លោក ហ៊ុន សែន ប្តេជ្ញា​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​ស្របតាម​ព្រះរាជតម្រិះ​សម្តេចឪ

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ជា​ព្រះរាជាធិបតី​អុជ​ទៀនជ័យ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី៦២ (៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកា ឆ្នាំ២០១៥ ) នៅ​វិមានឯករាជ្យ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

នាឱកាស​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​សម្តែង​នូវ​ការ​រំលឹក​ព្រះរាជ​គុណូបការៈ​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​បំពេញ​ព្រះរាជកិច្ច តស៊ូរ និង​លះបង់​គ្រប់យ៉ាង​ក្នុងការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​ជូន​ជាតិ​មាតុភូមិ។

លោក ហ៊ុន សែន បានសរសេរថា៖ «ចាប់តាំងពី ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ឯករាជ្យ​ពេញលេញ នៅ​ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ​អតីត ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ ព្រះអង្គ​បាន​ស្ថាបនា និង​អភិវឌ្ឍន៍​កម្ពុជា​ឥតឈប់ឈរ ដែល​បានធ្វើ​ឲ្យ​ប្រទេស​យើង​រីកចម្រើន​គ្រប់​វិស័យ។ នៅពេលនោះ ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្លាយជា​ប្រទេស​ដែល​មា​ឥ​ទ្ឋិ​ពល​មួយ​នៅ​អាស៊ី ដែល​ប្រជារាស្ត្រ​រស់នៅ​ដោយ​សុខសាន្ត​បំផុត​ក្រោម​ការដឹកនាំ​របស់​ព្រះអង្គ»។

ជាមួយគ្នានេះ ផងដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញា​បន្ត​នូវ​មរតក​ជាតិ​ដ៏​ឧត្តុង្គឧត្តម​នេះ ដើ​ម្ប​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​ស្របតាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះអង្គ ដើម្បី​ធ្វើអោយ​កម្ពុជា​ទាំងមូល​រីកលូតលាស់​ខ្លាំង​ឡើង៕