​លោក ម៉ម សូណង់ដូ ប្រកាស​ប្ដឹង​បក​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​វិញ

​រាជធានី​ភ្នំពេញ​៖​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ បានប្រកាសថា លោក​នឹង​ប្តឹង​បក​ទៅ លោក​អនុប្រធាន​គណបក្ស​វិញ ពីបទ​បរិហាកេរ្តិ៍ បន្ទាប់ ពី​លោក​អនុប្រធាន​រូបនោះ​ប្តឹង​សុំ​ផ្អាក​សកម្មភាព​គណបក្សរ​ប​ស់លោក។ លោក​បញ្ជាក់ថា លោក ហ៊ាង រិទ្ធី បានធ្វើ​ឲ្យ​គណបក្ស​ធ្លាក់​ប្រជាប្រិយភាព ដែលជា​កម្មវត្ថុ​នៃ​បណ្ដឹង​នេះ​។ 

​    ​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅ លោក​បណ្ឌិត ហ៊ាង រិទ្ធី ជា​អនុប្រធាន​គណបក្ស និង​មន្ត្រី​៣​រូប​ទៀត​បាន​ចូលខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​បណ្ដឹងសុំ​ផ្អាក​សកម្មភាព​គណបក្ស និង​រំលាយ​គណបក្ស​នេះ​។ 

​    ​លោក​បណ្ឌិត ហ៊ាង រិទ្ធី បានផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ការសាកសួរ​ជាមួយ​លោក​ចៅក្រម លី សុខ​លេង ថា លោក ម៉ម សូណង់ដូ ជា​អ្នកប្រជាធិបតេយ្យ​ក្លែងក្លាយ ប្រព្រឹត្ត​ខុស​លក្ខន្តិកៈ​របស់​គណបក្ស ដែល​នាំ​ឲ្យ​មានការ​អាម៉ាស់​យ៉ាងខ្លាំង ដែល​គណបក្ស​ទើប​បង្កើត​ភ្លាម​ទទួលរង​នូវ​ការបែកបាក់​ផ្ទៃក្នុង​យ៉ាង​ដូច្នេះ​។ 

​    ​លោក​បណ្ឌិត ហ៊ាង រិទ្ធី អាយុ​៥៦​ឆ្នាំ ធ្លាប់បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ក្រុម​លោក​សម្រេច​ដាក់ពាក្យ​ប្តឹងទៅ​កាន់​តុលា​ការសុំ​ឲ្យ រំលាយ​គណបក្ស​នេះ​ចោល គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ចាញ់បោក​លោក ម៉ម សូណង់ដូ នេះ​តទៅទៀត​។ 

​    ​មន្ត្រី​គណបក្ស​សំបុក​ឃ្មុំ​៣​នាក់​ផ្សេងទៀត​ដែល​បាន​ចូលរួម​ដាក់ពាក្យ​ប្តឹងទៅ​សាលាដំបូង​រាជធានី កាលពីពេល​ថ្មីៗ​នេះ មាន​លោក ញ៉ែម វណ្ណ​ថន អាយុ​៥៨​ឆ្នាំ ជា​អគ្គលេខាធិការ​លោក ហ៊ាង គឹម​ស្រឿ​ន អាយុ​៤២​ឆ្នាំ អគ្គលេខាធិការរង និង​លោក ស្រី អ៊ូ ចន្ទ​ផល្លា អាយុ​២៧​ឆ្នាំ អគ្គ​ហេរញ្ញិក​រង​៕

​លោក ម៉ម សូណង់ដូ ប្រកាស​ប្ដឹង​បក​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​វិញ