រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក៖ រុស្ស៊ី​ «ដើរ​ផ្លូវ​ខុស» ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​ស៊ីរី

រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក៖ រុស្ស៊ី​ «ដើរ​ផ្លូវ​ខុស» ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​ស៊ីរី

រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក Ash Carter និយាយ​ថា រុស្ស៊ី​ «ដើរ​ផ្លូវ​ខុស» ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​ស៊ីរី។

រដ្ឋមន្ត្រី​ជាតិ​អាមេរិក​លោក Ash Carter ​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​រុស្សី​កំពុង​ «ដើរ​លើ​ផ្លូវ​ខុស» នៅ​ក្នុង​ការ​ទាក់ទិន​របស់​ប្រទេស​នោះ​ក្នុង​ប្រទេស​ស៊ីរី។​

លោក​ Cater បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​វេទិកា​ការពារ​ជាតិ Reagan ​ដែល​គេ​បាន​ដាក់ឈ្មោះ​តាម​លោកអតីតប្រធានាធិបតី​ស.រ.អា ថា​លោក​ប្រធានាធិបតី​រុស្សី Vladimir Putin មិន​បាន​ពិចារណា​អំពី​យុទ្ធសាស្ត្ររបស់​លោក​ក្នុង​ប្រទេសស៊ីរី​ឲ្យ​បាន​ល្អិតល្អន់​ទេ។

លោក Carter បាន​មាន​ប្រសាសន៍​ថា «ប្រទេស​រុស្សី​បាន​ចាក់​សាំង​លើ​ភ្លើង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​រួច​ជា​ស្រេចហើយ ​ដោយ​ធ្វើ​ឲ្យ​សង្គ្រាម​ស៊ីវិល​មួយ​មាន​រយៈពេល​រឹត​តែ​យូរ​ថែម​ទៀត​ ដោយ​បញ្ឆេះ​ភាព​ជ្រុលនិយម​ខ្លាំង​បំផុត​ដែល​រុស្សី​អះអាង​ថា​ ខ្លួនប្រឆាំង​នោះ»។

លោក Carter បាន​មាន​ប្រសាសន៍​ថា​ រុស្សី​មិន​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម ​ដូច​ដែល​ពួកគេ​បាន​និយាយ​នោះ​ទេ​ ក៏​ប៉ុន្តែ​រុស្សី​បាន​គាំទ្រ​ប្រធានាធិបតី​Bashar al-Assad ​ជា​ជាង​ធ្វើ​ការ​ឲ្យ​មាន​អន្តរកាល​មួយ​ខាង​នយោបាយ។

លោក Carter បាន​និយាយ​ថា​ ក៏​ប៉ុន្តែ​ប្រសិន​បើ​ស.រ.អា និងរុស្សី​អាច​ធ្វើ​កិច្ចសហប្រតិបត្តិការ​អំពី​បញ្ហា​នៃ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ដូចជា​ការ​កាត់បន្ថយ​មហិច្ឆតា​បរមាណូនៃ​ប្រទេស​អ៊ីរ៉ង់​ជា​ដើម​ ប្រទេស​រុស្សី​ក៏​អាចបំពេញ​មុខ​នាទី​ប្រកប​ដោយការ​ស្ថាបនា​មួយ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​បញ្ចប់សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ីរី​ផង​ដែរ៕