នគរបាល​ជាតិ​ព្រមាន​មិន​លើក​លែង​ឲ្យ​អ្នក​បាញ់​សម្លាប់​ប៉ូលិស​និង​មន្ត្រី​ព្រៃ​ឈើ​នៅ​ព្រះវិហារ

អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​មេ​បញ្ជាការ​នគរបាល​ប្រចាំ​យោធ​ភូមិ​ភាគ​ទី​៤ និង​ទី​៥ គឺ​លោក​ឧត្តមសេនីយ៍​ផ្កាយ​៤ ខេង សុមេធ ព្រមាន​ថា លោក​នឹង​មិន​អត់ឱន​ឲ្យ​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម ដែល​វាយ​ប្រហារ​សម្លាប់​ក្រុម​ល្បាត​ការពារ​ព្រៃ​អភិរក្ស​នោះ​ជា​ដាច់​ខាត។

ការ​ព្រមាន​ដ៏​ម៉ឺងម៉ាត់​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​តែ​មួយ​ថ្ងៃ បន្ទាប់​ពី​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម បាន​លប​លួច​វាយ​ប្រហារ​ទៅ​លើ​កង​ល្បាត​ការពារ​ព្រៃ​អភិរក្ស នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បណ្ដាល​ឲ្យ​ប៉ូលិស​ម្នាក់ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់​ទៀត​ស្លាប់ ព្រម​ទាំង​ប៉ូលិស​ការពារ​ព្រំដែន​ម្នាក់​ផ្សេង​ទៀត​រង​របួស កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៦ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​ព្រះវិហារ សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា ដែល​បណ្ដាល​មក​ពី​ជន​ប្រដាប់​អាវុធ បាន​បាញ់​រះ​សម្លាប់​មន្ត្រី​ប៉ូលិស និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់ ដែល​ជា​អ្នក​ការពារ​ព្រៃ​ឈើ​ដ៏​ស្មោះ​ត្រង់​នោះ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​សហគមន៍​ការពារ​ព្រៃ​ឈើ​ទាំង​នោះ កំពុង​ជំរុញ​ឲ្យ​សមត្ថកិច្ច​នៃ​រាជ​រដ្ឋាភិបាល ព្រម​ទាំង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត ហើយ​ស្វែងរក​ចាប់​ខ្លួន​ក្រុម​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន បើ​ពុំ​នោះ​ទេ ពួក​គេ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​ចុះ​ដើរ​ល្បាត​ការពារ​ព្រៃ​សហគមន៍​ជាច្រើន​កន្លែង​ត​ទៀត​ទេ។

មន្ត្រី​បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍​នៅ​ខេត្ត​ព្រះវិហារ គឺ​លោក ពេជ្រ ព័ន្ធ។ លោក​សង្ស័យ​ថា សកម្មភាព​របស់​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម ដែល​បាញ់​រះ​សម្លាប់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់ និង​ប៉ូលិស​ម្នាក់ កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៦ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា នោះ ថា​វា​អាច​ជា​អំពើ​របស់​ពួក​ជន​ដែល​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់។ លោក ពេជ្រ ព័ន្ធ ចាត់​ទុក​ថា ការ​បាញ់​សម្លាប់​នោះ គឺ​ជា​ការ​គំរាម​ទាំង​សមត្ថកិច្ច ទាំង​សកម្មជន​ដែល​កំពុង​ប្រឹងប្រែង​ការពារ​ព្រៃ​ឈើ។ មន្ត្រី​បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍​ដដែល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ត្រូវ​តែ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ដៃ​ដល់ ក្នុង​ការ​បាញ់​សម្លាប់​ទាំង​នោះ កុំ​ឲ្យ​រួច​ខ្លួន​ឲ្យ​សោះ៖ «យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​តាម​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ ដែល​ធ្វើ​សកម្មភាព​ហិង្សា​នោះ​ឲ្យ​អស់»

ចំណែក​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​វិញ ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាញ់​សម្លាប់​ទៅ​លើ​កង​ល្បាត​ការពារ​ព្រៃ​ឈើ​នេះ​ដែរ។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​គួរ​តែ​ប្រឹងប្រែង​ឲ្យ​ពេញ​ទំហឹង ក្នុង​ការ​តាម​រក​ក្រុម​ជន​ប្រដាប់​អាវុធ​ដែល​បាញ់​សម្លាប់​កង​ល្បាត​ការពារ​ព្រៃ​ឈើ​នេះ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ទាំងអស់​បាន​ទទួល​យុត្តិធម៌។ លោក ឡោ ចាន់ បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ជន​ប្រដាប់​អាវុធ និង​អ្នក​ដៃ​ដល់​ក្នុង​ការ​បាញ់​សម្លាប់​នេះ៖ «ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ទី​២ គឺ​ជា​ការ​ដែល​គំរាម​កំហែង​ទៅ​លើ​អ្នក​ដែល​ខិតខំ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ»

ប្រតិកម្ម​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​ការពារ​ព្រៃ​ឈើ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៦ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា កន្លង​ទៅ មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ដែល​គេ​មិន​ស្គាល់​មុខ បាន​លប​លួច​បាញ់​រះ​សម្លាប់​មន្ត្រី​ប៉ូលិស​ម្នាក់​ឈ្មោះ សាប់ យស និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់​មក​ពី​ទីក្រុង​ភ្នំពេញ ឈ្មោះ សៀង ដារង្គ ព្រម​ទាំង​ប៉ូលិស​ការពារ​ព្រំដែន​ម្នាក់​ទៀត​ឈ្មោះ ភេទ សុភ័ណ្ឌ រង​របួស​ផង​ដែរ។ ការ​បាញ់​រះ បាន​កើត​ឡើង​នៅ​ពេល​ដែល​មន្ត្រី​ទាំង​នោះ បាន​ចុះ​បំពេញ​បេសកកម្ម​ល្បាត​ការពារ​ព្រៃ​អភិរក្ស​របស់​អង្គការ​ដាប់បែលយូ.ស៊ី.អេស (WCS) ក្នុង​ភូមិសាស្ត្រ​ភូមិ​របុញ ជាប់​ព្រំប្រទល់​គ្នា​នឹង​ភូមិ​រុងរឿង​៣ នៃ​ឃុំ​មរកត ស្រុក​ជាំក្សាន្ត។

ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​មន្ត្រី​រាជការ​ប្រហែល ១០​ម៉ោង​ក្រោយ​មក គឺ​កម្លាំង​ព្រហ្មទណ្ឌ​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ករណី​នេះ​ដល់​កន្លែង​កើត​ហេតុ ព្រម​ទាំង​យក​សាកសព​ជន​រងគ្រោះ​ចេញ​ពី​ព្រៃ​ផង។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះវិហារ លោក កែវ ចំរើន មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​រសៀល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា រហូត​មក​ដល់​ពេល​នេះ កម្លាំង​ជំនាញ​របស់​ប៉ូលិស​កំពុង​ស៊ើប​អង្កេត និង​កំណត់​រក​មុខ​សញ្ញា​ជន​ដៃ​ដល់។ ទោះ​យ៉ាង​ណា មន្ត្រី​ប៉ូលិស​ដដែល​មិន​ហ៊ាន​បង្ហើប​ចំពោះ​តម្រុយ​នៃ​ការ​សង្ស័យ​ទៅ​លើ​ជន​ណា​មួយ​ទេ ដោយ​គ្រាន់​តែ​លោក​បដិសេធ​ថា អំពើ​បាញ់​សម្លាប់​នោះ គឺ​ពិត​ជា​មិន​ទាក់ទង​នឹង​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ឡើយ៖ «រឿង​នេះ​វា​មិន​មែន​ជា​អំពើ​ប្លន់​ទេ ព្រោះ​អី​សម្ភារៈ​របស់​ជន​រងគ្រោះ​នៅ​ទាំងអស់ គឺ​ទាំង​លុយ​កាក់ ទាំង​ម៉ាស៊ីន​ថត​រូប និង​ទូរស័ព្ទ ជាដើម»

អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ស្វែងរក​មុខ​ជន​ដៃ​ដល់​ក្នុង​ការ​បាញ់​សម្លាប់​មន្ត្រី​រាជការ​នោះ​ឲ្យ​ទាល់​តែ​ឃើញ ហើយ​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​មេ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​យោធ​ភូមិ​ភាគ​ទី​៤ និង​ទី​៥ លោក​ឧត្តមសេនីយ៍​ផ្កាយ​៤ ខេង សុមេធ មាន​ប្រសាសន៍​យ៉ាង​ម៉ឺងម៉ាត់​ថា លោក​នឹង​មិន​អត់ឱន​ឲ្យ​ក្រុម​ជន​ប្រដាប់​អាវុធ ដែល​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​ទាំង​នោះ​ទេ។ លោក​ឧត្តមសេនីយ៍ ខេង សុមេធ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​មរណភាព​របស់​ប៉ូលិស និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ក្នុង​ពេល​ចុះ​បំពេញ​បេសកកម្ម​ការពារ​ផល​ប្រយោជន៍​របស់​ជាតិ​នេះ៖ «បង​ប្អូន​គ្នា​ខំ​លះ​បង់​កម្លាំង​កាយ​ចិត្ត អាយុ​ជីវិត ដើម្បី​ថែទាំ​ទ្រព្យ​សម្បត្តិ​របស់​ប្រទេស​ជាតិ ដល់​មាន​បញ្ហា​រហូត​ដល់​ស្លាប់​អ៊ីចឹង ខ្ញុំ​សែន​មហា​សោកស្ដាយ តែ​មិន​ដឹង​ចង់​ថ្លែង​យ៉ាង​ម៉េច?»

ប្រភព​ពី​ក្រុម​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ស្រុក​ត្បែងមានជ័យ ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ដែល​ក្រុម​ជន​ប្រដាប់​អាវុធ លួច​បាញ់​រះ​សម្លាប់​ប៉ូលិស និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នោះ គេ​ឮ​ថា​កម្លាំង​ល្បាត​ការពារ​ព្រៃ​អភិរក្ស បាន​ចាប់​យក​ម៉ាស៊ីន​អារ​ឈើ​ខ្លះ​ពី​ក្រុម​អ្នក​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់ លុះ​ដល់​ពេល​យប់ កង​ល្បាត​ការពារ​ព្រៃ​អភិរក្ស​ទាំង​នោះ ក៏​បោះ​តង់​ដេក​នៅ​ក្នុង​ព្រៃ ហើយ​ក៏​មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​លប​លួច​បាញ់​ប្រហារ​តែ​ម្ដង។

នៅ​កន្លែង​កើត​ហេតុ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​សម្បក​គ្រាប់​កាំភ្លើង​ដៃ​ធុន​អាកា​៤៧ (AK 47) ជាច្រើន​គ្រាប់ ដែល​ជន​ប្រដាប់​អាវុធ​យក​មក​វាយ​ប្រហារ​លើ​កង​ល្បាត​ការពារ​ព្រៃ​អភិរក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។