លោក​ស៊ី ជីន​ពីង​៖ «​បើទោះជា​បែកបាក់​ម្តេចក្តី ក៏​ឆ្អឹង​ពួកយើង​នៅតែ​ផ្សារភ្ជាប់​គ្នា​»

​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​រវាង​បងប្អូន​សត្រូវ​ចិន និង​តៃវ៉ាន់ ក្នុងជំនួប​កំពូល​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​សិង្ហ​បុរី លោក​ស៊ី ជីន​ពីង និង​លោក​ម៉ា យិ​ង​ចូ​វ បាន​ចាប់ដៃគ្នា​ជាង​១​នាទី និង​ញញឹម​យ៉ាង​ស្រស់ស្រាយ ទៅរក​អ្នកសារព័ត៌មាន​។ ព្រឹត្តិការណ៍​ចាប់ដៃ​រវាង​នេះ មិន​ធ្លាប់​ត្រូវបាន​គេ​គិតទុក​ទេ តាំងពី​ចិន​និង​តៃវ៉ាន់​បែកបាក់​គ្នា​ដោយ​សង្គ្រាមស៊ីវិល នៅ​ឆ្នាំ​១៩៤៩ ។ ទោះ​ដឹងថា ប្រជាជន​តៃវ៉ាន់​មិន​ពេញចិត្ត​ជំនួប​កំពូល​នេះ​ក្តី លោក​ស៊ី និង​លោក​ម៉ា ប្រហែល​កំពុង​ខំ​ពង្រាយ​មន្ត​ស្នេហ៍ រក​សន្លឹកឆ្នោត​ឲ្យ​បក្ស​កាន់អំណាច​តៃវ៉ាន់ គួ​ក​មីន​តាង សម្រាប់​ការបោះឆ្នោត​សភា​និង​ប្រធានាធិបតី ខែមករា​ដើមឆ្នាំ​២០១៦​ខាងមុខ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ម្សិលមិញ  លោក​ស៊ី ជីន​ពីង បាន​លើកឡើងថា​៖ បើទោះជា​បែកបាក់​ម្តេចក្តី ក៏​ឆ្អឹង​ពួកយើង​នៅតែ​ផ្សារភ្ជាប់​គ្នា​....​ក៏​យើង​នៅតែ​ជា​បងប្អូន​គ្នា ជា​ជនរួមជាតិ​នឹង​គ្នា មាន​ឈាម​តែមួយ​ដូចគ្នា​ហូរ​ក្នុង​ខ្លួន​។ លោក​ម៉ា យី​ង​ចូ​វ វិញ​ក៏​ប្រាប់​ដែរ​ថា លោក​សង្ឃឹមថា ជំនួប​នេះ​អាចជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន​និង​តៃវ៉ាន់​ឲ្យ​បោះជំហាន​ទៅរក ភាព​ធម្មតា​ឡើងវិញ​។​

​អាមេរិក បាន​គាំទ្រ​ពេញទំហឹង​នូវ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​ព្រោះ​ជាការ ចូលរួម​បន្ថយ​ភាព​តានតឹង ជំរុញ​ឲ្យ​ទំនាក់ទំនង​បងប្អូន​សត្រូវ​ទាំង​២​បាន​ប្រសើរ​ឡើងវិញ​។ វា​ក៏​ជា​ការជួយ​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់​ផងដែរ ព្រោះថា ចិន​និង​តៃវ៉ាន់ អាច​ផ្ទុះ​សង្គ្រាម​ជាមួយគ្នា​បាន​គ្រប់ពេល​។ ចិន​នៅតែ​គិតថា តៃវ៉ាន់​ជា​ដែនដី​ជាតិចិន​។ ចិន​ក៏​មិន​ខ្លា​ចនឹង​ប្រើ​កម្លាំងយោធា ដើម្បី​ដណ្តើមយក​កោះ​តៃវ៉ាន់​មកវិញ​ដែរ​។​

​លោក​ស៊ី ជីន​ពីង ព្រម​ជួប​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​លោក​ម៉ា ក៏​ដើម្បី​បង្ហាញ​ដែរ​ថា ចិន​បើកចំហ ចិន​ជាទី​កន្លែង​កក់ក្តៅ សម្រាប់​ជនរួមជាតិ​គ្រប់ទិសទី​។ ប៉ុន្តែ ប្រជាជន​តៃវ៉ាន់​នៅតែ​ចង់​ឲ្យ​តៃវ៉ាន់​ឯករាជ្យ​ពី​ចិន​។ ពួកគេ​មិន​ពេញចិត្ត​នឹង​ឃើញ​មេដឹកនាំ​ខ្លួន​ជួប​ប្រធានាធិបតី​ចិន​ទេ​។ នៅ​យប់​ថ្ងៃ​សុក្រ មុន​ជំនួប​កំពូល​មួយថ្ងៃ ក្រុមបាតុករ​តៃវ៉ាន់​បាន​ព្យាយាម​ឡើងទៅ​កាន់កាប់​សភា​តៃប៉ិ​។ បក្សប្រឆាំង​បាន​ចោទ​លោក​ម៉ា ថា​ជួប​ជាមួយ​លោក​ស៊ី ជីន​ពីង ដើម្បី​សង្គ្រោះ​ប្រជាប្រិយភាព​របស់​បក្ស​ខ្លួន​ឡើងវិញ មុន​ការបោះឆ្នោត​ខែមករា​ខាងមុខ​។ យោងតាម​ការ​ស្ទាបស្ទង់​មតិ សម្រាប់​ការបោះឆ្នោត​ខែមករា បក្សប្រឆាំង​ប្រជាធិបតេយ្យ​មានប្រៀប​ជាង​បក្ស​កាន់អំណាច​គួ​ក​មីន​តាង​។ ទោះ​យ៉ាងនេះ​ក្តី ក៏​លោក​ម៉ា យី​ង​ចូ​វ លែងមាន​សិទ្ធិ​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ខាងមុខ​ដែរ ព្រោះ​លោក បាន​កាន់អំណាច​២​អាណត្តិ​មកហើយ​។

​ក្នុងជំនួប ម្សិលមិញ ប្រធានាធិបតី​តៃវ៉ាន់​បានស្នើ​ទៅ​ប្រធានាធិបតី​ចិន អោយ​បង្កើត​ទូរ​សព្ទ​ក្រហម​មួយ រវាង​ភាគី​ទាំង​២ ហើយ​បើតាម​លោក​ម៉ា លោក​ស៊ី ជីន​ពីង ក៏បាន​ឆ្លើយ​យល់ព្រម​ដែរ​។ តាំងពី​លោក​ម៉ា ឡើងកាន់​អំណាច​នៅ​តៃវ៉ាន់​ក្នុង​ឆ្នាំ​២០០៨​មក លោក​បាន​បង្ខិត​តៃវ៉ាន់​ទៅរក​ចិន​ច្រើន និង​បានសម្រេច​ចេញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​ជាមួយ​ចិន​ទៀតផង​។ លោក​ម៉ា ចង់​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​យូរ​មកហើយ​។ លោក​ចង់បង្ហាញ​ប្រជាជន​ក្នុងស្រុក​ថា លោក​ក៏​ចេះ​ចាត់ចែង​ទំនាក់ទំនង​ជាមួយ​ចិន​ដែរ លោក​មិនមែន​ចង់​ឲ្យ​ចិន​គ្រប់គ្រង​តៃវ៉ាន់​បាន​ងាយៗ​ទេ​។

​គួររំលឹកថា ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការបង្កើត​កោះ​តៃវ៉ាន់ ដើមឡើយ គឺ​ដោយសារតែ​សង្គ្រាមស៊ីវិល​ក្នុងស្រុក​។ នៅ​ឆ្នាំ​១៩៤៩ ដោយសារ​មិនអាច​ទទួលជោគជ័យ​ក្នុងការ​ប្រយុទ្ធ ជាមួយ​ក្រុម​កុ​ម្មុយ​និ​ស្ត​របស់លោក​ម៉ៅ សេទុង សកម្មជន​ជាតិនិយម​បក្ស​គួ​ក​មីន​តាង ដឹកនាំ​ដោយ​លោក ចាង កាយ​ចៀក បាន​ភៀសខ្លួន​ទៅ​រស់​នៅលើ​កោះ​តៃវ៉ាន់​បច្ចុប្បន្ននេះ​។ ពួកគេ​បាន​កែប្រែ​ទីនោះ​ឲ្យ​ទៅជា​ទឹកដី​មួយ មាន​របប​នយោបាយ​សេរី​។ នៅ​ឆ្នាំ​១៩៧១ តៃវ៉ាន់​បាន​បាត់បង់​អាសនៈ​ខ្លួន នៅ​អង្គការសហប្រជាជាតិ​។ មានតែ​ប្រទេស​២២​ប៉ុណ្ណោះ ដែល​ទទួលស្គាល់​កោះ​តៃវ៉ាន់​ជា​ផ្លូវការ​៕