អ្នក​ភូមិ​ជាង​១០០​គ្រួសារ​តវ៉ា​នឹង​គ្រួសារ​មួយ​ដែល​សង់​ផ្ទះ​លើ​ផ្លូវ​ភូមិ​នៅ​ស្រុក​កោះធំ

អ្នក​ភូមិ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​ព្រែកតាឥន្ទ ឃុំ​ពោធិ៍បាន ស្រុក​កោះធំ កំពុង​តវ៉ា​ជាមួយ​គ្រួសារ​មួយ​ដែល​សង់​ផ្ទះ​រំលោភ​លើ​ផ្លូវ​ភូមិ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ អ្នក​ភូមិ​បន្ទោស​តំណាង និង​មេ​ភូមិ​របស់​ខ្លួន​ថា មិន​បាន​ដោះស្រាយ​ជូន​ពួក​គាត់។

តំណាង​អ្នក​ភូមិ​ព្រែកតាឥន្ទ ត្អូញត្អែរ​ថា ករណី​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ​ជាង ១០០​គ្រួសារ ទល់​នឹង​គ្រួសារ​មួយ ដែល​សង់​ផ្ទះ​រំលោភ​យក​ផ្លូវ​ភូមិ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នោះ បាន​អូស​បន្លាយ​ពី ៣ ទៅ ៤​ឆ្នាំ​ហើយ នៅ​តែ​មិន​ទាន់​បាន​ដោះស្រាយ​ចេញ​នៅ​ឡើយ។

លោក ជួន ឡេង ដែល​អះអាង​ថា​ជា​តំណាង​អ្នក​ភូមិ​ព្រែកតាឥន្ទ កំពុង​មាន​ទំនាស់​ដីធ្លី​នោះ ថ្លែង​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ថា ពាក្យ​បណ្ដឹង និង​ឯកសារ​នានា​ដែល​ពួក​លោក​បញ្ជូន​ទៅ​អាជ្ញាធរ​ស្រុក កាល​ពី​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ​ក្នុង​ខែ​តុលា មិន​ដែល​បាន​ទទួល​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ៖ «»។

ទន្ទឹម​គ្នា​នេះ មេ​ភូមិ​ព្រែកតាឥន្ទ លោក ចក់ ឡោ ឲ្យ​ដឹង​ថា គ្រួសារ​ដែល​ជា​អ្នក​សង់​ផ្ទះ​រំលោភ​យក​ផ្លូវ​នោះ​មាន​ឈ្មោះ​ថា បាក់ លីសែម ហើយ​លោក​ធ្លាប់​ហាម​មិន​ឲ្យ​សង់​លើ​ដី​នោះ​ដែរ ប៉ុន្តែ​គ្រួសារ​មួយ​នោះ​នៅ​តែ​បន្ត​ការ​សាងសង់។ នៅ​ពេល​នេះ លោក​ក៏​កំពុង​ប្រឈម​មុខ​ជាមួយ​អ្នក​ភូមិ​កាន់​តែ​ខ្លាំង ក្នុង​ពេល​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ថ្នាក់​លើ៖ «យូរ​ទៅ​អ្នក​ស្រុក​អ្នក​ភូមិ​គេ​អុក​បន្ទុក​តែ​លើ​ខ្ញុំ ថា​មក​ពី​ខ្ញុំ​បែប​ត្រូវរ៉ូវ​ជាមួយ​អ្នក​ហ្នឹង​ហើយ បាន​ជា​ដោះ​មិន​ចេញ​នោះ។ អា​សូរ​តែ​បាន​អី​លោក​អើយ​លោក»។

លោក​មេ​ភូមិ​វ័យ ៦៨​ឆ្នាំ ឲ្យ​ដឹង​ថា ផ្លូវ​នោះ​ជា​ផ្លូវ​ចាស់​ដែល​លោក​ឃើញ​តាំង​ពី​លោក​ធំ​ដឹង​ក្ដី​មក។ លោក​ថា ការ​យក​ដី​ផ្លូវ​នោះ ធ្វើ​ឲ្យ​ភូមិ​នៅ​ចុង​ផ្លូវ​ចំនួន ១៣​គ្រួសារ មិន​អាច​ឆ្លង​កាត់​បាន និង​ប៉ះពាល់​ដល់​អ្នក​ភូមិ ១០០​គ្រួសារ​ផ្សេង​ទៀត។ លោក​ឲ្យ​ដឹង​ថា មាន​អ្នក​ភូមិ​ចំនួន ១១៤​គ្រួសារ ផ្ដិត​មេ​ដៃ​លើ​ញត្តិ​ទាមទារ​ឲ្យ​បើក​ផ្លូវ​នោះ​ឡើង​វិញ៖ «»។

ទាក់ទង​នឹង​ករណី​រំលោភ​យក​ដី​ផ្លូវ​ក្នុង​ភូមិ​ព្រែកតាឥន្ទ នេះ អភិបាល​រង​ស្រុក​កោះធំ លោក កុង មោក មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​បាន​ទទួល​រួច​ហើយ ប៉ុន្តែ​កំពុង​ដោះស្រាយ​ដោយ​ការ​សម្រប​សម្រួល​សិន៖ «»។

ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់​អ្នក​ភូមិ​អំពី​ការ​អូស​បន្លាយ​ពេលវេលា​ដោះស្រាយ​នោះ លោក កុង មោក បញ្ជាក់​ថា មន្ត្រី​ដែល​ទទួល​ផ្នែក​ដោះស្រាយ​នោះ​កំពុង​រវល់​ជាមួយ​កិច្ចការ​ផ្ទៃ​ក្នុង៖ «»។

ទាក់ទង​នឹង​ការ​រំលោភ​យក​ដី​សាធារណៈ​ដែរ នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា បាន​សរសេរ​អំពី​ការ​បញ្ចា​របស់​លោក ឲ្យ​ក្រុមហ៊ុន​បើក​កាស៊ីណូ​នៅ​រាជធានី​ភ្នំពេញ​ឈ្មោះ ណាហ្គាវើល (Naga World & Casino) រុះរើ​សំណង់​ពាណិជ្ជកម្ម​របស់​ខ្លួន​ដែល​សង់​រំលោភ​លើ​ដី​ចិញ្ចើម​ផ្លូវ​របស់​រដ្ឋ និង​ប៉ះពាល់​ទៅ​ដល់​ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ។

លោក​នាយក​រដ្ឋមន្ត្រី ក៏​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទាំងអស់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ថា​ត្រូវ​គោរព​ច្បាប់ និង​រុះរើ​សំណង់​រំលោភ​កេង​ស៊ី​ចំណី​ផ្លូវ​សាធារណៈ និង​សួន​ច្បារ​សាធារណៈ ចេញ​ជា​បន្ទាន់។ លោក ហ៊ុន សែន បន្ត​ថា ទាំង​មន្ត្រី​អាជ្ញាធរ និង​អ្នក​រំលោភ​មាន​ទោស​ដូច​គ្នា ក្នុង​ការ​សាងសង់​រំលោភ​ដី​សាធារណៈ ហើយ​លោក​មិន​បណ្ដោយ​ឲ្យ​មន្ត្រី​ខិលខូច​ឃុបឃិត​បំផ្លាញ​សង្គម​ជាតិ​ឲ្យ​អាប់ឱន​ត​ទៅ​ទៀត​ជា​ដាច់​ខាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។