ដំណើរ​ទស្សនកិច្ច​ក្រសួងការពារជាតិ​ចិន ក្នុង​តំបន់​រម​នី​យ​ដ្ឋា​ន​អង្គរ​នៃ​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ក្នុង​រយៈពេល​៤​ថ្ងៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា របស់​គណៈប្រតិភូ​ក្រសួងការពារជាតិ នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ Chang Wanquan រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សហការី អម​ដំណើរ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំ​ផ​ន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បាន​ធ្វើ​ឲ្យ​ចំណងមិត្តភាព​រវាង​កងទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រកៀក​ស្មា​គ្នា​ក្នុង​កិច្ច​អភិវឌ្ឍន៍​លើ​វិស័យ​យោធា សំខាន់​លើ​ការ​ជួយ​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស និង​កម្រិត​បច្ចេកទេស​កងទ័ព ព្រមទាំង​បទ​ពិសោធន៍​ល្អ​ៗ​មួយ​ចំនួន​ទៀត​ផង ។

ក្នុង​ដំណើរ​មក​ដល់​ខេត្តសៀមរាប នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​របស់​គណៈប្រតិភូ កាលពី​រសៀល​ថ្ងៃ​ទី៧ វិច្ឆិកា ២០១៥ ក្រោម​ការ​ទទួល​បដិសណ្ឋាកិច្ច​របស់​អស់លោក លោកស្រី ជា​មេបញ្ជាការ បញ្ជាការ​រង យោធភូមិ​ភាគ​ទី​៤ នាយសេនាធិការ នាយការិយាល័យ តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ។ នៅ​រាត្រី​ថ្ងៃ​នោះ​ដែរ ក៏​មាន​ធ្វើ​ពិធី​លៀង​សាយភោជន៍​ជូន​ដល់​គណៈប្រតិភូ នៅ​សណ្ឋាគារ​អង្គរ​សេន​ជូ​រី ខេត្តសៀមរាប ក្នុង​ដំណើរ​បញ្ចប់​ទស្សនៈកិច្ច​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប ដែល​បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ភាព​ស្និត​ស្នាល​នឹង​គ្នា​រវាង​ក្រសួងការពារជាតិ​កម្ពុជា និង​ក្រសួងការពារជាតិ នៃ​កងទ័ព​រំដោះប្រជាជន​ចិន ដែល​កាន់តែ​ធ្វើ​ឲ្យ​ចំណងមិត្តភាព​កម្ពុជា-ចិន មាន​ភាពរឹងមាំ​ទៅ​អនាគត​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​នេះ លោកនាយ​ឧត្តមសេនីយ៍ Chang Wanquan និង​សហការី បាន​អញ្ជើញ​ទៅ​ទស្សនា​នៅ​តាម​រមណីយ​ដ្ឋាន​ប្រាសាទ​អង្គរ ប្រាសាទបាយ័ន និង​ប្រាសាទតាព្រហ្ម ដែល​ជា​សម្បត្តិ​វប្បធម៌​មរតក​នៃ​បុព្វបុរស​ខ្មែរ​យើង​បាន​បន្សល់​ទុក​នូវ​វត្ថុ​ដ៏​មាន​តម្លៃ​ក្នុង​រជ្ជកាល​ព្រះបាទ​សូ​រិ​យា​វ័​រ្ម​នទី​២ និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ជា​សំណង់ និង​ស្ថាបត្យកម្ម​ដ៏​កំពូល បាន​បង្ហាញ​នូវ​ការ​សិក្សា​ស៊ីជម្រៅ​នា​សម័យ​អតិ​ត​កាល បាន​ឆ្លុះ​បញ្ចាំង​ដល់​ការ​វាយតម្លៃ​ខ្ពស់​នូវ​ទេព​កោសល្យ ស្នាដៃ​បុព្វបុរស​ដូនតា​ខ្មែរ នៃ​ចក្រភព​មួយ​លើ​លោក ។

លោក Chang Wanquan និង​សហការី​ក៏​បាន​សម្តែង​នូវ​ក្តី​ស្ញប់ស្ញែង កោតសរសើរ ចំពោះ​កេរ្តិ៍​មរតក​ខ្មែរ​ដ៏​មហា​អស្ចារ្យ ពិតជា​អច្ឆរិយៈវត្ថុ គ្មាន​ពីរ​លើ​លោក ប្រៀប​បាន​និង​សំណង់​ស្ថាបត្យកម្ម​ទេពនិម្មិត មិន​អាច​កាត់ថ្លៃ​បាន នៃ​ដួង​ព្រលឹង​ជាតិ​កម្ពុជា ដែល​បាន​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក​របស់​មនុស្សជាតិ​ផង​ដែរ ។

លុះ​នៅ​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៥ ក្រុម​គណៈប្រតិភូ​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ខេត្តសៀមរាប តាម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង តាម​ជើង​យន្តហោះ​ផ្ទាល់ខ្លួន ដោយ​បាន​ពាំនាំ​នូវ​លទ្ធផល​នៃ​ក្តី​សង្ឃឹម ដែល​ទទួល​បាន​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ៕