ជន​មិន​ស្គាល់​មុខ​បាញ់ប្រហារ​កណ្តាល​ទ្រូងព្រៃ​តំបន់​អភិរក្ស​ស្លាប់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​ប៉ូលិស

ខេត្តព្រះវិហារ ៖ ការ​បាញ់ប្រហារ​កណ្តាលរាត្រី​មួយ​នៅ​កណ្តាល​ទ្រូងព្រៃ កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ វិច្ឆិកា បាន​ឆក់​យក​ជីវិត​មន្ត្រី​២​នាក់ និង​ម្នាក់​របួសធ្ងន់ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​រួច​ពី​ស្លាប់ តែ​កំពុង​បាត់ដាន​នៅ​ក្នុង​ព្រៃ ។

ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មន្ត្រី​ដែល​រង​គ្រោះ​បាត់បង់​អាយុជីវិត​គឺ​លោក សៀង ដា​រ៉ុ​ង អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល ចុះ​មក​ពី​រាជធានី​ភ្នំពេញ ជា​បុគ្គលិក​អង្គការ WCS និង​ម្នាក់​ទៀត​គឺ​លោក សាទ យួ​ស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​នគរបាល​ស្រុក​ឆែប ខេត្តព្រះវិហារ ។

លោក​ទាំង​២​ត្រូវ​បាន​បាញ់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ចំណែកឯ​អ្នក​រង​របួសធ្ងន់ ជា​មន្ត្រី​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​១០៥ លោក ថេ​ត សោភ័ណ និង​មន្ត្រី​យោធា​ម្នាក់​ទៀត​នៅ​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​៩​បាន​រត់គេច​ខ្លួន​រួច ក្រោយ​ការ​បាញ់ប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ វិច្ឆិកា នៅ​ក្នុង​ព្រៃ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ដែល​ជា​តំបន់​ព្រៃ​អភិរក្ស​ចំណុច​ផែនទី​លេខ​២៥៦៥៨.៥០៩១៤ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ។

តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ការ​បាញ់ប្រហារ​មក​លើ​មន្ត្រី​ខាងលើ ខណៈ​ពេល​ដែល​ក្រុមការងារ​នេះ មាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​អង្គការ​អភិរក្ស​សត្វព្រៃ ដែល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចុះ​ប្រតិបត្តិការ​ឃ្លាំមើល និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វ​មាន​គ្នា​ចំនួន​៤​នាក់ ។ នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ប្រតិបត្តិការ​ឃ្លាំមើល នៅ​ក្នុង​ព្រៃ​ត្រង់​កន្លែង​កើតហេតុ​ខាងលើ បង្ក្រាប​បាន​ម៉ាស៊ីន​កាត់ឈើ​ចំនួន​១១​គ្រឿង លើ​ចំណុច​២​ទីតាំង ដែល​ជា​កន្លែង​ស្នាក់​នៅ​ក្នុង​ព្រៃរបស់​ជនខិលខូច​និង​អាវុធ​កែ​ច្នៃ​២​ដើម ។ ប៉ុន្តែ​ដោយសារ​តែ​នៅ​ក្នុង​ព្រៃ​ជ្រៅ​មិន​ទាន់​អាច​យក​ចេញពី​ក្នុង​ព្រៃ មក​ទីប្រជុំជន​បាន​ក្រុមការងារ​ទាំង​៤​នាក់​ខាងលើ ក៏​សម្រេច​បោះទីតាំង​ស្នាក់​នៅ​ក្នុង​ព្រៃ នៅ​ចំណុច​កន្លែង​នោះ​ដែល​ស្ថិត​ក្នុងភូមិ​ខាំ​កឺ​ត ឃុំ​របុញ ស្រុក​ជាំ​ក្សាន្ត ។

លុះ​មក​ដល់​យប់​ជ្រៅ​រំលង​អធ្រាត្រ ស្រាប់តែ​មាន​ពួក​ខ្មាន់កាំភ្លើង​មួយ​ក្រុម មក​បាញ់​រះ​លើ​ក្រុម​មន្ត្រី​ខាងលើ​ជា​ច្រើន​គ្រាប់ បណ្តាល​ឱ្យ​ក្រុមការងារ​២​នាក់​ស្លាប់​ភ្លាម​ៗ ម្នាក់​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​គេចខ្លួន​រួច ។ ចំណែកឯ​ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ដែរ ។

ជុំវិញ​ការ​បាញ់ប្រហារ​ខាងលើ សមត្ថកិច្ច​ចម្រុះ​កំពុង​តែ​បើក​ការ​ស៊ើបអង្កេត និង​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​យ៉ាង​ក្តៅ​គគុក ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ចំណែកឯ​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ចូល​ទៅ​យក​នៅ​ក្នុង​ព្រៃ​ដឹក​មក​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​អ្នក​រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ និង​ម្នាក់​ទៀត ដែល​រត់គេច​ខ្លួន​រួច​ពី​ការ​បាញ់ប្រហារ​ខាងលើ មក​ដល់​ពេល​នេះ​មិន​ទាន់​ដឹង​ថា​នៅ​ទីណា​នោះ​ទេ ។

យោង​តាម​ការ​សន្និដ្ឋាន​ពី​សមត្ថកិច្ច​និង​មហាជន​ទូទៅ​ក្នុងស្រុក​ជាំ​ក្សាន្ត លើ​ការ​បាញ់ប្រហារ​នេះ ខ្មាន់កាំភ្លើង​អាច​ជា​ក្រុម​ឈ្មួញ​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ផល​អនុ​ផល​ព្រៃឈើ​នៅ​តំបន់​នោះ​តែ​ម្តង ព្រោះ​ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​ទុច្ចរិត​របស់​ពួក​គេ ដែល​គេ​ជឿជាក់​ថា ប្រាកដជា​រក​ឃាតករ​ដៃដល់​ឃើញ​មិន​ខាន ៕​