​នារី​ម្នាក់ ទើប​ត្រឡប់​មកពី ប្រទេស​ម៉ាឡេស៊ី ចងក​សម្លាប់ខ្លួន ក្នុង​បន្ទប់ទឹក​

ត្បូងឃ្មុំ: នារី​ម្នាក់ ត្រូវបាន​ក្រុមគ្រួសារ ប្រទះឃើញ​ចងក សម្លាប់ខ្លួន​នឹង​ខ្សែ​អង្រឹង ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​របស់ខ្លួន មិនដឹង​មូលហេតុ បន្ទាប់ពី​បាន​វិលត្រឡប់​មកពី​ធ្វើការ ជា​កម្មការិនី​បម្រើ​តាម​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ ដោយ​មិន​ស្របច្បាប់ ពេលមកដល់​ផ្ទះ​វិញ នារី​រងគ្រោះ មាន​អារម្មណ៍ មិន​ប្រក្រតី  ។​

​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង នៅ​ចន្លោះ​ម៉ោង ៤ ទៅ​ម៉ោង​៥ ល្ងាច ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​ក្បាល​អូរ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​បើតាម​មន្ត្រីនគរបាល ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នារី​ដែល​បាន​ចងក​ធ្វើអត្តឃាត ឈ្មោះ ញ៉ ស្រី​លីម អាយុ​៣០ ឆ្នាំ នៅ​លីវ រស់នៅ​ផ្ទះ កើតហេតុ​ខាងលើ​។​

​លោក​វរសេនីយ៍ត្រី ឡុង សារិន អធិការ រង​នគរបាល ស្រុក​ត្បូងឃ្មុំ បាន​បញ្ជាក់ថា នៅក្នុង​អំឡុង​ឆ្នាំ​២០០៨ នារី​រងគ្រោះ បាន​ចេញពី​លំនៅដ្ឋាន ទៅធ្វើ​ការ​ជា​កម្មការិនី​បម្រើ តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​មិន​ស្របច្បាប់​។ លុះដល់​ខែមេសា ឆ្នាំ​២០១៥ រដូវចូលឆ្នាំ នារី​រងគ្រោះ ក៏បាន​វិល​ត្រឡប់មកផ្ទះ​វិញ​។ ចាប់ពី​ពេលមកដល់​ផ្ទះ នារី​រងគ្រោះ មាន​អារម្មណ៍ មិន​ប្រក្រតី ឃើញ​ដូច្នេះ​ឪពុកម្តាយ បាន​ខិតខំ​ព្យាយាម​ព្យាបាល ដោយ​ប្រើ​ថ្នាំ​សរសៃប្រសាទ​ប៉ុន្តែ​នារី​រងគ្រោះ ហាក់​មិន​ធូរស្រាល​។​

​ប្រភព​ដដែល បាន​បន្តថា មុនពេល​កើតហេតុ ឪពុកម្តាយ នារី​រងគ្រោះ បាន​ចេញពីផ្ទះ ទៅ​បាច​ជី​ស្រូវ នៅឯ​វាលស្រែ ទុក​ឲ្យ​នារី​រងគ្រោះ នៅផ្ទះ​តែម្នាក់ឯង​។ លុះ​ដល់ពេល​កើតហេតុ ឪពុកម្តាយ​របស់​នារី​នោះ បាន​ត្រឡប់មក​ដល់ផ្ទះ​វិញ មិនឃើញ​កូនស្រី ក៏​ស្រែកហៅ និង​ដើររក ក៏​ឃើញ​នៅ​បន្ទប់ទឹក​ក្រោមផ្ទះ​របស់គាត់​បិទទ្វារ​ដាក់​គន្លឹះ ខាងក្នុង ពួកគាត់​ក៏​ទំលាយ ទ្វារ​បន្ទប់​ចូលទៅ ក៏​ឃើញ​កូនស្រី​របស់គាត់​ចងក សម្លាប់ខ្លួន​នឹង​ធ្នឹម ក្នុង​បន្ទប់ទឹក ស្លាប់​បាត់ទៅហើយ​​រួច​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​។

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ស្រុក បាន​ចុះមក​ពិនិត្យ លើ​ខ្លួន​សាកសព យ៉ាង​ល្អិតល្អន់ តែ​មិនឃើញ​មាន​អ្វី​ប្លែក​ទេ ហើយក៏​អះអាងថា ករណីនេះពិតជា​ចងក ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ពិតមែន មិនមាន​អ្វី​ផ្សេង​ទេ ហើយក៏​ប្រគល់ ជូន​ក្រុមគ្រួសារ​៕V/S