អ្នក​រាយការណ៍​ពិសេស​អ.ស.ប​ជំរុញ​ឲ្យ​កម្ពុជា​ផ្តល់​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ឲ្យ​ស្មើ​គ្នា

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​ផ្នែក​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​ការ​បង្កើត​សមាគម លោក ម៉ៃណា គីអៃ (Maina Kiai) ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ដោយ​មិន​លម្អៀង។ លោក ម៉ៃណា គីអៃ ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ​មួយ​ជាមួយ​ក្រុម​យុវជន ខណៈ​លោក​កំពុង​បំពេញ​ទស្សនកិច្ច​ផ្ទាល់​ខ្លួន​នៅ​កម្ពុជា រយៈពេល ២​ថ្ងៃ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក ម៉ៃណា គីអៃ ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​សិទ្ធិ​ធ្វើ​បាតុកម្ម និង​សិទ្ធិ​ប្រមូល​ផ្តុំ​ដល់​មនុស្ស​គ្រប់​រូប​ឲ្យ​បាន​ស្មើ​គ្នា មិន​លម្អៀង​ទៅ​រក​ក្រុម​ណា​មួយ​ឡើយ។

លោក ម៉ៃណា គីអៃ ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ​ជាមួយ​ក្រុម​យុវជន​កាហ្វេ​នយោបាយ ព្រះសង្ឃ សមាជិក​គណបក្ស​នយោបាយ ព្រម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ប្រមាណ ២០​អង្គ​និង​នាក់ នៅ​ទីស្នាក់ការ​អង្គការ​ខុដរ៉ាដ ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា៖ «បាតុកម្ម​ត្រូវ​តែ​មាន​ការ​ការពារ​ដោយ​ស្មើ​ភាព​គ្នា មិន​មែន​រើសអើង​ប្រកាន់​បក្ខពួក​នោះ​ទេ។ គ្រប់​គ្នា​ដែល​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា មាន​សិទ្ធិ​ធ្វើ​បាតុកម្ម និង​សិទ្ធិ​នៃ​ការ​ប្រមូល​ផ្តុំ ហើយ​យើង​ត្រូវ​ការពារ​សិទ្ធិ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ ជនជាតិ​អាល្លឺម៉ង់ រួម​ទាំង​មនុស្ស​គ្រប់​រូប សុទ្ធតែ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ដូច​គ្នា។ អ្នក​មិន​ចាំបាច់​ត្រូវ​តែ​ជា​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ដើម្បី​អនុវត្ត​សិទ្ធិ​ធ្វើ​បាតុកម្ម និង​សិទ្ធិ​ប្រមូល​ផ្តុំ។ វា​មិន​សំខាន់​នោះ​ទេ។ វា​មិន​មែន​ជា​សិទ្ធិ​ពលរដ្ឋ​នោះ​ទេ តែ​វា​សិទ្ធិ​នៃ​ភាព​ជា​មនុស្ស​តែ​ម្តង។ អ្នក​មាន​សិទ្ធិ​នេះ​នៅ​គ្រប់​ទីកន្លែង​ទោះ​ជា​អ្នក​ទៅ​ទីណា​ក៏ដោយ ព្រោះ​វា​ជា​សិទ្ធិ​សកល»

លោក ម៉ៃណា គីអៃ មាន​ប្រសាសន៍​បែប​នេះ តប​ទៅ​នឹង​សំណួរ​របស់​អ្នក​ចូលរួម អំពី​ភាព​ស្មើ​គ្នា​នៃ​សេរីភាព​ប្រមូល​ផ្តុំ​នៅ​កម្ពុជា។ គេ​សង្កេត​ឃើញ​ភាគ​ច្រើន​នៃ​បាតុកម្ម ឬ​ការ​ប្រមូល​ផ្តុំ​របស់​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​រងគ្រោះ ជា​ញឹកញាប់​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប ឬ​រារាំង។ ចំណែក​បាតុកម្ម​ប្រឆាំង លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២៦ តុលា វិញ អាជ្ញាធរ​បាន​ជួយ​ការពារ និង​សម្រួល​យ៉ាង​ល្អ​ខុស​ពី​បាតុកម្ម​ផ្សេង​ទៀត ហើយ​បាតុកម្ម​ដែល​មាន​ការ​ជួយ​សម្រួល​នោះ បាន​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន។

បាតុកម្ម​ដែល​ក្លាយ​ជា​អំពើ​ហិង្សា​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថ្កោលទោស​យ៉ាង​ខ្លាំង ហើយ លោក ម៉ៃណា គីអៃ ដែល​ជា​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ក៏​ថ្កោលទោស​ករណី​នេះ​ដូច​គ្នា៖ «ដូច្នេះ ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​វិញ ខ្ញុំ​គិត​ថា យើង​ត្រូវ​តែ​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ។ យើង​ត្រូវ​តែ​ថ្កោលទោស​ចំពោះ​អង្គ​ហេតុ ដែល​ថា​ជន​បង្ក​ហិង្សា​អាច​ជា​មន្ត្រី​សមត្ថកិច្ច។ ខ្ញុំ​ឃើញ​គេ​វាយ​អ្នក​តំណាង​រាស្ត្រ និង​មាន​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន។ ដូច្នេះ យើង​នឹង​រង់ចាំ​មើល​ថា តើ​ករណី​នេះ​ត្រូវ​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង ឬ​ត្រូវ​បន្ត​ទៅ​មុខ​ទៀត។ បើ​សិន​ជន​ទាំង​នោះ​ជា​មន្ត្រី​យោធា អ៊ីចឹង​វា​សំខាន់​ណាស់​ដែល​ត្រូវ​សួរ​ថា រឿង​នេះ​នឹង​ត្រូវ​ស៊ើប​អង្កេត​ដល់​ណា ព្រោះ​យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា យោធា​ធ្វើ​អ្វី​តាម​បញ្ជា មិន​មែន​តាម​ចិត្ត​ឯង​នោះ​ទេ»

ចំពោះ​អំពើ​ហិង្សា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​តាម​ចាប់​ខ្លួន​ជន​បង្ក​ហិង្សា និង​ជាពិសេស បញ្ជា​ឲ្យ​ជន​ទាំង​នោះ​ចូល​សារភាព​ដោយ​ខ្លួន​ឯង៖ «យើង​មិន​អាច​យោគយល់ និង​អត់ឱន​ឲ្យ​ចំពោះ​អ្នក​ប្រព្រឹត្តិ បើ​ទោះ​ជា​អ្នក​នោះ​ជា​អ្នក​ណា​ក៏ដោយ ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន គាំទ្រ​រាជ​រដ្ឋាភិបាល ឬ​គាំទ្រ​បក្ស​ប្រឆាំង ឬ​អ្នក​ណា​ក៏ដោយ ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប​នេះ គឺ​ត្រូវ​តែ​ចាប់​យក​មក​ផ្ដន្ទាទោស​ឲ្យ​ខាន​តែ​បាន»

រហូត​មក​ដល់​ពេល​នេះ មាន​មនុស្ស ៣​នាក់​ហើយ​បាន​ចូល​សារភាព​ទោស។ បុរស​ទាំង​បី​នាក់​មាន​ឈ្មោះ ម៉ៅ ហឿន នៅ​ខេត្ត​ព្រៃវែង ឈ្មោះ ចាយ សារិទ្ធ នៅ​ក្រុង​តាខ្មៅ និង​ឈ្មោះ សុត វណ្ណនី នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ មជ្ឈដ្ឋាន​នានា កំពុង​រង់ចាំ​មើល​ពី​ចំណាត់​ការ​របស់​រដ្ឋាភិបាល ថា​អាច​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​រក​យុត្តិធម៌​ជូន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ឬ​យ៉ាង​ណា។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី លោក ម៉ៃណា គីអៃ អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​អត់ធ្មត់ និង​ឈរ​លើ​គោលការណ៍​អហិង្សា ពិសេស​ប្រើប្រាស់​សិទ្ធិ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ដើម្បី​ផល​ប្រយោជន៍​ជាតិ។

លោក ម៉ៃណា គីអៃ សង្កត់​ធ្ងន់​ថា វា​ជា​រឿង​ចាំបាច់​ដែល​គូ​ប្រជែង​នយោបាយ​នៅ​កម្ពុជា គ្រប់​ភាគី ត្រូវ​មាន​ចិត្ត​អត់ធ្មត់ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត។ អ្នក​នយោបាយ មិន​ត្រូវ​យក​អំពើ​ហិង្សា​ទៅ​ប្រើ​ក្នុង​ល្បែង​នយោបាយ​របស់​ខ្លួន​នោះ​ទេ ដែល​លោក ម៉ៃណា គីអៃ និយាយ​ថា វា​ជា​រឿង​ដែល​ស្មោកគ្រោក​បំផុត។ ក្រៅ​ពី​នេះ លោក ម៉ៃណា គីអៃ អះអាង​ថា វា​ជា​រឿង​សំខាន់ និង​ចាំបាច់​របស់​រដ្ឋ ដែល​ត្រូវ​មាន​កាតព្វកិច្ច​ការពារ​ពលរដ្ឋ ទោះ​ជា​អ្នក​នោះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។