រូបសំណាក «Gangnam Style» នឹងត្រូវ​ដាក់តាំង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​

​រូបសំណាក​មួយ​ដើម្បី​អបអរ​ដល់​លោក Psy ជាមួយនឹង​ក្បាច់​រាំ​ក្នុង​បទ «Gangam Style» នឹង​សម្ពោធ​នៅក្នុង​សង្កាត់​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​។​

​ក្រុមប្រឹក្សា​ស្រុក Gangnam បានប្រកាស​កាលពី​ថ្ងៃ​សុក្រ កន្លងមក​ថា រូបសំណាក​ដែល​ធ្វើ​ពី​លោហៈធាតុ នឹងត្រូវ​ដាក់​សម្ពោធ​នៅ​ខែធ្នូ ខាងមុខនេះ នៅក្បែរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​។ សំណាក​របស់លោក Psy ជាមួយ​ក្បាច់​រាំ Gangnam Style ធ្វើឡើង​ដើម្បី​ផ្តល់​កិត្តិយស​ដល់​តារាចម្រៀង Pop រូបនេះ ដែល​នាំ​ឲ្យ​កូរ៉េខាងត្បូង ជាពិសេស​ស្រុក Gangnam ល្បីល្បាញ​លើ​ពិភពលោក​។​

​ឃ្លី​ប​វីដេអូ​បទ «Gangnam Style» របស់លោក Psy មាន​អ្នកទស្សនា​ច្រើនជាងគេ​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុន​នៅលើ Youtube ពោល​គឺមាន​ប្រមាណ ២,៤​ពាន់​លាន​ដង​ឯណោះ​។​

​ប្រធាន​នាយកដ្ឋាន​ទេសចរណ៍​នៅ​ស្រុក Gangnam បាន​លើកឡើងថា​៖ «​ដោយសារតែ​បទ​នេះហើយ ទើប Gangnam ត្រូវបាន​គេ​ស្គាល់​ពេញ​ពិភពលោក​។ ដូច្នេះ​រូបសំណាក​នេះ នឹង​ទាក់ទាញ​ទេសចរ​កាន់តែច្រើន ដោយ​ភ្ញៀវ​អាច​ថតរូប​នៅមុខ​រូបសំណាក​ដោយ​សេរី និង​ដើម្បី​ទុកជា​អនុស្សាវរីយ៍​»​។​

​ក្រោ​ពីបទ Gangnam Style លោក Psy ក៏​ទទួលបាន​នូវ​ភាពល្បីល្បាញ ជា​បន្តបន្ទាប់​ផងដែរ ដូចជា​បទ «Gentleman» និង «Hangover»​។ ភ្នាក់ងារ​របស់លោក Psy អះអាងថា តារាចម្រៀង​រូបនេះ នឹង​ចេញ​អាល់​ប៊ុ​ម​ទី​៧​របស់ខ្លួន​នា​ខែធ្នូ ខាងមុខនេះ​៕