ប្រវត្តិ​សង្ខេប​ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា

កម្ពុជាក្រោម​អាណាព្យាបាល​បារាំង ប្រការ​ដែល​បារាំង​ឈាន​ជើង​មក​ប្រទេស​កម្ពុជា​លើក​នេះ គឺ​មិនមែន​កម្ពុជា ហៅ​មក​ដូច​រជ្ជកាល​ព្រះបាទ​អង្គឌួងនោះ​ឡើយ​។ បារាំង​មក​ដោយ​សំឡឹង​ឃើញ​ប្រយោជន៍​របស់​គេ ដែល​ខ្លួនបាន​បាត់បង់ ដែនដី​អាណានិគម​មួយចំនួន​នោះ គួប​ផ្សំ​នឹកឃើញ​ដល់​កម្ពុជា ធ្លាប់​អញ្ជើញ គេ​មក​ធ្វើ​អាណាព្យាបាល​ផង​ដែរ​។

ខ្លឹមសារ​ចំណុច​សំខាន់​នៃ​សន្ធិសញ្ញា​កម្ពុជា និង​បារាំង​, ថ្ងៃ​ទី ១១ សីហា ១៨៦៣ ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ព្រះ​ចៅ​អធិរាជ​បារាំង​បាន​សន្យា​ថា នឹង​រៀបចំ​ប្រទេស កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​សន្តិភាព និង​របៀបរៀបរយ ការពារ​ចំពោះ​ការ​វាយលុក​ទាំងឡាយ​មក​ពី​ខាងក្រៅ និងជួយ​ខ្មែរ​ក្នុង​ការ​ហូត​ពន្ធគយ ផ្ដល់​ភាព​ងាយស្រួល ក្នុង​ការ​ធ្វើ​គមនាគមន៍​តាម​ផ្លូវ​សមុទ្រ​។ ជា​ថ្នូរ​វិញប្រទេស​កម្ពុជា​ព្រម​ធ្វើ​សម្បទាន​ដល់​ប្រទេស​បារាំង​នូវ​ដី​ម្ដុំ​ជ្រោយចង្វា និង​បើក​សិទ្ធិ​ឲ្យ​បារាំង កាប់ឈើ​ក្នុង​ព្រៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​យក​ទៅ​ស្ថាបនា​កប៉ាល់​។ ទោះបី​ខាង​ភាគី ខ្មែរ​ចាញ់​ប្រៀប​ខាង​ភាគី​បារាំង​ខ្លះ​ក៏​ដោយ ក៏​មតិ​ខ្មែរ​ខ្លះ​យល់​ថា ខ្មែរ​អាច​ទទួលយក​សន្ធិសញ្ញា ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​១៨៦៣​បាន ព្រោះ​បារាំង​ពុំ​បាន​ដកហូត​អំណាច​ពី​ព្រះរាជា​ខ្មែរ​នៅឡើយ​។

សន្ធិសញ្ញា​ថ្ងៃ​ទី​១១ សីហា ១៨៦៣ ស្តី​ពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា​នេះ ត្រូវ​បាន​សៀម ដែល​ជា​គូប្រជែង​នឹង​បារាំង​ប្រឆាំង​យ៉ាង​ខ្លាំង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បារាំង​បាន​យល់ព្រម​ប្រគល់ ខេត្តបាត់ដំបង និង​សៀមរាប ទៅ​ឲ្យ​សៀម ដែល​ក្រោយមក​ទាមទារ​បាន​មក​វិញ​។ នៅ​ដើមឆ្នាំ​១៨៦៤ បារាំង​បាន​គាប សង្កត់​រាជរដ្ឋាភិបាល​បាងកក​តាម​ផ្លូវ​ទូត និង​ផ្លូវ​យោធា ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​បាងកក​បញ្ជូន​ត្រា ព្រះខ័នរាជ្យ និង​មកុដរាជ្យ សម្រាប់​ពិធី​រាជាភិសេក​ព្រះបាទ​នរោត្ដម ជា​ព្រះមហាក្សត្រ​ពេញ​លក្ខណៈ​នៅ​រាជធានី​ឧដុង្គ នា​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​១៨៦៤​។ មក​ដល់​ឆ្នាំ​១៨៦៧ បារាំង និង​សៀម​បាន​ស្រុះស្រួល​យល់ព្រម​ចំពោះ​បញ្ហា​ខ្មែរ ដែល​ពី​មុន​មក​មាន​ទំនាស់​ដោយសារ​សៀម មាន​អង់គ្លេស​នៅ​ពីក្រោយ ឯ​បារាំង​ចង់​ផ្ទេរ​ការ​កាន់កាប់ ខ្មែរ​ពី សៀម​។

ម្យ៉ាងទៀត បរិយាកាស​ធូរស្រាល​ខ្លះ​ៗ បាន​កើត​មាន​ឡើង​រវាង​បារាំង និង​អង់គ្លេស ព្រោះប្រទេស​ទាំង ពីរ​បាន​ក្លាយ​ទៅ​សម្ព័ន្ធមិត្ត​ក្នុង​ការ​ប្រឆាំង​នឹង​ចិន គឺ​ចលនា​ថៃ​ភិ​ញ (​ឈ្មោះ​សមាគម​សម្ងាត់​នៅ​ប្រទេស​ចិន​) ងើបឡើង​ប្រឆាំង​នឹង​អ្នក​កាន់​អំណាច​ជាតិ​ផង និង​ពួក​បរទេស​ផង​។ សន្ធិសញ្ញា ថ្ងៃ​ទី​១៥ កក្កដា ១៨៦៧ មាន​ន័យ​ថា បារាំង​ព្រម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​ទៅ​ឲ្យ​សៀម​។ ឯ​សៀម​ព្រម​ទទួលស្គាល់​សិទ្ធិ​របស់​បារាំង​ក្នុង​ការ​ដាក់​របប​អាណាព្យាបាល​មក​លើ​កម្ពុជា​។ ម្យ៉ាងទៀត​បារាំង សន្យា​ថា មិន​បញ្ចូល​ប្រទេស​ខ្មែរ ជា​អាណានិគម​ដូច​កម្ពុជា​ក្រោម​ឡើយ​។ ក្នុង​ការ​ត្រួត ត្រា​ដំបូង បារាំង​ធ្វើ​វិធី​ត្រជាក់​។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​១៨៨៤ បារាំង​បាន​ឡោម​ព័ទ្ធ​រាជ វាំង ហើយ​គំរាមកំហែង ព្រះបាទ នរោត្តម បង្ខំ​ឲ្យ​ព្រះ​អង្គ ចុះ​ព្រះ​ហស្ត​លេខា លើ​អនុសញ្ញា​មួយ ដែល​បាន​ដកហូត​អំណាច​ទាំងឡាយ​របស់ ព្រះ​អង្គ​។

ដំណាក់កាល​ចុង​ក្រោយ បារាំង​បាន​ធ្វើ​ឲ្យ កម្ពុជា ក្លាយជា​ដែនដី​សម្រាប់​ផ្គត់ផ្គង់​ផល​កសិកម្ម​ឲ្យ បារាំង ដោយ​បញ្ចូល កម្ពុជា​ទៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន​បារាំង​។ ទុក្ខវេទនា​ប្រជាជន​កម្ពុជា ក្នុង​សម័យ​អាណានិគម​បារាំង បារាំង​បាន​ជំរិត​ទារពន្ធ​ដារ យ៉ាងធ្ងន់ធ្ងរ មាន​តាំងពី​ពន្ធ​មនុស្ស ពន្ធ​ដី ពន្ធ​លំនៅ​ដ្ឋា​ន ពន្ធ​សត្វពាហនៈ ពន្ធ​យានជំនិះ ពន្ធ​របរ​អាជីវកម្ម​។​ល​។ ដើម្បី​បង់ពន្ធ​ជា​ប្រាក់​កាស​ឲ្យ​បារាំង កសិករ​បាន​ខិតខំ​ពង្រីក ដំណាំ​ឧស្សាហកម្ម​មាន​កៅស៊ូ​ជាដើម ព្រមទាំង​ពង្រីក​ដំណាំ​ដទៃ​ទៀត​មាន​ស្រូវ ពោត សណ្ដែក​។​ល​។ ប៉ុន្តែ​ទិន្នផល​ដំណាំ​មិនសូវ​ល្អ​ទេ​។ ផល​ស្រូវ​ក្នុង​មួយ​ហិច​តា​បាន​ត្រឹមតែ​ពី ១​តោន ដល់ ២​តោន​ប៉ុណ្ណោះ​។ ដូចនេះ​ហើយ​កសិករ​ក្រីក្រ ក៏​ក្លាយទៅជា​អ្នក​ជាប់បំណុល​ពួក​ឈ្មួញកណ្ដាល និង​ឈ្មួញ​បរទេស​។ ចំណែក​កា​ប្រាក់​វិញ​មាន​កម្រិត​ខ្ពស់​ណាស់​គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០%​ក្នុង​មួយ​ឆ្នាំ​។

ការ​តស៊ូ​របស់​ប្រជាជន​កម្ពុជា ដោយសារ​ការ​កេង ប្រវ័ញ្ច និង​ការ​គាបសង្កត់​ពី​ពួក​បារាំង​ខ្លាំង​ពេក ប្រជារាស្ត្រ​ខ្មែរ បាន​ងើប បះបោរ​ប្រឆាំង​នឹង​បា​រាំងជា​បន្តបន្ទាប់ ដូច​ជា​ចលនា​តស៊ូ​របស់​ក្រឡាហោមគង់ (១៨៨៥-១៨៨៦), ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក (១៨៨៥-១៨៨៦) ។ ទោះបី​ចលនា​តស៊ូ​ទាំងនេះ ត្រូវ​បាន​បង្ក្រាប​យ៉ាង ឃោរឃៅ ពី​សំណាក់ កងទ័ព​បារាំង​ក៏​ដោយ តែ​បាន​រីក​ផុសផុល​មិន​ឈប់​ឈរ រហូត​ដល់​រជ្ជកាល ព្រះបាទ ស៊ី​សុវត្ថិ មុនី​វង្ស (១៩២៧-១៩៤១) និង​បន្ត​មក​ដល់​រជ្ជកាល​ព្រះបាទ នរោត្តម សីហ​នុ ក្នុង​រាជ្យ​ទី​១ (១៩៤១-១៩៥៥)​។ កម្ពុជា​នៅ​ចុង​សម័យ​អាណានិគមនិយម ព្រះបាទ នរោត្តម សីហ​នុ បាន​សោយរាជ្យ​ក្នុង អំឡុង​ពេល​នៃ សង្គ្រាមលោក​លើក​ទី​២​។ ពេល​នោះ​ដោយ ជប៉ុន​មានជោគ​ជ័យ​នៅ​ចុង​បូព៌ា និង​អាស៊ី​អាគ្នេយ៍ កម្ពុជា​ក៏​បាន ធ្លាក់​ក្រោម​ការ​ត្រួតត្រា​ពីរ​ជាន់​គឺ បារាំង និង​ជប៉ុន​។

ក្រោយមក​មាន​ចលនា​តស៊ូ​បាន​កើត​ឡើងជា​បន្តបន្ទាប់​។ ក្រុម​ដែល​លំអៀង​ទៅ​ខាង ជប៉ុន មាន​លោក សឺ​ង ង៉ុ​កថា​ញ់ ជា​មេដឹកនាំ​។ នៅ​ដើមឆ្នាំ​១៩៥២ លោក សឺ​ង ង៉ុ​កថា​ញ់ បាន​បង្កើត​ចលនា​ខ្មែរ​សេរី​។ ក្រុម​មួយទៀត​លំអៀង​ទៅ​កាន់​កុ​ម្មុ​យ​នី​ស បាន​ក្លាយជា​រណសិរ្ស អ្នក​ស្នេហា មាតុភូមិ​ខ្មែរ ហៅ​កាត់​ថា​ខ្មែរឥស្សរៈ មាន​លោក ទូ សា​មុត ជា​ប្រធាន​។ ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ឯករាជ្យ​ជាតិ នៅ​ឆ្នាំ​១៩៤៥ ជប៉ុន បាន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​បារាំង ចេញពី​កម្ពុជា​។ ពេល​នោះ​ជប៉ុន បាន លើក​លោក សឺ​ង ង៉ុ​កថា​ញ់ ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​កងទ័ព​បារាំង ដោយ​សហការ​ជាមួយ​ចលនា​តស៊ូ​នៃ​ជនជាតិ លាវ (​ឡាវ​) និង​វៀតណាម​។

ព្រះបាទ នរោត្តម សីហ​នុ តែង​រិះរក​គ្រប់​លទ្ធភាព ដើម្បី​រំដោះប្រទេស​ជាតិ ពី​អាណានិគម​បារាំង​ជា​និច្ច​។ ចំណែក​បារាំង​បាន​បន្ថែម​ទ័ព​មក​កម្ពុជា​យ៉ាងច្រើន ដើម្បី​ទប់ទល់​ការ​បះបោរ​។ អសន្តិសុខ​កើត​មាន​ទូ​ទាំង​ផ្ទៃ​ប្រទេស ធ្វើ​ឲ្យ​ប្រជារាស្ត្រ​រង​ទុក្ខវេទនា​ដោយសារ សង្គ្រាម​។ ដោយ​យល់​ថា ការ ទាមទារ​ឯករាជ្យ​ដោយ​អាវុធ​បណ្តាល​ឲ្យ​ប្រជារាស្ត្រ​រង​ទុក្ខ​ខ្លាំង​ពេក ព្រះមហាក្សត្រ​ចាប់ផ្តើម​ធ្វើការ តស៊ូ​តាម ផ្លូវ​ទូត ដើម្បី​ទាមទារ​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា​។ ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​អាណានិគមនិយម​បារាំង អស់​ជិត​មួយ​សតវត្ស គឺ​៩០​ឆ្នាំ​ដោយ​គិត​ចាប់ពី ឆ្នាំ​១៨៦៣ រហូត​ដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣​។ ឆ្នាំ​១៩៤៩ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហ​នុ បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា អាណាព្យាបាល ដែល​បាន​ចុះ ហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង ១៨៨៤​។ នៅ​ឆ្នាំ​១៩៤៩ ដដែល​ព្រះ​អង្គ បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាម​ផ្លូវច្បាប់ នូវ​ឯករាជ្យ​របស់ ព្រះរាជា​ណា ចក្រ​កម្ពុជា​។ ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហ​នុ ព្រះ​អង្គ​យាង​បំពេញ​ព្រះរាជ បូជនីយកិច្ច ទាមទា​រកេត​ន​ភ​ណ្ភ ឯករាជ្យ ១០០% ជូន​ជាតិ​មាតុភូមិ ។ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា ព្រះ​ហស្ដ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះ​អង្គ ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ឯករាជ្យ ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​។

ប្រជារាស្ត្រ​កម្ពុជា​ទូ​ទាំង​ប្រទេស បាន​ថ្វាយ​ព្រះ​កិត្តិនាម ព្រះ​អង្គជា «​ព្រះ​មហា​វីរបុរស​ជាតិ ព្រះ​បិតា​ឯករាជ្យ​ជាតិ​»​។