ចៅក្រម​ចេញ​ដីកាឃុំខ្លួន​គ្រូបង្រៀន​ជាប់ចោទ ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​អាស​សម្រាត​សិស្ស​ស្រី​ក្នុង​ពេល​បង្រៀន

ចៅក្រម​ចេញ​ដីកាឃុំខ្លួន​គ្រូបង្រៀន​ជាប់ចោទ ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​អាស​សម្រាត​សិស្ស​ស្រី​ក្នុង​ពេល​បង្រៀន

ខេត្តស្វាយរៀង ៖ លោក ហម ម៉េ​ង​សែ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ដួង សា​នេ​ត អតីត​គ្រូបង្រៀន​សាលា​បឋម​សិក្សា ហ៊ុន សែន វត្ត​ថ្មី នៅ​ពន្ធនាគារ​ខេត្ត​ហើយ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ដោយ​ចោទ​ពី​បទ «​ផ្ដើមគំនិត​ក្នុង​អំពើ​អាស​ប្រឆាំង​នឹង​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​» ។

អតីត​គ្រូបង្រៀន​រូប​នេះ បាន​ដាក់​ទណ្ឌកម្ម​សិស្ស​ស្រី​អាយុ​១១​ឆ្នាំ ដោយ​ឱ្យ​សិស្ស​ប្រុស​ចាប់​សម្រាត​សំពត់​នៅ​មុខ​មិត្ត​រួម​ថ្នាក់​កាលពី​ថ្ងៃ​ទី​១៨ ឧសភា កន្លង​ទៅ ធ្វើ​ឱ្យ​ជីដូន​សិស្ស​ស្រី​ប្ដឹង​ទៅ​សមត្ថកិច្ច និង​ប្ដឹង​ទៅ​សាលាដំបូង​ខេត្ត ដោយ​អូស​បន្លាយ​ជា​ច្រើន​ខែ ទើប​ទម្លាយ​ដល់​បណ្ដាញសារព័ត៌មាន​ពី​រឿង​នេះ ក៏​បាន​ផ្ទុះ​រឿង ។

នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា វេលា​ម៉ោង​៥​ល្ងាច​លោក ផា​ន់ រតនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ធ្វើការ​ចោទប្រកាន់​ជន​ឈ្មោះ ដួង សា​នេ​ត ពី​បទ​ផ្ដើមគំនិត​ក្នុង​អំពើ​អាស​ប្រឆាំង​នឹង​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​បាន​ដាក់​សំណើ​ទៅ​លោក​ចៅក្រម​សើ​ុ​ប​សួរ សុំ​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន ហើយ​ត្រូវ​បាន​លោក​ប្រធាន​សាលាដំបូង​ប្រគល់​សំណុំរឿង​ដល់​លោក​ចៅក្រម ហម ម៉េ​ង​សែ ។

លុះដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា វេលា​ម៉ោង​១០​ព្រឹក លោក ហម ម៉េ​ង​សែ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​ឈ្មោះ ដួង សា​នេ​ត ។ បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​រំដួល​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ដីកាចាប់ខ្លួន​ភ្លាម ក៏​បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ចាប់​ជន​ខ្លួន​សង្ស័យ​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ដដែល ហើយ​បាន​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា វេលា​ម៉ោង​១០​ព្រឹក ។

នេះ​ជា​រឿងរ៉ាវ​មួយ​ក្លាយជា​គំរូ​សម្រាប់​គ្រូបង្រៀន​ផ្សេង​ៗ ដែល​គួរ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​ដិត​ដល់​ចំពោះ​ការ​ធ្វើ​ទារុណកម្ម​លើ​សិស្ស ដែល​រូបភាព​របស់​ឈ្មោះ ដួង សា​នេ​ត បាន​ធ្វើ​នេះ​គឺ​មិន​គប្បី​សោះឡើយ ។ កាលពី​ខែ​មុន អតីត​គ្រូបង្រៀន​រូប​នេះ​បាន​បង្ហាញ​មុខជា​លើក​ដំបូង​ក្នុង​គេហទំព័រ​មួយ​បដិសេធ​ការ​ចោទប្រកាន់​នោះ​ដោយ​និយាយ​ថា ខ្លួន​មិន​បាន​ចាប់​សម្រាត​ទេ តែ​បាន​និយាយ​ពី​ការ​សម្រាត ស្រាប់តែ​សិស្ស​ប្រុស​ម្នាក់​ទៅ​សម្រាត​នាង តែ​មិន​ស្រាត​អស់នោះ​ទេ ។

តាម​រយៈ​ការ​ផ្សាយ​នោះ ក៏​មានការ​សម្ភាសន៍​សិស្ស​និង​អាណាព្យាបាល​សិស្ស​មួយ​ចំនួន ដែល​និយាយ​ផ្ដល់​ភាព​អវិជ្ជមាន​គាំទ្រ​មន្ត្រី​អតីត​គ្រូបង្រៀន​រូប​នេះ ដោយ​ទំនងជា​ភ្លេច​ថា តើ​បើជា​កូន​ខ្លួន​វិញ​មាន​អារម្មណ៍​បែប​ណា? ពេល​នេះ​អ្វី​ៗ​បាន​ចប់​ហើយ នោះ​គឺ​ការ​ទទួលទោស​តាម​ច្បាប់​ទៅ​តាម​អំពើ​ដែល​បាន​សាង​ឡើង ទោះបី​មិន​ទាន់​ឈាន​ដល់​ការ​ជំនុំជម្រះ​ដល់​អង្គសេចក្ដី​ក៏​ដោយ ៕​