប់​តាំង​តែ​ពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន៖ «គម្រោង​សហការ​ខ្មែរ និង​ថៃ នេះ បាន​យក​ទិន្នន័យ​ទទួល​បាន​ពី​ការ​ស្រាវជ្រាវ ទៅ​សិក្សា​វិស័យ​យុទ្ធសាស្ត្រ​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ព្រម​ទាំង​ប្រើ​ជា​មធ្យោបាយ​បង្កើត​ចំណង​ទាក់ទង​គ្នា និង​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង»

កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា កន្លង​ទៅ ក្រុម​អ្នក​ស្រាវជ្រាវ​ខ្មែរ-ថៃ បាន​ដឹក​នាំ​គណៈប្រតិភូ និង​អាជ្ញាធរ​ឃុំ-ស្រុក​របស់​ខ្មែរ ចំនួន​ជាង ១០០​នាក់ ចុះ​ទៅ​ពិនិត្យ​មើល​ខ្សែ​ផ្លូវ​បុរាណ​ដែល​នៅ​សេសសល់ ក្នុង​ភូមិ​គោល ឃុំ​គោល នៃ​ស្រុក​អង្គរជុំ ចម្ងាយ​ប្រមាណ ៤០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​ពី​ទីក្រុង​អង្គរ។ នៅ​ទីនោះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​មន្ទីរពេទ្យ​ដ៏​សំខាន់​បំផុត​របស់​សម័យ​អង្គរ ព្រម​ទាំង​រក​ឃើញ​ទីក្រុង និង​កន្លែង​ផលិត​ដែក។

អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ លោក អ៊ឹម សុខរិទ្ធី ពន្យល់​ថា តាម​ការ​ពិនិត្យ​លើ​រចនាសម្ព័ន្ធ​បុរាណ គឺ​ភូមិ​គោល បច្ចុប្បន្ន អាច​ជា​ទីប្រជុំជន​នៃ​មណ្ឌល​រដ្ឋបាល​បុរាណ​មួយ ដែល​ស្ថិត​នៅ​ចម្ងាយ ៤០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​ពី​ទីក្រុង​អង្គរ។ លោក អ៊ឹម សុខរិទ្ធី អះអាង​ថា ភូមិ​គោល នេះ មិន​ត្រឹម​តែ​ជា​មណ្ឌល​រដ្ឋបាល​សំខាន់​នៅ​សម័យ​បុរាណ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​កន្លែង​ឧស្សាហកម្ម​ផលិត​ដែក ពីព្រោះ​នៅ​ជុំវិញ​ទីនោះ គឺ​បាន​រក​ឃើញ​សំណល់​ផលិត​ដែក​រហូត​ដល់​ទៅ ៧​កន្លែង​ធំៗ៖ «ទីតាំង​មួយ​នេះ​ធំ​ណាស់ ដែល​មាន​ផ្ទៃ​ដី​ជើង​ត្បូង​ប្រហែល​ជាង ១០០​ម៉ែត្រ ហើយ​លិច​កើត​ប្រហែល​ជា ២០០​ម៉ែត្រ សុទ្ធតែ​ជា​ទីតាំង​ពី​មុន​គេ​ផលិត​ដែក»

លោក អ៊ឹម សុខរិទ្ធី ឲ្យ​ដឹង​ថា តាម​ការ​សិក្សា​ផ្លូវ​បុរាណ​មួយ​ខ្សែ​ដែល​មាន​ប្រវែង ២៥០​គីឡូ​ម៉ែត្រ​ចេញ​ពី​តំបន់​អង្គរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ គេ​បាន​រក​ឃើញ​ស្ពាន​ដែល​ធ្វើ​ពី​ថ្ម​បាយក្រៀម ថ្ម​ភក់ ចំនួន ១០៦​ស្ពាន និង​ស្ពាន​ខ្លះ​ទៀត​សាងសង់​អំពី​ឈើ។ លោក អ៊ឹម សុខរិទ្ធី ឲ្យ​ដឹង​ទៀត​ថា ក្នុង​សម័យ​អាណាចក្រ​អង្គរ គឺ​បាន​សាងសង់​ផ្លូវ​បុរាណ​សំខាន់ៗ​ជាច្រើន​ខ្សែ ដូចជា ផ្លូវ​ចេញ​ពី​ទីក្រុង​អង្គរ​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច រហូត​ដល់​ក្រុង​ភីម៉ាយ ប្រវែង ២៥០​គីឡូ​ម៉ែត្រ។ ផ្លូវ​មួយ​ខ្សែ​ទៀត ចេញ​ពី​ភាគ​ខាង​លិច​ឆ្ពោះ​ទៅ​សមុទ្រ​ឥណ្ឌា ប្រវែង​មិន​ដឹង​ច្បាស់ ដោយ​គេ​រក​ឃើញ​ភស្តុតាង​ប្រវែង​ជាង ១០០​គីឡូ​ម៉ែត្រ​ដែល​នៅ​សេសសល់។ ផ្លូវ​មួយ​ខ្សែ​ទៀត​ប្រវែង​ជាង ៤០០​គីឡូ​ម៉ែត្រ​ឆ្ពោះ​ទៅ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង ហើយ​ឆ្ពោះ​ទៅ​ទីក្រុង​វិជ័យ អតីត​នគរ​ចម្ប៉ា និង​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​ភូ ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។