សិទ្ធិសេរីភាព​នៃ​ការប្រមូលផ្ដុំ​និង​សិទ្ធិ​ធ្វើបាតុកម្ម​នៅ​កម្ពុ​ជាមាន​ភាពលំអៀង​

​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​លោក ម៉ៃ​ណា គី​អៃ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សេរីភាព​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី និង​ការបង្កើត​សមាគម​បានបង្ហាញ​ពី​ជំហរ​របស់លោក ចង់ឃើញ​រដ្ឋាភិបាល​ក​ម្ពុ​ជា​គោរព​សិទ្ធិសេរីភាព​នៃ​ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី​និង​មិន​លំអៀង​។ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​រូបនេះ ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​សិទ្ធិ​ធ្វើបាតុកម្ម​និង​សិទ្ធិ​ប្រមូលផ្ដុំ​ដល់​មនុស្ស​គ្រប់រូប​ឲ្យ​បាន​ស្មើគ្នា មិន​លំអៀង​ទៅរក​ក្រុម​ណាមួយ​ឡើយ​។ អនុសាសន៍​របស់លោក ម៉ៃ​ណា គី​អៃ បែបនេះ​ត្រូវគេ​កត់សម្គាល់ថា ការឡើង​បន្ទាប់ពី​បាតុកម្ម​របស់​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ពុំមាន​ការបង្ក្រាប​ពី​សមត្ថកិច្ច ចំណែក​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​និង​ក្រុម​សង្គម​ស៊ីវិល​ឬ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​នាពេល​កន្លងមក​តែងតែ​ប្រឈម​នឹង​ការបង្ក្រាប​យ៉ាង​ព្រៃផ្សៃ​។​

​នៅក្នុងពេល​ជួប​ក្រៅផ្លូវការ​ជាមួយ​ក្រុមយុវជន​កាហ្វេ​នយោបាយ ព្រះសង្ឃ សមាជិក​គណបក្សនយោបាយ ព្រមទាំង​មន្ត្រី​សង្គម​ស៊ីវិល​ក្នុងស្រុក​និង​អន្តរជាតិ កាលពី​រសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ម៉ៃ​ណា គី​អៃ បាន​លើកឡើងថា​«​បាតុកម្ម​ត្រូវតែមាន​ការការពារ​ដោយ​ស្មើភាព​គ្នា មិនមែន​រើសអើង​ប្រកាន់​បក្ខពួក​នោះទេ​។ គ្រប់គ្នា​ដែល​រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​សិទ្ធិ​ធ្វើបាតុកម្ម​និង​សិទ្ធិ​នៃ​ការប្រមូលផ្ដុំ ហើយ​យើង​ត្រូវការពារ​សិទ្ធិ​ធ្វើបាតុកម្ម​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​ទន្ទឹមនឹងនេះ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ ជនជាតិ​អាល្លឺម៉ង់ រួមទាំង​មនុស្ស​គ្រប់រូប​សុទ្ធ​តែមាន​សិទ្ធិ​ធ្វើបាតុកម្ម​ដូចគ្នា វា​ជា​សិទ្ធិ​នៃ​ភាពជា​មនុស្ស​តែម្តង​»​។ ការលើកឡើង​របស់​ម​ន្ត្រី​អង្គការសហប្រជាជាតិ​បែបនេះ គឺ​កើតឡើង​ស្រប​ពេលដែល​ថ្មីៗ​នេះ​បាតុកម្ម​របស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ មាន​ជនដៃដល់​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ឲ្យ​រងរបួស​ធ្ងន់​។

ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​និង​អ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​កត់សម្គាល់ថា កន្លងមក​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការប្រមូលផ្ដុំ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី តែងតែ​ប្រឈម​នឹង​ការបង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ពី​ក្រុម​សន្តិសុខ​បាតដៃ​ទី​៣​។ ប៉ុន្តែ​បាតុកម្ម​របស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ទាមទារ​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ បែរ​ជាមាន​មន្ត្រី​អាជ្ញាធរ​ចូលរួម​ការពារ​និង​សម្រួល​សន្តិសុខ​បាន​យ៉ាង​ល្អ​បំផុត​។ ប្រការ​នេះហើយ​ដែល​លោក ម៉ៃ​ណា គី​អៃ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សេរីភាព​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី បាន​ជំរុញ​ឲ្យ​អ្នកនយោបាយ​កម្ពុជា​ត្រូវ​អត់ធ្មត់​និង​ឈរលើ​គោលការណ៍​អហិង្សា ជាពិសេស​ប្រើប្រាស់​សិទ្ធិ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ដើម្បី​ផលប្រយោជន៍​ជាតិ​។ ដោយហេតុថា វា​ជា​រឿង​ចាំបាច់​ដែល​គូរ​ប្រជែង​នយោបាយ​នៅ​កម្ពុជា​គ្រប់ភាគី ត្រូវ​មានចិត្ត​អត់ធ្មត់​និង​គោរព​គ្នា​ទៅវិញទៅមក​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត មិន​ត្រូវយក​អំពើហិង្សា​ទៅប្រើ​ក្នុង​ល្បែង​នយោបាយ​របស់ខ្លួន​នោះទេ​៕

2340000682_84f645e66aលោក ម៉ៃណា គីអៃ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ 12190794_710873605681271_5666546328394570355_nក្រុមជនដៃដល់ប្រើហិង្សាទៅលើអ្នកតំណាងរាស្រ្ត ញ៉យ ចំរើន