ប្រជាជន​កម្ពុជា​មា​នភា​ព​សុខដុម​ទាប​ជាងគេ​ក្នុងចំណោម​រដ្ឋ​អាស៊ាន​៨

​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១១២ ក្នុងចំណោម​ប្រទេស​១៤២​ដែល​នៅក្នុង​បញ្ជី​សុខដុម​រូបនីយកម្ម ប្រចាំឆ្នាំ​២០១៥ របស់​ទីក្រុង​ឡុង​ដ៍​។ ចំណាត់ថ្នាក់​នេះ បង្ហាញថា​ស្ថានភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​គឹ​ស្ថិតនៅក្នុង​កម្រិត​មធ្យម​នៅឡើយ​នោះទេ​។

​របាយការណ៍​ស្តីពី​សុខដុម​រូបនីយកម្ម​ប្រចាំឆ្នាំ​២០១៥ បាន​បង្ហាញថា​ប្រទេស​មួយចំនួន​បាន​រក្សា​ចំណាត់​ថា្នក់​ល្អ​ដដែល ប្រទេស​មួយចំនួនទៀត​កាន់​តែមាន​ភាពល្អប្រសើរ និង​ផ្សេងទៀត​កាន់តែ​អាក្រក់​ទៅៗ ដ្បិត​ប្រទេស​ប្រឈម​បញ្ហា​ផ្ទៃក្នុង និង​សង្គ្រាមស៊ីវិល​ជាដើម​។

​សម្រាប់​កម្ពុជា​វិញ ក៏​នៅ​បន្ត​រក្សា​ចំណាត់ថ្នាក់​របស់ខ្លួន​ដដែល ពោលគឺ​ចំណាត់​លេខ​១១២ តាំងពី​ឆ្នាំ ២០១៤ ក្នុងចំណោម​ប្រទេស​ទាំង​១៤២ ដែលមាន​នៅក្នុង​បញ្ជី​នោះ​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ បើ ធៀប​នឹង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ចំនួន​៧​ផ្សេងទៀត ដែលមាន​នៅក្នុង​បញ្ជី​នោះ ភាព​សុខដុម​រូបនីយកម្ម​របស់​ប្រជាជន​កម្ពុជា គឺ​ស្ថិតនៅក្នុង​ចំណាត់​ថ្នាក់ទាប​ជាងគេ​។ ប្រទេស​ទាំងនោះ មានដូចជា​សិង្ហ​បុរី នៅ​លេខ​១៧ ម៉ាឡេស៊ី​៤៤ ថៃ​៤៨ វៀតណាម​៥៥ ឥ​ណ្ឌួ​នេ​ស៊ី​៦៩ ហ្វីលីពីន​៧៤ ឡាវ​៩៥ និង​កម្ពុជា ១១២ ។ ព្រុយ​ណេ និង​មី​យ៉ាន់​ម៉ា មិនមាន​នៅក្នុង​បញ្ជី​នោះទេ​។​

​បើតាម​របាយការណ៍​ដ​ដែល ប្រទេស​ដែល​រក្សាបាន​ចំណាត់ថ្នាក់​ល្អ​បំផុត​ជា​រៀងរាល់ឆ្នាំ មានដូចជា​ប្រទេស​ន័​រ​វែ​ស ស្វី​ស ដា​ណឺ​ម៉ាក នូ​វែ​ល​សេ​ឡង់ និង ស៊ុយ​អ៊ែត​។  រីឯ​ប្រទេស​ដែល​ស្ថិតនៅក្នុង​ចំណាត់​ថា្នក់​អាក្រក់​ជាងគេ មានដូចជា​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ប៊ួ​រុន​ឌី ឆាដ ហៃ​ទី អា​ហ្វ​ហ្គា​នី​ស្ថាន និង សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល​។

​សូមបញ្ជាក់ថា ការវាយតម្លៃ​សុខដុម​រូបនីយកម្ម ឬ​និយាយ​សាមញ្ញ​ថា​ការរស់នៅ​របស់​ប្រជាជន ត្រូវបាន​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​Legatum ដែលមាន​ទីស្នាក់ការ​នៅក្នុង​ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​។ ការវាយតម្លៃ​ដើម្បី​ស្ទាបស្ទង់​ពី​ការរស់នៅ​របស់​ប្រជាជន​ជាស​កល​នេះ គឺ​ដោយ​ផ្អែកលើ​កត្តា សេដ្ឋកិច្ច សហគ្រិនភាព​និង​ឱកាស អភិបាលកិច្ច ការអប់រំ សុខភាព សុវត្ថិភាព និង​សន្តិសុខ សេរីភាព​ផ្ទាល់ខ្លួន និង​សុខមាលភាព​សង្គម​៕