សង្ស័យ​ខុស​បច្ចេកទេស ជនជាតិ​អា​មេ​រិ​ក​មា្ន​ក់​ស្លាប់​នៅ​ក្នុង​មន្ទី​រសម្រាក​​ព្យាបាល​អន្តរជាតិ​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនជាតិ​បរទេស​ម្នាក់​បាន​ស្លាប់​ដោយ​អាថ៌​កំបាំង​កាលពី​ព្រលប់​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៥ នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ​កន្លែង​យីហោមន្ទី​រសម្រាក​​ព្យាបាល​អន្តរជាតិ​ក្រុងព្រះសីហនុ ដោយ​គេ​មានការ​សង្ស័យ​ថា​មក​ពី​គ្រូពេទ្យ​ខ្វះ​ជំនាញ ។

យោង​តាម​ប្រភព​ពី​មិត្ត​ស្រី​បុរស​ជនជាតិ​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ HAAS KURT EDWARD អាយុ​៥៣​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក មានមុខរ​បរជា​អាជីវករ បើកហាង​បារាំង​នៅ​ចំណុច​ភូមិ​០៤ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ។ ប្រភព​ដដែល​បាន​បន្ត​ថា មិត្ត​ប្រុស​របស់​គាត់​មាន​ជំងឺ​ផ្លូវដង្ហើម​(​ហឺត​) នៅ​ថ្ងៃ​កើតហេតុ​មិត្ត​ប្រុស​របស់​គាត់​មាន​អារម្មណ៍​ថប់ដង្ហើម បាន​មក​សម្រាក​ព្យាបាល​នៅ​គ្លីនិក​នេះ​(​មន្ទីរ​សម្រាក​ព្យាបាល​អន្តរជាតិ​ក្រុងព្រះសីហនុ​) បន្ទាប់​មក​ក៏​បាន​ធូរស្រាល ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ មិន​បាន​ប៉ុន្មាន​ផង​ជំងឺ​នោះ​ក៏​ចាប់ផ្តើម​សារ​ជា​ថ្មី ភ្លាម​នោះ​មិត្ត​ប្រុស​របស់​គាត់​ក៏​បាន​ត្រឡប់​មក​សារ​ជា​ថ្មី ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​មិត្ត​ប្រុស​របស់​គាត់​ក៏​បាន​លាចាក​លោក​នេះ​ទៅ​ទាំង​នៅ​ស្រស់ៗ ដោយ​ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា ដោយសារ​តែ​មិត្ត​ប្រុស​របស់​គាត់​មាន​អាកា​រៈ​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ពេក ទើប​ពុំ​អាច​សង្គ្រោះ​បាន ។

ជុំវិញ​ការ​ស្លាប់​នេះ លោក សែ​ជូ សុ​រិ​ទ្ឋី​ជោតិ អនុប្រធាន​មន្ទី​សុខាភិបាល ទទួល​បន្ទុក​ពិនិត្យ​សាកសព បាន​គូសបញ្ជាក់​ថា មូលហេតុ​ដែល​ជនជាតិ​អា​មេ​រិ​ក​នេះ​ស្លាប់​ដោយសារ​គាំងបេះដូង ព្រោះ​ជន​រង​គ្រោះ​មាន​ជំងឺ​បេះដូង​ជា​យូរ​ឆ្នាំ​មក​ហើយ ។

ទាក់ទង​ទៅ​នឹង​ការ​ស្លាប់​នេះ យោង​តាម​ប្រភព​អ្នក​ស្គាល់​ជន​រង​គ្រោះ​មានការ​និយាយ​ត​ៗ​គ្នា​ថា ជន​រង​គ្រោះ​នៅ​មុន​ថ្ងៃ​ស្លាប់​គឺ​គាត់​មាន​សុខភាព​ល្អ​ណាស់ ថ្វី​ត្បិត​តែ​គាត់​មាន​ជំងឺ​លេបថ្នាំ​១​ថ្ងៃ​៣​ដង​យ៉ាងណា​ក្តី គាត់​មានការ​ថែរក្សា​សុខភាព​ខ្លាំង​ណាស់​ឲ្យ​តែ​មាន​បញ្ហា​អ្វី​បន្តិចបន្តួច​គាត់​តែងតែ​មក​ពិនិត្យ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​មិនដឹង​ថា​ ក្រុម​គ្រូពេទ្យ​ពិនិត្យ​គាត់ រឺ​ចាក់​ថ្នាំ​យ៉ាងម៉េច​ទេ​ទើប​គាត់​ស្លាប់​យ៉ាង​អាថ៌​កំបាំង​បែប​នេះ ពួក​គាត់​នៅ​តែ​ពុំ​អស់ចិត្ត​ទៅ​នឹង​ការ​ស្លាប់​នេះ ។

ហេតុនេះ ក្នុង​នាម​ពួក​គាត់​ជា​ប្រជាពលរដ្ឋ សូម​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់​ព័​ន្ឋ​ផ្នែក​សុខាភិបាល គួរ​ណា​តែ​ចុះ​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ទៅ​លើ​គ្រប់​គ្លីនិក​ឯកជន ដែល​កំពុង​បើក​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចៀសវាង​នូវ​បញ្ហា​ផ្សេង​ៗ​ដែល​អាច​កើត​មាន​លើ​អ្នកជំងឺ​ក្រោយ​ៗ​ទៀត ។

នៅ​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៥ សព​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​របស់​មន្ទី​ពេទ្យ​បង្អែក​ចំការ​ចេក ដឹក​យក​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​វិញ តាម​រយៈ​តំណាង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ៕