អូទ្រីស ៖ លោកយាយ​ម្នាក់​ហែក​លុយ​សុទ្ធ​ជាង ១ លាន​ដុល្លារ​មុននឹង​ស្លាប់​

​លោកយាយ​ជនជាតិ​អូទ្រីស​ម្នាក់​អាយុ ៨៥ ឆ្នាំ​បាន​ហែក​ប្រាក់សុទ្ធ​ជាង ១ លាន​ដុល្លារ​មុននឹង​គាត់​ស្លាប់ ដើម្បី​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​កូនចៅ​។​

​ក្រដាសប្រាក់​រហែក​ដែល​ភាគច្រើន​ជា​ក្រដាស ១០០ និង ៥០០ អឺរ៉ូ ដែលមាន​តម្លៃ​សរុប​ទាំងអស់​ប្រមាណ​ជាង ១ លាន​ដុល្លារ ត្រូវបាន​រកឃើញ បន្ទាប់ពី​លោកយាយ​ម្នាក់នេះ​បាន​ស្លាប់​នៅក្នុង​ផ្ទះ​ចូលនិវត្តន៍​របស់គាត់​។ មិនតែប៉ុណ្ណោះ សូម្បីតែ​សៀវភៅ​គណនី​សន្សំ​ប្រាក់​របស់គាត់​ក៏​គាត់​បាន​បំផ្លាញចោល​ដែរ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ប្រចាំថ្ងៃ​ក្នុងស្រុក Kurier ដែល​បាន​ស្រង់​សម្តី​របស់​អយ្យការ​មួយរូប​នៅ​ទីក្រុង Wiener Neustadt ប្រទេស​អូទ្រីស​។​

​ប៉ុន្តែ គោលបំណង​របស់លោក​យាយ​ដែល​ចង់​បញ្ចៀស​ជម្លោះ​រវាង​កូនចៅ​ចំពោះ​មរតក​របស់គាត់ ប្រហែលជា​មិនអាច​ទៅរួច​ទេ ព្រោះថា​ធនាគារជាតិ​អូទ្រីស​បាន​អះអាង​នៅក្នុង​សារព័ត៌មាន​ខាងលើ​ថា ខ្លួន​នឹង​បង្វិល​ក្រដាសប្រាក់​រហែក​ទាំងនោះ​ចូលក្នុង​ធនាគារ​វិញ ហើយនឹង​បញ្ចេញ​ក្រដាសប្រាក់​ល្អ​សង​ដល់​សាច់ញាតិ​របស់លោក​យាយ​៕