អាកាសធាតុ៖បារំាង​កោះប្រជុំ​រដ្ឋមន្រ្តី​បរិស្ថាន និង​ថាមពល​ចំនួន ៦០នាក់​​ដើម្បី​​ត្រៀម​​បើក COP២១

៣សប្តាហ៍ មុន​ការ​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង (COP២១) លោក​ប្រមុខ​ការទូត​បារំាង​ឡូរ៉ង់ ហ្វាប៊ីយូស​បាន​កោះ​ប្រជុំ​ចុង​ក្រោយ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង​ថាមពល​មក​ពី ៦០ប្រទេស​រយៈពេល ៣ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ ទី៨ វិច្ឆិកា។ គោលដៅ​នៃ​កិច្ចប្រជុំ គឺ​ពន្លឿន​កិច្ចចរចា​លើ​អត្ថបទ​ដែល​ទើប​អនុម័ត​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ។ ដោយឡែក លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ក៏​នឹង​មាន​វត្តមាន​នៅ​ក្បែរ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ផ្សេង​ក្នុង​ឱកាស​សន្និសីទ​នា​ពេល​ខាង​មុខ​ដែរ។