មន្ត្រី​នគរបាល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​មន្ត្រី​២​នាក់ ដែល​ជន​មិន​ស្គាល​មុខ​បាញ់​សម្លាប់​នៅ​ព្រៃ​តំបន់​អភិរក្ស

ខេត្តសៀមរាប​(​ព្រះ​វិហារ​) ៖ ​កាលពី​​វេលា​រំលង​អ​ធ្រា​ត្រ​ថ្ងៃ​ទី​៦ វិច្ឆិកា ឈាន​ចូល​ថ្ងៃ​ទី​០៧  វិច្ឆិកា ​​មាន​ករណី​យ​ជន​មិន​ស្គាល់​មុខលួច​ឆ្មក់​បាញ់ប្រហារ​មក​លើ​ក្រុម​ល្បាត​ក្នុង​តំបន់​ការពារ​ព្រៃឈើនៅ​លើ​ចំណុច​អូរ​បាក់.ក ក្នុងភូមិ​សាស្ត្រ​នៃ​ភូមិ​មរកត ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បណ្តាល​ឲ្យ​ក្រុម​ល្បាតដែល​មាន​គ្នា​ចំនួន​៤​នាក់ ស្លាប់​២​នាក់ រួច​ផុត​ពី​ការ​បាញ់ប្រហារ​២​នាក់ ក្នុង​នោះ​មាន​អ្នក​រង​របួសស្រាល​ម្នាក់ ផង​ដែរ​។

តាម​ប្រភព​ព័​ត័​មានដែល​បាន​ឲ្យ​ដឹង​ពី​ពលបាលទោ ភេទ សុ​ភាន់ មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​១០៥ ដែល​ជា​អ្នក​រង​របួសកំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ១៦​មក​រា ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​០៨ ​វិច្ឆិកា​​​ថា ​ហេតុ​ការណ៍បាញ់ប្រហារ​នេះបាន​កើតឡើង​ក្រោយ​ពេល​ដែល​ក្រុម​ល្បាត​របស់​ខ្លួន​ជួប​ប្រទះ​ឃើញ​ក្រុម​ល្មើស​២​ក្រុមធ្វើ​សកម្មភាព​អារឈើ​ក្នុង​ព្រៃ​នៅ​ចំណុច​អូរ​បាក់​.កនោះ ហើយ​រឹបអូស​បាន​ម៉ាស៊ីន​ដៃ​អារឈើ​(​ដង់​ស៊ឺ​ន័​រ​)​ជា​ច្រើន​គ្រឿង រួម​ទាំង​អាវុធ​កែ​ច្នៃ២​ដើម​ផង​ដែរ ។

មន្ត្រី​នគរបាល​នោះបាន​បន្ត​ឲ្យ​ដឹង​ថា ដោយសារ​តែ​ពេល​យប់​ឈាន​មក​ដល់ក្រុម​របស់​ខ្លួន​ក៏​បាន​បោះ​តង់​សម្រាក​កណ្តាល​ព្រៃ លុះដល់​រំលង​អធ្រា​ត្រ ក៏​មាន​ហេតុការណ៍​នេះ​កើតឡើងតែ​ម្តង ។

លោកនាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ទី​៤ និង​ទិស​ទី​៥ នា​រសៀល​ថ្ងៃ​ទី​០៨ ​វិច្ឆិកា​ បាន​ដឹកនាំ​ប្រតិភូ​មន្ត្រី​នគរបាល​ជាតិ​ប្រចាំ​ទិស​ទី​៤ ចូលរួម​គោរព​វិញ្ញាណ​ក្ខន្ធ បំពាក់​កម្រងផ្កា ​និង​បំពាក់​ឋានន្តរសក្តិ​កិច្ច​ប​ច្ឆា​មរណៈ​ជូន​ដល់​សព ពលបាលឯក សាប់ យស់ នាយ​រង​ផ្នែក​សន្តិសុខ​នៃ​អធិការដ្ឋាន​ស្រុក​ឆែប ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​ព្រឹត្តិ​ហេតុ​នោះ ។

សព​អនុសេនីយ៍ត្រី សាប់ យស់ ត្រួ​វ​បាន​ក្រុម​គ្រួសារ​ និង​មានការ​ជ្រោមជ្រែង​ពី​គណៈ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ រៀបចំ​ពិធីបុណ្យ​ទក្ខិណានុប្បទាន នៅ​ទីរួមស្រុក​ឆែប ខេត្តព្រះវិហារ តែ​ម្តង និង លោក សៀង ណា​រ៉ុ​ង មន្ត្រី​រដ្ឋបាល​ព្រៃឈើ ជា​ប្រធាន​ក្រុម​ល្បាត (​ស្លាប់​) ។

នៅ​ក្នុង​ដំណើរ​ចូលរួម​កាន់​មរណទុក្ខ​នេះ ក្នុង​នាម​តំណាង​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ បាន​នាំ​យក​ថវិកា​ជូន​ដល់​សព​អនុសេនីយ៍ត្រី សាប់ យស់ ៤​លាន​រៀល ជួយ​រំលែក​នូវ​ការ​ខ្វះខាត​ដល់​គ្រួសារ​សព និង​ភ្ជាប់​ជាមួយ​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ៤​លាន​រៀលបន្ថែម​ទៀត និង​មាន​អំណោយ​ជា​ស្បៀងអាហារ​មួយ​ចំនួន​ទៀត​ផង​ដែរ៕
     ​