​ការវាយប្រហារ​របស់​ក្រុម​សម្ព័ន្ធមិត្ត​អាមេរិក​ចំ​ទីតាំង​ស្តុក​អាវុធ​សំខាន់ៗ​ក្រុម​IS

​អ៊ីរ៉ាក់​៖​យោងតាម​ប្រភពព័ត៌មាន​ពី​យោធា​អាមេរិក​បាន​ថ្លែងថា យន្តហោះ​ចម្បាំង​អាមេរិក និង​សម្ព័ន្ធមិត្ត បាន​បើក​ការវាយប្រហារ​២០​ដង​លើ​ទីតាំង​ស្តុក​អាវុធ​សំខាន់ៗ របស់​ក្រុម​សកម្មប្រយុទ្ធ IS ក្នុងប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​។ ប្រតិបត្តិ​ការវាយប្រហា​រ​តាម​អាកាស​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត គឺ​បានកំណត់​គោលដៅ​សំខាន់ៗ នៅ​លើដី​ស្ថិតក្នុង​ទីក្រុង Ramadi និង​Sinjar​ប្រទេស​អ៊ីរ៉ាក់​។ 

​យន្តហោះ​ក្រុមចម្រុះ​បាន​ដឹកនាំ​ការវាយប្រហារ​ម្តង​ហើយ​ម្តងទៀត​នៅ ជុំវិញ​តំបន់​Sinjar​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ ដោយបាន​បំផ្លាញ​ទីតាំង​តម្កល់​កាំភ្លើងយន្ត ទីតាំង​លាក់​អាវុធ​សំងាត់​និង​ទីតាំង​កាំភ្លើងត្បាល់​របស់​ក្រុម សកម្មប្រយុទ្ធ​ផងដែរ​។ ពួកគេ​បាន​វាយប្រហារ​ផងដែរ លើ​ទីតាំង​លាក់​អាវុធ​សំងាត់​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម រថយន្ត​បំផ្ទុះ​គ្រាប់បែក កាំភ្លើងយន្ត​ធន​ធ្ងន់ និង​ទីតាំង​ប្រើប្រាស់​សម្រាប់​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម នៅក្បែរ​ទីក្រុង​រ៉ា​ម៉ា​ឌី​ជាមួយ​យន្តហោះ​ចម្បាំង​ចំនួន​៤​គ្រឿង​។​

​យន្តហោះ​ចម្បាំង​របស់​ក្រុមចម្រុះ បាន​វាយប្រហារ​សរុប​ចំនួន​១៥​ដង​ក្នុងប្រទេស​អ៊ីរ៉ាក់ ដែល​បានកំណត់​គោលដៅ​លើ​ក្រុម​ឧទ្ទាម​ក្បែរ​តំបន់​Fallujah, Kisik, Sultan Abdullah និង​Tal Afar​។ នេះ​បើ​យោងតាម​របាយការណ៍​។ នៅក្នុង​ប្រទេស​ស៊ី​រី​យន្តហោះ​ចម្បាំង​ក្រុមចម្រុះ បាន​វាយប្រហារ​ទីមួយ​នៅក្បែរ​តំបន់​al Hawl ទី​ពីរ​នៅក្បែរ​តំបន់​Mar​និង​ទី​បី​នៅក្បែរ​តំបន់​Dayr az Zawr៕

​ការវាយប្រហារ​របស់​ក្រុម​សម្ព័ន្ធមិត្ត​អាមេរិក​ចំ​ទីតាំង​ស្តុក​អាវុធ​សំខាន់ៗ​ក្រុម​IS