សម្តេចតេជោ​ ហ៊ុន សែន​ ប្រកាសការពារ​និងបន្តមរតកជាតិ​ដែលសម្តេច​ឪបន្សល់ទុក

រាជធានីភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានសរសេរនៅ​លើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់​សម្តេច​បង្ហោះនៅព្រឹក​ព្រលឹមថ្ងៃទី០៩ ​វិច្ឆិកានេះ​ មានខ្លឹមសារ​ទំាង​ស្រុងថា​ "ខ្ញុំព្រះករុណាខ្ញុំ ​សូមចូលរួមអបអរសាទរ​ ថ្ងៃបុណ្យឯករាជ្យជាតិលើកទី​៦២ (៩ វិច្ឆិកា ឆ្នាំ១៩៥៣ ~ ៩ វិច្ឆិកា ឆ្នាំ២០១៥) ​​ ជាមួយប្រជាពលរដ្ឋខ្មែរទូទាំង​​ប្រទេស​នៅថ្ងៃនេះ។

ពិតណាស់ ​គឺប្រជារាស្រ្តខ្មែរទូទាំង​ប្រទេសចងចាំជានិច្ចនូវ​ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា​បំផុតរបស់ ព្រះករុណា ​ព្រះមហាវីរក្សត្រ ​សម្តេចព្រះនរោត្តម ​សីហនុ ព្រះបរម​រតនកោដ្ឋ​ ដែលព្រះអង្គបានតស៊ូ​ និងលះបង់គ្រប់យ៉ាង​ក្នុងការទាមទារឯករាជ្យ ​ ពីបារាំងជូនជាតិមាតុភូមិ​។ ចាប់តាំងពី​ព្រះរាជាណាចក្រកម្ពុជា ​បានទទួលឯករាជ្យពេញ​លេញ ​នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣​ គឺអតីត​ព្រះមហាក្សត្រ ​សម្តេចព្រះ នរោត្តម ​សីហនុ ព្រះបរមរតនកោដ្ឋ ​ ព្រះអង្គបានស្ថាបនា​ និងអភិវឌ្ឍន៍កម្ពុជា​ឥតឈប់ឈរ ដែល​បានធ្វើអោយ​ប្រទេសយើងរីកចម្រើនគ្រប់វិស័យ ​។ នៅពេលនោះ​ ព្រះរាជាណាចក្រកម្ពុជា ​បានក្លាយជាប្រទេស​ដែលមាឥទ្ឋិពលមួយនៅអាស៊ី ​ដែលប្រជារាស្រ្តរស់នៅ​ដោយសុខសាន្ត​បំផុតក្រោមការ​ដឹកនាំរបស់ព្រះអង្គ។

ជាអកុសលនៅថ្ងៃទី ​១៨ មិនា ឆ្នាំ ១៩៧០ ​លន់ នុល ​បានធ្វើរដ្ឋប្រហារផ្តួល​រំលំអតីតព្រះប្រមុខរដ្ឋ ​ហើយបន្ទាប់មកបាន​នាំកម្ពុជាទាំងមូលអោយធ្លាក់​​ក្នុងរណ្តៅ​វាល​ពិឃាត​តែម្តង។ ​នេះគឺជាមេរៀនគម្រូស្រាប់ ​ដែលបានបន្សល់ទុក​នូវសោកនាដកម្មជា​លទ្ឋផលនៃការផ្លាស់ប្តូរទម្លាក់ប្រមុខ​ដឹកនាំតាមការផ្តួលរំលំ​ដើម្បីអំណាច ។ ពេលនេះ ​កម្ពុជា​ត្រូវតែចៀស​អោយឆ្ងាយពីផ្លូវដ៏សែន​គ្រោះថ្នាក់បំផុតនោះ​។ ជាពិសេស គណបក្សប្រជាជន​ ដែលមាន ​​ខ្ញុំព្រះករុណាខ្ញុំផ្ទាល់ជាប្រធាន​ និងជានាយករដ្ឋមន្រ្តី ​គឺប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញា ​ការពារព្រះមហាក្សត្រ​ និងការពារសុខសន្តិភាព​ជូនកម្ពុជា​អោយខានតែបាន។

ព្រះរាជបូជនីយកិច្ច ​ និងគុណូបការៈដ៏ធំធេងដែល​ ព្រះបរមរតនកោដ​ បានបន្សល់ទុកអោយកម្ពុជា ​គឺខ្ញុំព្រះករុណា ​ខ្ញុំ ប្តេជ្ញាបន្តនូវមរតកជាតិ​ដ៏ឧត្តុង្គឧត្តមនេះ ​ដើម្បដឹកនាំ​អភិវឌ្ឍន៍ប្រទេស​ស្របតាមព្រះរាជតម្រិះ​ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ​ដើម្បីធ្វើអោយកម្ពុជា​ទាំងមូលរីកលូតលាស់​ខ្លាំងឡើង។

នៅក្នុងខួបឯករាជ្យជាតិ​ នឹងក៏ជាថ្ងៃខួបកំណើត​កងទ័ពគំរប់ ​៦២ឆ្នាំ(៩ វិច្ឆិកា ១៩៥៣- ៩វិច្ចិ​កា ២០១៥) ​ដ៏វិសេសវិសាលថ្ងៃនេះ ​ខ្ញុំព្រះករុណា សូមថ្វាយ​ និងប្រគេនពរជូន​ព្រះសង្ឃគ្រប់ព្រះអង្គ ​នាយទាហា​ន ​នាយទាហានរង និងពលទាហា​នទាំងនៅក្នុងប្រទេស​ ទាំងកំពុងបំពេញបេសកម្មរក្សាសន្តិភាព​ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ​(UN) នៅក្រៅប្រទេស ​ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស​ សូមជួបប្រទះតែសេចក្តីសុខ ​និងទទួលនូវពុទ្ឋពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ​និងពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ "៕​