អ​ជា្ញ​ធរ​ខេត្ត​កំពង់​ឆ្នាំ​ដាក់​ម៉ាស៊ីនបូមទឹក​សង្គ្រោះ​ស្រូវ និង​ស្តុក​ទឹក​សម្រាប់​ស្រូវប្រាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ស​ប្តា​ហ៍​ទី​១ ដើមខែ​វិច្ឆិកា​នេះ  អាជ្ញាធរ​ខេត្ត មាន​លោក​អភិបាលខេត្ត លោក​អភិបាលរង​ខេត្ត​ ​បាន​យក​ម៉ាស៊ីន​បូ​ប​ទឹក​របស់​មន្ទីរ​ធនធានទឹក​ខេត្ត ចុះ​ជួយ​បូមទឹក​ដោយ​ផ្ទាល់ សម្រាប់​ជួយ​ស្រោច​ស្រប់​ស្រូវប្រាំង និង​ស្តុក​ទឹក​ទុក​ក្នុង​អាង ក្នុងស្រុក​ចំនួន​៣ ក្នុង​ចំណោម​ស្រុក​-​ក្រុង​ទាំង​៨​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើស្រែ​ប្រាំង​ដោយ​មិន​ឲ្យ​ខកខាន​ឡើយ បើ​ទោះបី​ឆ្នាំ​នេះ​ទឹកតូច​មិន​ចូល​ដល់​ស្រែ​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​បាន​យ៉ាងណា​ក៏​ដោយ ។ ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ខេត្ត​បែប​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រីករាយ​សប្បាយចិត្ត​គ្រប់​ៗ​គ្នា ។

លោក ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទី​ធនធានទឹក​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​​ស​ប្តា​ហ៍​ទី​១​នៃ​ខែវិច្ឆិកានេះ​ មន្ទីរ​ធនធាន​ទឹកបាន​បញ្ជូន​ម៉ាស៊ីនបូមទឹក​ធន់​ធំ​ចំនួន​១៦​គ្រឿង និង​ម៉ាស៊ីនបូមទឹក​សហគមន៍​ចំនួន​១០៨​គ្រឿង​ទៅ​សង្គ្រោះ​ស្រូវប្រាំង និង​ស្តុក​ទឹក​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង​ក្នុងស្រុក​ចំនួន​៣ គឺ​ស្រុក​ជល​គី​រី  ស្រុក​រលាប្អៀរ និង​ស្រុក​កំពង់លែង ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​៤០៦៤,៨៨​ហិ​កតា ។ លោក​បាន​បន្ត​ថា មក​ដល់​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៥​នេះ ម៉ាស៊ីន​ប្រមាណ​៨០​ភាគរយ​កំពុង​នៅ​ដំណើរកា​បូមទឹក​ស្តុក​ទុក​ក្នុង​អាង​នៅឡើយ ។

ដោយឡែក លោក យិ​ន សា​វេន អភិបាលស្រុក​ជល​គី​រី បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុងឆ្នាំនេះ ដោយសារ​តែ​ទឹកទន្លេ​តូច​ជាង​ឆ្នាំ​ណា​ៗ​ទាំង​អស់នោះ គឺ​ទំនប់ និង​អា​ងស្តុ​ប​ទឹក​ចំនួន​៩​កន្លែង​នៅ​ក្នុងស្រុក មិន​ត្រូវ​បាន​ទឹកទន្លេ​ឡើង​ចូល​ដល់​ឡើយ ដែល​ធ្វើ​ឲ្យ​ប្រជា​កសិករ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។ តែ​ពេល​នេះ​ពួក​គាត់​បាន​ផុត​ក្តី​ព្រួយបារម្ភ​ហើយ ព្រោះតែ​បាន​អាជ្ញាធរ​ខេត្ត និង​ស្រុក​បាន​សហការ​ជាមួយ​ក្រសួង​ធនធានទឹក និង​មន្ទីរ​ធនធានទឹក​ខេត្ត ដាក់​ម៉ាស៊ីនបូមទឹក​ពី​ទន្លេ​បញ្ចូល​ក្នុង​ទំនប់ និង​អាង​ស្តុ​ប​ទឹក​ដែល​មាន​ទាំង​៩​កន្លែង​នៅ​ក្នុងស្រុក ។

លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល​ការ​អន្តរាគមន៍​បូមទឹក​នៅ​ក្នុងស្រុក​ជល​គី​រី បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក មន្ទីរ​ធនធានទឹក និង​មន្ទីរ​កសិកម្ម ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ក្នុង​ការ​បូមទឹក​ដាក់​ក្នុង​អាង​ឲ្យ​បាន​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ ព្រោះថា​ ថ្វីបើ​ពេល​នេះ​យើង​ធ្វើ​បាន​ប្រមាណ​ជាង​៨០​ភាគរយ​ក្តី ក៏​ប៉ុន្តែ​ត្រូវ​តាមដាន​បន្ត​ទៀត ព្រោះ​ទឹកនឹង​អាច​រីងស្ងួត​ទៅ​វិញ​បើ​គ្មាន​ការ​បូម​បន្ថែម​ជា​ប្រចាំ​រហូត​ដល់​ស្រូវ​ឈប់​ត្រូវការ​ទឹក​នោះ ៕