រុស្ស៊ី និង​អង់គ្លេស​នាំ​ប្រជាជន​ខ្លួន​មក​ស្រុកកំណើត​វិញ បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​ដ៏​ប្រល័យ

រុស្ស៊ី និង​អង់គ្លេស​នាំ​ប្រជាជន​ខ្លួន​មក​ស្រុកកំណើត​វិញ បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​ដ៏​ប្រល័យ

អ្នក​ទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់​មើល​ទៅ​តារាង​ព័ត៌មាន​ហោះហើរ​នៅ​ព្រលានយន្តហោះ​ក្រុង Sharm el-Sheikh ប្រទេស​អេហ្ស៊ីប​ នា​ថ្ងៃ​ទី០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ក្រុម​អ្នក​កម្សាន្ត​វិស្សមកាល​អឺរ៉ុប​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ក្រុង​ សម្រាកកាយ​ Sharm el-Sheikh ​នៃ​ប្រទេសអេហ្ស៊ីប ​បន្ទាប់​ពីគ្រោះមហន្តរាយ​អាកាសចរណ៍​មួយ ​ដែល​បាន​បណ្តាល​ឲ្យ​អ្នក​ទេសចរ​រុស្សី​រាប់​រយ​នាក់បាត់បង់​ជីវិត​កាល​ពី​ដំណាច់​ខែ​តុលា។

លោក Philip Hammond រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អង់គ្លេស​បាននិយាយ​ថា​ នៅ​ដំណាច់​ថ្ងៃ​អាទិត្យ​មាន​ពលរដ្ឋ​អង់គ្លេស​ ៥.០០០​នាក់​បាន​ចាកចេញ​ពី​ក្រុង​សម្រាកកាយ​នេះ​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ក្រហម។ ក៏​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ស្ថានទូត​អង់គ្លេស​នៅ​ក្នុង​ក្រុង​គែរ​មាន​ការ​ប្រុងប្រយ័ត្ន​អំពី​ការ​ដាក់​ឈ្មោះ​ការ​ចាកចេញ​ដំណើរនេះ។

ស្ថានទូត​អង់គ្លេស​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា«ប្រទេស​អង់គ្លេស​មិនបាន​ជម្លៀស​អ្នកទេសចរ​ខ្លួន ​មុន​ពេល​ពួក​គេ​បញ្ចប់​វិស្សមកាល​ពួកគេ​ទេ។ ​វិធានការ​ដែល​យើង​បាន​កំណត់​កាល​ពី​ម្សិលមិញ​ និង​ថ្ងៃ​នេះ​ជាមួយ​អាជ្ញាធរ​អេហ្ស៊ីប និង​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​នឹង​អនុញ្ញាត​ឲ្យ​យើង​ដឹកជញ្ជូន​ប្រជារាស្ត្រ​អង់គ្លេស​ទៅ​ផ្ទះវិញ​ ដោយ​សុវត្ថិភាពនៅពេល​បញ្ចប់វិស្សមកាល​របស់​ពួកគេ»។

កាល​ពី​សប្តាហ៍មុនលោក​ប្រធានាធិបតី​ Vladimir Putin បាន​បញ្ជាដល់​រដ្ឋាភិបាល​លោក​ឲ្យ​សម្រួល​មាតុភូមិនិវត្តន៍​នៃ​ក្រុម​អ្នក​ធ្វើ​ដំណើរ​រុស្សី​ពី​ប្រទេស​អេហ្ស៊ីប។​ កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​ឧប​នាយករដ្ឋមន្ត្រី​រុស្សី​ Arkady Dvorkovich បាន​និយាយ​ថា ​មាន​ប្រជារាស្ត្រ​រុស្សី​រហូត​ដល់ ៨០.០០០​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេសអេហ្ស៊ីប គឺ​មាន​ពីរ​ដង​ច្រើន​ជាង​ចំនួន​ដែល​បាន​ត្រូវ​ប៉ាន​ប្រមាណ​ពី​ពេល​មុន៕