អង់សានស៊ូជី បាន​បោះឆ្នោត​ឡើង​វិញ​បន្ទាប់​ពី​ខក​ខានអស់​២៥ឆ្នាំ


បន្ទាប់ពីត្រូវបានបង្ខាំងខ្លួន អស់ជាច្រើនឆ្នាំ អ្នកស្រី អង់សានស៊ូជី (Aung San Suu Kyi) មេដឹកនាំ​ប្រឆាំង​ភូមា ទើប​បាន​ទៅ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ និង​ជា​លើក​ដំបូង នៅក្នុងការបោះឆ្នោតជា​សកល ដោយ​សេរី​មួយ ដែល​ប្រទេស​ភូមា មិន​បាន​ធ្វើ​​តាំង​ពី២៥ឆ្នាំ​មក​ហើយ នាព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ កាបោះឆ្នោត ដែល​គេរំពឹង​ថា គណបក្ស​របស់​អ្នកស្រី ស៊ូជី អាច​នឹង​ឈ្នះ។
អង់សានស៊ូជី បាន​បោះឆ្នោត​ឡើង​វិញ​បន្ទាប់​ពី​ខក​ខានអស់​២៥ឆ្នាំ

ពលរដ្ឋភូមា អ្នកគាំទ្រអ្នកស្រីអង់សានស៊ូជី លើករូបថតអ្នកស្រី នៅក្នុងការជួបជុំមួយ កាលពីឆ្នាំ២០១២។ (រូបថតឯកសារ)

ការិយាល័យបោះឆ្នោត បានបើកទ្វាតាំងពីព្រឹកព្រហាម ក្នុងថ្ងៃអាទិត្យនេះ ដើម្បីការបោះឆ្នោត ​ជ្រើស​តាំង​តំណាងរាស្ត្រ ដែលមានលក្ខណៈ ជាប្រវត្តិសាស្ត្រមួយ និងមានលក្ខណៈសេរី តាំងពី២៥ឆ្នាំមកហើយ។ នេះ​បើតាមការប្រកាស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ភូមា។ ហើយក៏ជាការបោះឆ្នោតមួយ ដែល​គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (LND) របស់អ្នកស្រីអង់សានស៊ូជី អាចនឹង​ទទួលបាន​ជ័យជំនះ ឈ្នះកៅអីតំណាងរាស្ត្រ ដើម្បីឈានទៅកាន់អំណាច។

បណ្ដាញផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកស្រី ស៊ូជី បានទម្លាក់សន្លឹកឆ្នោតរបស់អ្នកស្រី ទៅក្នុង​ហិបឆ្នោត តាំងពីម៉ោង៧ព្រឹក នៅក្នុងការិយាល័យបោះឆ្នោត ដែលស្ថិតក្នុងបរិ​វេណសាលារៀនមួយ កណ្ដាល​ក្រុង ង់ហ្គូន។

ជាការរំលឹកឡើងវិញ នៅក្នុងការបោះឆ្នោតនាឆ្នាំ១១៩០ ដែលត្រូវបានវិន្និច្ឆ័យថា មានលក្ខណៈសេរីនោះ ក្រុម​មេដឹកនាំយោធាភូមិ បានទទួលបរាជ័យ នៅចំពោះប្រជាប្រិយភាព ដ៏ធំធេងនៃគណបក្ស «LND»។ អ្នកស្រី អង់សានស៊ូជី ដែលត្រូវបានបង្ខាំង នៅក្នុងគេហដ្ឋានរបស់អ្នកស្រីនោះ មិនបានចេញទៅបោះឆ្នោត​ទេ ហើយទីបំផុតទៅ លទ្ធផលនៃការបោះឆ្នោត ក្នុងពេលនោះ មិនត្រូវបានក្រុមមេដឹកនាំយោធាទទួល​ស្គាល់ និងថែមទាំងដណ្ដើមកាន់កាប់ បន្តរបបយោធា«ផ្ដាច់ការ» របស់ផងខ្លួន ដើម្បីដឹកនាំប្រទេស។

លុះឆ្នាំ​២០១០ ការបោះឆ្នោត ត្រូវបានរៀបចំឡើងវិញ ដោយរបបដឹកនាំយោធា។ គណបក្ស «LND» បានធ្វើ​ពហិកា មិនចូលរួមក្នុងការបោះឆ្នោតនេះទេ ដោយបានប្រកាសថា វាគ្រាន់តែជាឆាកល្ខោនមួយ ដើម្បីឲ្យ​ក្រុម​មេដឹកនាំ«ផ្ដាច់ការ» ដែលបានកាន់អំណាច​តាំងពីឆ្នាំ១៩៦២ នៅបន្តការកាន់អំណាចរបស់ខ្លួន ដោយស្រប​ច្បាប់ប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ការបោះឆ្នោតឆ្នាំ២០១០នេះ ត្រូវបានចាត់ទុកថា ជាដំណើរការ​មួយ ឈានទៅរកការផ្លាស់ប្ដូរ ដើម្បីលិទ្ធិប្រជាធិបតេយ្យ នៅភូមា។

សម្រាប់ថ្ងៃអាទិត្យទី៨ ខែវិច្ឆិកានេះ ប្រជាពលរដ្ឋភូមាប្រមាណ ជា៣០លាននាក់ បានទៅចូលរួមបោះឆ្នោត ដើម្បីសម្រេចអនាគត និងជោគវាសនារបស់ពួកគេ។ ភាគច្រើននៃពលរដ្ឋទាំងនោះ មិនដែលស្គាល់អ្វីទៅ ដែលហៅថាការបោះឆ្នោតនោះផង៕