ស្ត្រី​ម្នាក់​ឃើញ​ថ្លាន់​​ទម្ងន់​៧,៥​គីឡូក្រាមលូន​កាត់​ថ្នល់ចាប់​​​​ប្រគល់​ឲ្យ​អភិរក្ស​សត្វព្រៃ​

​រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ចេញពី​ធ្វើការ​​​​ជិះ​ម៉ូតូឌុប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប្រទះឃើញ​ពស់ថ្លាន់​ញី​១​ក្បាល​លូន​កាត់​ថ្នល់​បាន​នាំ​គ្នា​ចុះ​ចាប់​ច្រក​បាវ​ទុកបង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៨ ​វិច្ឆិកា ​២០១៥ តាម​បណ្តោយ​ផ្លូវ​ឧក​ញ៉ា​ទ្រី​ហេង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ស្ត្រី​ម្នាក់​ដែល​ចាប់​បាន​ពស់ថ្លាន់​​ឈ្មោះ តាំង ហុង ​អាយុ​៤៣​ឆ្នាំ មុខរបរ​អ្នកអនាម័យ​តាម​ផ្ទះ ស្នាក់​នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ព្រែក​ព្នៅ មានស្រុក​កំណើត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គាត់​បាន​ចេញ​មក​ពី​ធ្វើការ​នៅ​ម្តុំ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជិះ​ម៉ូតូឌុប​ត្រឡប់​ទៅ​ផ្ទះ​វិញ ​លុះមក​ដល់​ចំណុច​ខាងលើ​​ក៏​​ប្រទះ​ឃើញ​ពស់ថ្លាន់​ញី​១ក្បាល​លូន​ចេញពី​ក្នុងព្រៃ​កាត់​ថ្នល់​ក៏​​នាំ​គ្នា​ឈប់​ម៉ូតូ​ហើយ​ចុះ​ជួយ​ចាប់​ច្រកចូល​បាវ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពស់ថ្លាន់​ញី​មួយ​ក្បាល​ដែល​ចាប់​បាន​នេះ​​មាន​ទម្ងន់​៧,៥​គីឡូក្រាម មាន​ប្រវែង​២​ម៉ែត្រ ត្រូវ​បាន​​យក​ទៅ​​​ប្រគល់​ឲ្យ​អភិរក្ស​សត្វព្រៃ​យក​ទៅ រក្សា​ទុក ៕