​មាន​ជំងឺ​តេ​តា​ណុ​ស លង់ទឹក​ស្លាប់ ទាល់តែ​រលួយ ទើប​ដឹង​

បន្ទាយមានជ័យ: ជនរងគ្រោះ​ម្នាក់ ដែលមាន​ជម្ងឺ​តេ​តា​ណុ​ស បាន​លង់ទឹក​ស្លាប់ ទាល់តែ​រលួយ ទើប​គេ​រក​សព​ឃើញ កាលពី​ម៉ោង ៦ ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា បន្ទាប់ពី​ស្លាប់ នៅ​អណ្ដូងទឹក​ក្នុង​បរិវេណ​វត្ត​ព្រះ​ពន្លា ភូមិ​-​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​
     
​លោក សុខ  ថៃ មេ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល សង្កាត់​ព្រះ​ពន្លា បានអោយដឹងថា​: គេ​បាន​ប្រទះឃើញ សាកសព​លង់ទឹក ស្អុយរលួយ​។ បុរស​នោះ គេ​ស្គាល់​ថា ឈ្មោះ វ៉ាន មិច អាយុ​៤៩​ឆ្នាំ មុន​ស្លាប់ រស់នៅ​ភូមិ​ព្រះ​ពន្លា ។​
   
​ក្រុម​បងប្អូន​សាច់ញាតិ​នៃ​សព បានអោយដឹងថា​: បុរសរងគ្រោះ មាន​ជំងឺ​តេ​តា​ណុ​ស ប្រចាំកាយ ហើយ​ពុំដែល​បាន​ចាក់​ថ្នាំ​ការពារ​ទេ ហើយ​គាត់​តែងតែ​ផឹកស្រា ជាប្រចាំ​ដែរ​។ បុរស​នេះ បាន​លែងលះ​នឹង​ប្រពន្ធ ៤ ឆ្នាំ​ហើយ  តែមាន​កូន​នៅ​ជាមួយគ្នា ៣​នាក់ ។​
   
​ប៉ូលិស បាន​សន្និដ្ឋានថា ជនរងគ្រោះ អាច​ស្លាប់​ជាង ២០ ថ្ងៃ​ហើយ  តែ​ពុំទាន់​ដឹង​ពី​មូលហេតុ ពិតប្រាកដ​ទេ​៕V/S