ថៃ​បញ្ជូន​ពលករ​រង​របួសធ្ងន់​ដោយសារ​​ចរន្ត​អគ្គិស​នី​ឆក់មក​ឲ្យ​សាច់ញាតិ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ពលករ​ម្នាក់​ដែល​រង​របួសធ្ងន់​ដោយសារ​ចរន្ត​អគ្គិស​នី​ឆក់​​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​ប្រគល់ឱ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជា៎​ប៉ោយ​ប៉ែ​ត​ កាលពី​វេលា​ម៉ោង​៧យប់​ ថ្ងៃ​ទី​៨​ វិច្ឆិកា ២០១៥ ក្រោយ​រង​គ្រោះ​នៅ​ខេត្ត​ឈុ​ន​បូ​រី​។

ជន​រង​គ្រោះ​ឈ្មោះ​ចាន់​ណា​ក់ ​ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ ជា​កម្មករ​សំណង់​ និង​មាន​ទីលំនៅ​ភូមិ​-ឃុំ​ជប់​វ៉ា​រី​ ស្រុក​ព្រះនេត្រព្រះ​ ​​។ ជន​រង​គ្រោះ​រង​របួសធ្ងន់​សល់​តែ​ដង្ហើមចង្រិត​ត្រូវ​ភាគី​ថៃ​ដាក់​អុក​ស៊ី​សែន​បញ្ជូន​ត្រឡប់​ឲ្យ​សាច់ញាតិវិញ​។

តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា ​ហេតុ​ការ​ណ៍​រង​គ្រោះ​នោះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង៣​រសៀល ​ថ្ងៃ​ទី៧ ​ខែ​ឆ្នាំ​ដដែល​។ ក្រុម​សាច់ញាតិ​បន្ត​ថា​ ការ​ឆក់​ចរន្ត​អគ្គិស​នី​នេះ​រង​របួស​ពលករ​ខ្មែរ​រហូត​៤នាក់​ ប៉ុន្តែ​ជន​រង​គ្រោះ​ខាងលើ​ធ្ងន់ធ្ងរ​ជាងគេ ​ហើយ​ថា​កន្លែង​កើតហេតុ​ដំបូង​ដាច់​ភ្លើង​ លុះ​ក្រុមបច្ចេកទេស​ត​ចរន្ត​រួច​បើក​ចរន្ត​ឡើង​វិញ​គាប់​ជួន​​​ពលករ​ទាំង​៤​នាក់​ឈរ​ផ្អែក​​​របង​ដែក​កន្លែង​កើតហេតុ​ស្រាប់តែ​ឆក់​​​តែ​ម្តង​។

ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ពី​ព្រំដែន​ទៅ​ស្រុក​កំណើត​ដើម្បី​ព្យាបាល​បន្ត​៕​